ខេត្តពោធិ៍សាត់ ៖ សមិទ្ធផលពុទ្ធិកវិទ្យាល័យពោធិ៍សាត់ និងព្រះវិហារថ្មីសន្លាង ក្នុងវត្តពាលញែក ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលទើបស្ថាបនារួច បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៦ កក្កដា ២០១២ ក្រោមអធិបតីភាពលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះ ក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត ។
លោកឆាយ ម៉ាទីណាល់ អភិបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា វត្តពាលញែកនេះបានកកើតឡើងតាំងពីឆ្នាំ១៩៣០មកម៉្លេះ គិតមកដល់បច្ចុប្បន្នមានអាយុកាល៨២ឆ្នាំហើយ ដែលកាលនោះមានព្រះគ្រូចៅអធិការព្រះនាមហេម បានចលនាពុទ្ធបរិស័ទកាប់ឆ្ការព្រៃ និងមានស្នាមដំរីឈ្មោះអាពាលបានដើរទន្ទ្រានញែកព្រៃនេះ ។ វត្តនេះត្រូវបានបំផ្លាញដល់ឫសគល់ក្នុងរបបបនប្រល័យពូជសាសន៍ និងបានចាប់ផ្តើមកសាងឡើងវិញក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដែលដំបូងពុទ្ធបរិស័ទទាមទារសុំវត្តនេះជាវត្តធម្មយុត្ត ប៉ុន្តែលោករស់ ស្រេង កាលនោះជាអភិបាលខេត្តបានប្រគល់វត្តពាលញែកចាស់ជំនួសវិញហើយទុកវត្តពាលញែកនេះជាវត្តមហានិកាយដដែល ។ ដោយសារវត្តនៅក្នុងក្រុងនេះមិនសូវមានការរីកចម្រើន ព្រះតេជគុណ រុន សុភា រិន្ទ សមុហគណខេត្ត បានសុំឱ្យព្រះតេជគុណនៅ សុគន្ធថៃ ហៅលោកតាហួរ គង់នៅវត្តហង្សាបីតិ ហៅព្រែកស្តី ជួយជ្រោមជ្រែងសង់ព្រះវិហារមួយ ។
លោកអភិបាលក្រុងពោធិ៍សាត់បានថ្លែងទៀតថា ពេលនោះព្រះតេជគុណនៅ សុគន្ធថៃ ហៅលោកតាហួរ ទទួលយក និងបានផ្តើមធ្វើកឋិនទានមួយតាមរយៈអាណិកជនខ្មែររស់នៅប្រទេសបារាំងនិងពុទ្ធបរិស័ទនៅក្នុងស្រុកហើយបានថវិកាកសាងព្រះវិហារនេះឡើងនៅថ្ងៃទី២១ មករា ២០១១ ដែលមានបណ្តោយ២៧ម៉ែត្រ ទទឹង១៥ម៉ែត្រ ចំណាយអស់ថវិកាសរុប១៨៩.៤៥០ដុល្លារ និង៧១.៥០១.០០០រៀល ក្នុងនោះលោកស៊ុយ សែម និងលោកជំទាវ បានចូលរួម៥.០០០ដុល្លារ និងក្រុមហ៊ុន MDS ២០.០០០ដុល្លារ ។ ក្រៅពីនេះ យើងបានចាក់ដីបំពេញទីធ្លាអស់ថវិកា៤៩.៣១០.០០០រៀលផងដែរ ។ ដោយឡែក អគារសាលាពុទ្ធិកវិទ្យាល័យពោធិ៍សាត់មានទំហំ៤០ម៉ែត្រ×៩ម៉ែត្រ ចំណាយអស់ថវិកាសរុប១១១.៧៧៦ដុល្លារ ក្រោមការផ្តល់ថវិការបស់សម្តេចតេជោហ៊ុន សែន និងលោកជំទាវ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត លោករដ្ឋមន្ត្រីស៊ុយ សែម និងលោកជំទាវ ព្រមទាំងព្រះតេជគុណព្រះសង្ឃ ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសជាច្រើនទៀត ។
លោករដ្ឋមន្ត្រីស៊ុយ សែម ថ្លែងថា ថ្ងៃនេះវត្តពាលញែក បានធ្វើពិធីកាត់ឫសសីមាព្រះវិហារ និងកាត់ខ្សែបូសម្ពោធសាលាពុទ្ធិកវិទ្យាល័យពោធិ៍សាត់ ដែលកើតចេញពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទយើងគ្រប់ទិសទី ដែលមានជំនឿលើព្រះពុទ្ធសាសនា។ មនុស្សរាប់លាននាក់ ត្រូវបានសម្លាប់ និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធបានរលាយសាបសូន្យ ដោយរបបប៉ុលពត នេះដោយសារយើងជ្រើសរើសអ្នកដឹកនាំប្រទេសខុស។ លោកបន្តថា បើយើងជ្រើសរើសអ្នកដឹកនាំប្រទេសខុសដូចប៉ុល ពត ធ្វើឱ្យប្រទេសជាតិធ្លាក់ទៅមហន្តរាយខ្ទេចខ្ទី តែបើយើងជ្រើសរើសអ្នកដឹកនាំត្រូវដូចសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សព្វថ្ងៃនេះ ប្រទេសជាតិសប្បាយរុងរឿងរីកចម្រើន ។ ប្រទេសជាតិរីកចម្រើនដោយសារមានសន្តិភាពនិងធនធានមនុស្សជាចម្បង ដូចប្រទេសសិង្ហបុរីជាដើម ។
ព្រះតេជគុណនៅ សុគន្ធថៃ ហៅលោកតាហួរ ជាព្រះសង្ឃមួយអង្គដែលមានប្រជាប្រិយភាព និងឥទ្ធិពល ធ្វើឱ្យអ្នកកាន់ព្រះពុទ្ធសាសនាមានជំនឿជឿជាក់តាមរយៈស្នាដៃសមិទ្ធផលជាច្រើនដែលព្រះអង្គបានកសាង ។ ដូច្នេះហើយទើបពេលនេះ ព្រះវិហារដ៏ស្កឹមស្កៃមានរចនាបថខ្មែរដ៏ល្អប្រណីតបានលេចចេញជារូបរាងឡើងនៅក្នុងវត្តពាលញែកនេះ ។ ចំណែកសាលាពុទ្ធិកវិទ្យាល័យពោធិ៍សាត់គឺជាមូលដ្ឋានគ្រឹះសម្រាប់បណ្តុះចំណេះដឹងដល់ព្រះសង្ឃដែលបួសគ្រប់គ្រងការងារសាសនាផង ក្រេបជញ្ជក់ចំណេះវិជ្ជាបច្ចេកទេសវិទ្យាសាស្ត្រឱ្យទាន់សម័យកាលរីកចម្រើនរបស់ពិភពលោកផង ។
លោករដ្ឋមន្ត្រីបានសូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ តាមវត្តអារាមនានាក្នុងខេត្តពោធិ៍សាត់ប្រតិបត្តិវិន័យសង្ឃឱ្យបានតាមពុទ្ធឱវាទ ដើម្បីស័ក្តិសមតាមការគោរពថ្វាយបង្គំរបស់ពុទ្ធបរិស័ទ និងជួយថែរក្សាសមិទ្ធផលដែលកើតឡើងឱ្យបានគង់វង្សបន្តដល់កូនចៅជំនាន់ក្រោយ ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីស៊ុយ សែម បានបំពាក់គ្រឿងឥស្សរិយយសដល់ព្រះសង្ឃនិងសប្បុរសជនដែលមានស្នាដៃក្នុងការជួយកសាង និងបានចែកអំណោយដល់លោកយាយលោកតាចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស២ម៉ែត្រនិងថវិកា៥.០០០រៀល៕
ចែករំលែកព័តមាននេះ