ខេត្តក្រចេះ ៖ មន្ត្រីប៉ូលិសស្រុកស្នួល កាលពីថ្ងៃទី១៣ កក្កដា បានចាប់ឃាត់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្ត ក្រោយពីបុរសរូបនេះបានព្យាយាមរត់គេចខ្លួនអស់ជាច្រើនឆ្នាំ បន្ទាប់ពីបានចាប់រំលោភកូនស្រីបង្កើតរហូតមានផ្ទៃពោះ៦ខែ បុរសជាប់ចោទជាឪពុកតិរច្ឆានដែលត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួននេះឈ្មោះឌីម ឃីម អាយុ៦០ឆ្នាំ មានទីលំនៅភូមិឃ្សឹមក្នុង ឃុំឃ្សឹម ស្រុកស្នួល ហើយមានកូនចំនួន៨នាក់ ស្រី២នាក់ រីឯក្មេងស្រីរងគ្រោះអាយុ២១ឆ្នាំ ជាកូនស្រីច្បង ។
លោកអនុសេនីយ៍ទោប៊ុត នឿន អធិការរងកណ្តាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានឱ្យដឹងថា ជនជាប់ចោទខ្លួនមនុស្ស ចិត្តសត្វរូបនេះត្រូវបានកម្លាំងអធិការស្រុកចាប់ឃាត់ខ្លួនតាមដីកាលេខ២៣៦ ចេញដោយលោក ជា ភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ ។
មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា ជនម្នាក់នេះជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតរបស់ខ្លួនជាកូនស្រីទី១រហូតបានសម្រេចជាច្រើនលើកបណ្តាលឱ្យមានផ្ទៃពោះ៦ខែ ទើបបែកការណ៍ដល់ស្ត្រីជាម្តាយ ។
លោកអធិការរង ប៊ុត នឿន បានឱ្យដឹងទៀតថា ក្រោយពីបែកធ្លាយករណីចាប់រំលោភកូនស្រីបង្កើតភ្លាមស្ត្រីជាម្តាយនិងកូនស្រីរងគ្រោះក៏បានប្តឹងនគរបាលស្រុក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៩កន្លងទៅ ហើយក្រោយពីដឹងហេតុការណ៍មិនស្រួលជនអគតិនេះបានរត់គេចខ្លួនរហូត ដែលគិតមកទល់ពេលនេះ គឺមានរយៈពេលជាង២ឆ្នាំហើយ តែត្រូវបានកម្លាំងនគរបាលស្រុកតាមចាប់ខ្លួនបាននៅថ្ងៃទី១៣ កក្កដា នេះទៅតាមដីការបស់សាលាដំបូងខេត្ត ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះជាកូនស្រី គឺមានផ្ទៃពោះចំនួន៦ខែ និងត្រូវបានគេសុំកូននោះយកទៅចិញ្ចឹមក្រោយពីសម្រាលរួច ។
លោកអធិការរងបានឱ្យដឹងទៀតថា ក្រោយពីចាប់ខ្លួន ជនម្នាក់នេះត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីគ្មានការលើកលែង ឬបន្ធូរបន្ថយឡើយ ៕
ចែករំលែកព័តមាននេះ