រាជធានីភ្នំពេញ ៖ មិនមានចេតនាធ្វើឱ្យនរណាម្នាក់បាត់បង់សេចក្តីថ្លៃថ្នូរទេ តែជាការចូលរួមផ្តល់នូវការបារម្ភមួយ ដែលស្ត្រីរូបស្រស់ម្នាក់បែរជាដេកក្នុងរថយន្ត ដោយបញ្ឆេះម៉ាស៊ីនរថយន្តចោលមុខស្ថានទូតបារាំង វេលាយប់អធ្រាត្រដែលគេសង្ស័យថា ស្ត្រីនោះទំនងជាស្រវឹងធ្លាក់ភ្នែកខ្លាំងណាស់ហើយ ទើបមិនអាចបើករថយន្តទៅមុខទៀតបានក៏ឈប់អែបរបង ហើយដេកលក់យ៉ាងស្កប់ស្កល់ នៅក្នុងរថយន្តរបស់ខ្លួន ។ ស្ត្រីរូបនេះ តាមមើលឃើញ គឺស្រស់ស្អាតមានអាយុប្រហែល២០ប្លាយឆ្នាំ និងមិនស្គាល់អត្តសញ្ញាណនោះទេ ។
អ្នកឆ្លើយឆ្លងព័ត៌មានពេលរាត្រីបានរាយការណ៍ថា ស្រីស្អាតរូបនេះជិះរថយន្តម៉ាកកាមរីឆ្លាមមកឈប់អែបនៅមុខស្ថានទូតបារាំងតាមបណ្តោយមហាវិថីព្រះមុនីវង្ស ហើយដេកលក់យ៉ាងស្កប់ស្កល់ក្នុងរថយន្តរបស់ខ្លួនដែលមិនបិទភ្លើង និងមិនពន្លត់ម៉ាស៊ីនទេ ធ្វើឱ្យប៉ូលិសយាមនៅមុខស្ថានទូតបារាំងភ្ញាក់ផ្អើល ស្មានតែនាងត្រូវសន្លប់នៅក្នុងរថយន្ត ហើយក៏ខ្លាចមានបញ្ហាអ្វីមួយកើតមាននៅមុខស្ថានទូត ដែលខ្លួនយាមទទួលខុសត្រូវ ។ ភ្លាមៗនោះប៉ូលិសបានព្យាយាមទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍ ព្រោះវាខុសប្រក្រតីពេក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ កក្កដា នៅតាមមហាវិថីព្រះមុនីវង្ស តាមបណ្តោយរបងថ្មដ៏ខ្ពស់មុខស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសយាមការពារនៅមុខស្ថានទូតបារាំងបានឱ្យដឹងថា ស្ត្រីរូបនេះបានជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ មួយគ្រឿង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ស្រាប់តែមកដល់ទន្ទឹមស្ថានទូតក៏បើករថយន្តឡើងលើចិញ្ចើមផ្លូវអែបជាប់របងស្ថានទូត ក៏បានចតរថយន្ត អត់ឃើញមានមនុស្ស ចេញទេ ។ លុះដើរទៅជិតអើតមើលក៏ឃើញគាត់ដេកលក់យ៉ាងស្កប់ស្កល់ ទំនងជាស្រវឹងជោកមកពីកន្លែងណាមួយ ព្រោះពេលគោះទ្វារហៅយ៉ាងណាក៏មិនព្រមភ្ញាក់ដែរ ។ មន្ត្រីប៉ូលិសបាននិយាយថា ស្រីស្អាតរូបនេះ មុនពេលឈប់រថយន្តដេក បានចុចបិទសោទ្វារជាប់មិនអាចបើកបានទេ ។
មានការកត់សម្គាល់ថា ករណីដូចគ្នានេះ កាលពីពេលកន្លងមក មានអ្នកឈប់រថយន្តទីសាធារណៈបែបនេះ ហើយដេកលង់លក់ដោយមិនបានបិទសោទ្វារធ្វើឱ្យមានជនឆក់ឱកាសលបបើកទ្វាររថយន្តលួចយកទូរស័ព្ទដៃ កាបូបលុយ និងទ្រព្យសម្បតិ្តមួយចំនួន ។ ជាញយដងហើយដែលករណីបែបនេះតែងតែកើតឡើងនៅតាមដងវិថីនានាពេលយប់ ព្រោះតែស្រវឹងពេកបើកបរលែងកើត ហើយតែងតែធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីប៉ូលិស និងអ្នកធ្វើចរាចរណ៍តាមដងផ្លូវ ៕
ចែករំលែកព័តមាននេះ