ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានជិះម៉ូតូបុកឆ្កែបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់បែកមុខបែកមាត់បែកចិញ្ចើម និងបែកក្បាលសន្លប់ស្តូកស្តឹងម្នាក់ឯងក្បែរចិញ្ចើមថ្នល់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ កក្កដា លើកំណាត់ផ្លូវជាតិលេខ៥ខាងមុខហាងស៊ុបមួយកន្លែង ស្ថិតក្នុងភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ ហេង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិវត្តពោធិ៍ ឃុំអន្លង់វិល ស្រុកកណ្តៀង ជាអ្នករត់ម៉ូតូឌុប ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនិយាយថា នៅវេលាម៉ោងខាងលើ គេឃើញបុរសឈ្មោះហេងជិះម៉ូតូម្នាក់ឯងយ៉ាងលឿនលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ខាងមុខហាងលក់ស៊ុប ស្រាប់តែមានឆ្កែដេញខាំគ្នារត់កាត់ថ្នល់ ចាប់ហ្វ្រាំងមិនទាន់ក៏បុកតែម្តង បណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹងម្នាក់ឯង ចំណែកឆ្កែរត់ចូលផ្ទះព្រុសពេញភូមិ ។
អ្នកជិះម៉ូតូបានរងរបួសបែកក្បាល បែកមាត់ បែកចិញ្ចើម ហូរឈាមជោកអាវសន្លប់ស្តូកស្តឹងត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ចំណែកម៉ូតូម៉ាកហុងដា ពណ៌ទឹកប៊ិច សេ១០០ ស៊េរី២០០១ គ្រាន់តែបែកស្តុប វៀចឈ្នាន់ខូចខាតតិចតួចប៉ុណ្ណោះ ។
នៅពេលលើកដាក់លើម៉ូតូយកទៅព្យាបាលបុរសនោះបានក្អួត មិនដឹងថាការក្អួតនេះបណ្តាលមកពីប៉ះពាល់ផ្នែកក្បាលខ្លាំង ឬស្រវឹងស្រាខ្លាំងនោះទេ ។ គ្រោះថ្នាក់ចរាចរណ៍បុកឆ្កែនេះ គេតែងនិយាយលេងថា «ជនរងគ្រោះរត់គេចខ្លួន ជនល្មើសដេកពេទ្យ» ៕
ចែករំលែកព័តមាននេះ