ខេត្តស្ទឹងត្រែង ៖ គរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែងចំនួន៣នាក់ បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈរថយន្តកាមរីគូទស្វិតបើកបុកជាមួយម៉ូតូ បណ្តាលឱ្យគរុសិស្ស២នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៧អា ចំណុចគីឡូមែ៉ត្រលេខ១៥ មានចម្ងាយពីអូរពងមាន់ប្រមាណ៣គីឡូម៉ែត្រ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ កក្កដា ។
ប្រភពពីកន្លែងកើតហេតុនិយាយថា មុនពេលជួបគ្រោះថ្នាក់ខាងលើនេះ គរុសិស្ស៣នាក់ ជិះម៉ូតូម៉ាកស្មាសសេ៊រី២០១១ ពណ៌ក្រហម គ្មានស្លាកលេខ ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង ស្របពេលកំពុងបើកបរ ស្រាប់តែមានរថយន្តម៉ាកកាមរីគូទស្វិត មួយគ្រឿង ពណ៌ស បានបើកបោះពួយមកពីក្រោយយ៉ាងលឿនវ៉ាម៉ូតូជនរងគ្រោះហួសទៅមុខបន្តិចក៏បង្អង់ល្បឿន ខណៈនោះម៉ូតូបម្រុងវ៉ារថយន្ត តែរថយន្តបានបត់ក៏បណ្តាលឱ្យបុកជាមួយម៉ូតូជនរងគ្រោះពេញទំហឹង ធ្វើឱ្យយុុវជនទាំងបីនាក់ខ្ទាតចេញពីម៉ូតូរងរបួសជាទម្ងន់ត្រូវបានម្ចាស់រថយន្តខាងលើដឹកទៅសង្គ្រោះ ។គរុសិស្សដូចគ្នាឱ្យដឹងថា គរុសិស្សដែលរងគ្រោះទាំងបីនាក់នោះ ទើបតែបញ្ចប់វគ្គសិក្សា ត្រូវវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ដើម្បីបំពេញតួនាទីជាគ្រូបង្រៀនតែបែរជាជួបគ្រោះអកុសលបែបនេះទៅវិញ ។
មន្ត្រីនគរបាលចរាចរបានឱ្យដឹងថា ជនរងគ្រោះទាំងបី ១-ឈ្មោះ រ័ត្ន នៅ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសេរីរដ្ឋ ឃុំស្រែសំគង់ ស្រុកកោះញែក ខេត្តមណុ្ឌលគិរី រងរបួសស្រាល ២-ឈ្មោះ ហ៊ួន វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បែកច្រមុះរយះថ្ងាស់ឆ្វេង និងជើងស្តាំរបួសធ្ងន់ និង៣-ឈ្មោះ នេត តុលា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ជាអ្នកបើកម៉ូតូរងរបួសធ្ងន់ជាងគេ ដាច់បាតជើងដល់ឆ្អឹង ដាច់មេជើងមួយ ។ អ្នកទាំងបីជាគរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ទើបប្រឡងចេញបញ្ចប់វគ្គ សិក្សា ។ ចំណែកអ្នកបើករថយន្តឈ្មោះម៉ៅ សារ៉េត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិរាជា នុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ក្រោយពេលកើតហេតុ គេឃើញកម្លាំងនគរបាលចរាចរជើងគោកបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនាំយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បី ដោះស្រាយ ៕
ចែករំលែកព័តមាននេះ