រាជធានីភ្នំពេញ ៖ សិស្សស្ទាវពីរក្រុមបានដេញកាប់ចាក់គ្នា និងដុតម៉ូតូមួយគ្រឿងនៅមុខផ្ទះលេខ៣៩ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ មិថុនា ២០១២ បណ្តាលឱ្យកកស្ទះចរាចរណ៍ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែក្រុមសិស្សស្ទាវចំនួន៦នាក់បានត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការដើម្បីសាកសួរ ។
សាក្សីដែលឃើញហេតុការណ៍និយាយថា នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៩ មិថុនា នោះមានសិស្សស្ទាវពីរក្រុម បានដេញកាប់គ្នានៅមុខក្លិបកម្សាន្តស្វន ផ្លូវលេខ៤៩ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញដូចក្នុងរឿងវីដេអូ ហើយភាគីម្ខាងបាននាំគ្នាជិះម៉ូតូគេចតាមផ្លូវលេខ៤៩ ឆ្ពោះទៅទិសខាងត្បូង ឯក្រុមស្ទាវម្ខាងទៀតបើកម៉ូតូដេញតាមពីក្រោយ ។
ខណៈពេលមកដល់មុខផ្ទះលក់ស្បែកជើងលេខ៣៩ ផ្លូវលេខ១៥៤ ឃើញយុវសិស្សម្នាក់ដែលជិះម៉ូតូម៉ាកអាយខន ផ្តួលម៉ូតូចោល ហើយត្រូវក្រុមស្ទាវម្ខាងទៀតមានគ្នាមិនតិចជាង១០នាក់ចោមរោមវាយដំ បណ្តាលឱ្យបែកក្បាលហូរឈាមជោក និងព្យាយាមរត់គេចខ្លួនទាំងព្រលឹងចុងសក់ ។ ជាមួយនេះក្រុមសិស្សស្ទាវទាំងនោះបានយកសាំងស្រោចលើម៉ូតូអាយខន បណ្តាលឱ្យភ្លើងឆេះ តែត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ស្របពេលកម្លាំងកងរាជអាវុធហត្ថ និងនគរបាលមូលដ្ឋានមកអន្តរាគមន៍ និងឃាត់ខ្លួនក្រុមយុវជនស្ទាវចំនួន៦នាក់បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីសាកសួរ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញបានឱ្យដឹងថា ចំពោះការឃាត់ខ្លួនក្រុមសិស្សស្ទាវទាំង៦នាក់ក៏មិនទាន់ដឹងថាភាគីខាងណាជាអ្នកបង្កទេ ព្រោះកំពុងសាកសួររកដើមចម តែជំហានដំបូងដឹងថាម្ចាស់ម៉ូតូអាយខន រងរបួសក្បាលហើយបានដឹកយកទៅព្យាបាលនៅមន្ទីរព្យាបាលឯកជនមួយ និងមិនទាន់ចូលបំភ្លឺទេ ។
មន្ត្រីនគរបាលសង្កាត់ផ្សារថ្មីទី៣ មួយរូបត្អូញត្អែរថា ក្រុមក្មេងស្ទាវភាគច្រើនជាសិស្សសាលាតែងតែនាំគ្នាមកចូលរាំកម្សាន្តនៅក្លិបស្វន ដែលស្ថិតតាមផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ហើយបង្កការវាយតប់គ្នាយ៉ាងអនាធិបតេយ្យមិនសូវលស់ពេលឡើយ បើទោះបីមានកម្លាំងនគរបាលមូលដ្ឋានយាមចល័តក៏ដោយ ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរក្លិបស្វន បានសុំឱ្យសាលាខណ្ឌដូនពេញមេត្តាជួយមើលក្លិបខាងលើនេះផង មិនគួរអនុញ្ញាតឱ្យបើកក្លិបរាំកម្សាន្តនៅពេលថ្ងៃនោះទេ ហើយភាគច្រើនគឺជាសិស្សសាលា មានប្រុសមានស្រីនាំគ្នាចូលជាអចិន្ត្រៃយ៍ ៕
ចែករំលែកព័តមាននេះ