តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨មិថុនាបានផ្តល់សុពលភាពដល់ការកែទម្រង់ការធានារ៉ាប់រងជំងឺជាការសម្រេចចិត្តមួយទាក់ទិនដល់ពលរដ្ឋអាមេរិកជាច្រើនលាននាក់ ដែលគ្មានការធានារ៉ាប់រងសុខភាព ហើយជាការផ្តល់នូវជោគជ័យដ៏ខ្ទរខ្ទារមួយសម្រាប់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលកំពុងតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីបន្តអាណត្តិទី២មួយទៀត ។
ក្រោយការជជែកដេញដោលគ្នាយ៉ាងខ្លាំងមកប្រធានអភិរក្សនិយមនៃតុលាការកំពូលលោកចនរ៉ូប៊ែត បានជួយសង្គ្រោះច្បាប់នេះដោយចូលរួមក្នុងការបោះឆ្នោតគាំទ្រច្បាប់នោះជាមួយចៅក្រមចម្រើនជឿនលឿន៤រូបទៀតក្នុងចំណោមចៅក្រមទាំង៩រូបរបស់តុលាការកំពូលអាមេរិក ។ លោករ៉ូប៊ែតមានប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធពុំមានអំណាចបញ្ជាមនុស្សឱ្យទិញប័ណ្ណធានារ៉ាប់រងសុខភាពឡើយ ក៏ប៉ុន្តែមានអំណាចយកពន្ធលើបណ្តាអ្នកដែលគ្មានការធានារ៉ាប់រងជំងឺ។ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ពន្ធបែបនេះហើយ ពុំមែនជាតួនាទីរបស់យើងដែលត្រូវហាមឃាត់ឡើយ។
ពួកសាធារណរដ្ឋពុំបានគាំទ្រចំពោះច្បាប់នោះទេ ហើយប្រសិនបើច្បាប់នោះត្រូវអនុម័តនិងអនុវត្តនោះការកែទម្រង់នឹងពង្រីកការធានារ៉ាប់រងព្យាបាលជំងឺដល់ពលរដ្ឋអាមេរិកប្រមាណជា៣០លាននាក់ដែលបច្ចុប្បន្នគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ។ការសម្រេចចិត្តនោះរបស់តុលាការកំពូលអាមេរិកជះឥទ្ធិពលខ្លាំងលើការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះ ។ នៅមុខតុលាការកំពូលមានមនុស្សជាច្រើននាក់ប្រមូលផ្តុំគ្នាសម្តែងក្តីរីករាយចំពោះការសម្រេចចិត្តនោះ ៕
ចែករំលែកព័តមាននេះ