រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស្តាតចាស់ថ្ងៃទី៣០ មិថុនា ខាងមុខនេះ ស្ថានីយទូរទស្សន៍អប្សរាសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា រៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណជាលក្ខណៈមិត្តភាពអន្តរជាតិដ៏កក្រើកមិនធ្លាប់មានពីមុនមកដោយមានកីឡាករ កីឡាការិនី ចំនួន៧គូឡើងមកសាកកណ្តាប់ដៃគ្នាក្នុងនោះមាន២គូដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ CBF ។
អ៊ឹង បូរ៉ា មកពីក្លឹបគជសារកីឡា ជួបប្រកួតជាមួយនូ ឃីត ជាកីឡាករមកពីប្រទេសឡាវ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និងកីឡាករទិត្យ សុវណ្ណគិរី មកពីក្លឹបក្រសួងកសិកម្ម ប្រកួតជាមួយកីឡាកររ៉ុងជេត សារាំងសាន់ មកពីប្រទេសឡាវ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដូចគ្នា ។
រវាង២គូខាងលើនេះ គឺជាការប្រកួតដណ្តើមខ្សែក្រវាត់ CBF ។ អ៊ឹង បូរ៉ា ធ្លាប់ប្រកួតបាន៥៤ដង ឈ្នះ៤៤ដង ចាញ់១០ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀន១៦ដង ។ រីឯកីឡាករនូ ឃីត វិញ គឺជាម្ចាស់មេដាយមាសស៊ីហ្គេមនៅប្រទេសឡាវ ។ ទោះបីពួកគេមិនធ្លាប់បានប៉ះគ្នាពីមុនមកមែន ប៉ុន្តែបើពិនិត្យទៅលើប្រវត្តិរបស់ពួកគេ គឺសុទ្ធតែជាជើងខ្លាំងដូចគ្នា ទើបមិនហា៊នទស្សន៍ទាយលទ្ធផលទុកមុន មានតែរង់ចាំអ៊ុតមើលនៅថ្ងៃប្រកួតប៉ុណ្ណោះ ។
ទិត្យ សុវណ្ណគិរី និង សារាំងសាន់ មានប្រវត្តិប្រកួតខុសគ្នាតែបន្តិចប៉ុណ្ណោះ ។ សុវណ្ណគិរី ជាម្ចាស់ខ្សែក្រវាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១២ និងធ្លាប់ឡើងសង្វៀនប្រកួត៤០ដង ឈ្នះ៣១ដង ចាញ់៧ដង ស្មើ២ដង និងផ្តួលគូប្រកួតឱ្យសន្លប់១១ដង ។ រីឯសារាំងសាន់ វិញ ស្ថិតិប្រកួតរបស់គេមានរហូតដល់ទៅ៥៦ដង ក្នុងនោះឈ្នះ៤២ដង និងចាញ់១៤ដង ។ តាមពិតគូនេះក៏ពិបាកធ្វើការវាយតម្លៃទុកមុនដូចគ្នា ព្រោះប្រវត្តិប្រកួតពួកគេខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រៅពីគូប្រកួតដណ្តើមខ្សែក្រវាត់ CBF នេះទៅ ក៏មានគូប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិចំនួន៥គូទៀតដែលត្រូវឡើងមកអង្រួនសង្វៀនស្តាតចាស់ផងដែរ ក្នុងនោះមានកីឡាការិនី១គូគឺ នាងម៉ារី យ៉េត ជនជាតិបារាំង ប្រកួតជាមួយនាងនីលូក ប៉ាសារាំងសាន់ ជនជាតិថៃ ៕
ចែករំលែកព័តមាននេះ