រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ហ៊ុន តូ ដែលជាអ្នកជំនួញដ៏ល្បីល្បាញទាំងនៅកម្ពុជា និងអូស្ត្រាលី បានវិលត្រឡប់មកពីប្រទេសអូស្ត្រាលីវិញហើយ កាលពីព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១២ បន្ទាប់ពីលោកចេញទៅបំពេញការងារផ្ទាល់ខ្លួន និងបានជួបជាមួយអាជ្ញាធរអូស្រ្តាលីដើម្បីបញ្ជាក់ការពិតស្វែងរកយុត្តិធម៌ និងស្តារកិត្តិយសរបស់លោកឡើងវិញ បន្ទាប់ពីសារពត៌មានអូស្ត្រាលី The Age បានចុះផ្សាយវាយប្រហារលោកជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន និងលាងលុយកខ្វក់ ដែលជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ។
បង្ហាញវត្តមានលើទឹកដីអូស្រ្តាលី និងប្រកបដោយសុវត្ថិភាពរហូតត្រឡប់មកកម្ពុជាវិញនោះ គឺជាការបង្ហាញនូវការពិតថាអ្វីៗ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន The Age នោះគឺជាការវាយប្រហារយ៉ាងអយុត្តិធម៌ គ្មានការពិតនិងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ដែលជាប្រជាពលរដ្ឋខ្មែរម្នាក់ ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ មិថុនា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកផៃ ស៊ីផាន តំណាងលោកឧកញ៉ាហ៊ុន តូ និងជាអ្នកសម្របសម្រួលឯកជនរវាងលោកឧកញ៉ា ហ៊ុន តូ និងអ្នកសារព័ត៌មាន មានប្រសាសន៍ថា លោកឧកញ៉ា ហ៊ុន តូ ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ ដោយសុវត្ថិភាពបន្ទាប់ពីលោកចេញទៅបំពេញការងារនៅទីនោះរយៈពេលជាង២សប្តាហ៍។
វត្តមានរបស់លោកឧកញ៉ានាពេលនេះគឺបង្ហាញនូវការពិត និងភាពយុត្តិធម៌សម្រាប់លោក ក៏ដូចជាកិត្តិយសរបស់ជាតិសាសន៍កម្ពុជាយើង បន្ទាប់ពីលោកឧកញ៉ារងការវាយប្រហារគ្មានការពិតពីសារព័ត៌មានអូស្ត្រាលី The Age កាលពីខែមីនា កន្លងទៅដែលចោទប្រកាន់លោកឧកញ៉ាជាប់ពាក់ព័ន្ធការរត់ព័ន្ធគ្រឿងញៀននិងលាងលុយកខ្វក់ជាដើម ។តាមការឲ្យដឹងរបស់លោកផៃ ស៊ីផាន អំឡុងពេលស្នាក់នៅប្រទេសអូស្ត្រាលីលោកឧកញ៉ា ហ៊ុន តូ បានជួបពិភាក្សាជាមួយអាជ្ញាធរអូស្ត្រាលី ដើម្បីបញ្ជាក់ការពិតនិងស្វែងរកយុត្តិធម៌ព្រមទាំងស្តារកិត្តិយសរបស់លោកឧកញ៉ាឡើងវិញ។ លោកបន្តថាការវាយប្រហារគ្មានការពិតនោះគឺមិនគ្រាន់តែបំផ្លាញកិត្តិយសលោកឧកញ៉ា ហ៊ុន តូ ប៉ុណ្ណោះទេ ប៉ុន្តែជាទិសដៅរបស់ពួកគេគឺសំដៅបង្ខូចកិត្តិយសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាតិសាសន៍ខ្មែរតែម្តង ព្រោះលោកត្រូវជាក្មួយ ។
លោកផៃ ស៊ីផាន បានបញ្ជាក់ថាប្រសិនបើលោកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធបទល្មើសដូចអ្វីដែលសារព័ត៌មាន The Age បានចុះផ្សាយមែននោះច្បាស់ណាស់ថាអាជ្ញាធរអូស្ត្រាលីនឹងធ្វើការចាប់ខ្លួនលោកឧកញ៉ា ក្នុងពេលលោកបង្ហាញវត្តមាននៅអូស្ត្រាលីនោះហើយ ហើយគេមិនបណ្តោយឲ្យលោកឧកញ៉ា ចេញផុតពីប្រទេសរបស់គេនោះទេ ។ ប៉ុន្តែផ្ទុយទៅវិញស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានផ្តល់ទិដ្ឋាការដល់លោកឧកញ៉ារយៈពេល១ឆ្នាំ ដើម្បីធ្វើដំណើរទៅប្រទេសអូស្ត្រាលី ។ ដូច្នេះទាំងអស់នេះសុទ្ធសឹងជាភស្តុតាងឬសក្ខីកម្មបញ្ជាក់ថាលោកឧកញ៉ា ហ៊ុន តូ មិនបានពាក់ព័ន្ធបទល្មើសដូចការចុះផ្សាយរបស់សារព័ត៌មាន The Age នោះឡើយ ។
លោកផៃ ស៊ីផាន បានឲ្យដឹងដែរថារហូតមកដល់ពេលនេះលោកឧកញ៉ា ហ៊ុន តូ មិនទាន់មានគម្រោងប្តឹងសារព័ត៌មាន The Age នោះនៅឡើយទេ ខណៈដែលលោកឧកញ៉ាមានមេធាវី២នាក់ ដែលម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិអូស្ត្រាលី។គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១២ សារព័ត៌មានអូស្ត្រាលីមួយឈ្មោះThe Age បានចុះផ្សាយព័ត៌មានថា លោកឧកញ៉ាហ៊ុន តូ ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនរកស៊ីជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់ ហើយនគរបាលជាតិអូស្ត្រាលីបានរៀបចំគម្រោងចាប់ខ្លួនលោកឧកញ៉ាហ៊ុន តូ ក្នុងទីក្រុងមែលប៊ន ។ ប៉ុន្តែគម្រោងត្រូវអាក់ខានដោយសារតែស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មិនផ្តល់ទិដ្ឋាការឲ្យលោកឧកញ៉ា ។
លោកឧកញ៉ា ហ៊ុន តូ ធ្លាប់បានប្រតិកម្មតបចំពោះការផ្សព្វផ្សាយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់នោះ ដោយលោកលើកឡើងថា វាមិនសមទាល់តែសោះ ដែលគេចុះផ្តេសផ្តាស គ្មានការពិត ។ លោកបញ្ជាក់ថាប្រទេសអ្នកឯងមានច្បាប់ ប្រទេសកម្ពុជាក៏មានច្បាប់ ដូច្នេះបើលោកពាក់ព័ន្ធដូចការចុះផ្សាយមែននោះមិនចាំបាច់អាជ្ញាធរអូស្ត្រាលីចាប់នោះទេ គឺនាយករដ្ឋមន្ត្រីយើងឲ្យគេចាប់ខ្ញុំក្នុងប្រទេសនេះហើយ ។
យ៉ាងណាក៏ដោយវត្តមានលោកឧកញ៉ា ហ៊ុន តូ រយៈពេលជិត៣សប្តាហ៍ នៅអូស្ត្រាលី និងការវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពរបស់លោកនោះគឺបញ្ជាក់ច្បាស់ហើយថា ការចុះផ្សាយក្នុងសារព័ត៌មាន The Age គ្មានការពិតនិងគ្រាន់តែជាឧបាយកលដើម្បីបង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរបស់លោកឧកញ៉ ក៏ដូចជាសម្តេច ហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ