ខេត្តព្រៃវែង ៖ ក្រដាសប្រាក់ប្រភេទ៥ពាន់រៀលក្លែងក្លាយ ត្រូវគេលួចបន្លំចាយនៅតំបន់អ្នកលឿងធ្វើឱ្យមានការភ្ញាក់ផ្អើលខណៈសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកប្រភពដែលបញ្ចេញប្រាក់នេះ ។ ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីព្រឹកថ្ងៃទី១៧ មិថុនា នៅតំបន់អ្នកលឿងត្រើយខាងកើត បន្ទាប់ពីលោកយាយមា្នក់ជាគ្រូបុរាណខ្មែរយកលុយដែលគេជូនបម្រុងយកទៅចូលបុណ្យផ្កា ហើយត្រូវកូនក្មួយមើលស្គាល់ថាជាលុយក្លែងក្លាយទើបនាំគា្នរាយការណ៍ប្រាប់សមត្ថកិច្ច ។
ក្រដាសប្រាក់ក្លែងក្លាយដែលប្រមូលបានមានចំនួន៩សន្លឹកជាប្រភេទក្រដាសប្រាក់៥ពាន់រៀល ។ រូបរាងនិងពណ៌នៃក្រដាសប្រាក់ទាំងនោះដូចគា្នទាំងស្រុងទៅនឹងក្រដាសប្រាក់ពិតប្រាកដ ប៉ុន្ដែបើពិនិត្យឱ្យបានម៉ត់ចត់គេនឹងឃើញចំណុចខុសប្លែកគា្នជាច្រើនដូចជា នៅត្រង់ចំណុចផ្ទាំងសខាងលើលេខ៥០០០ ក្រដាសប្រាក់ពិតប្រាកដមានរូបព្រហ្មមុខ៤បង្កប់នៅខាងក្នុងចំណែកប្រាក់ក្លែងក្លាយរូបព្រហ្មមុខ៤ផុសនៅពីលើក្រដាសតែម្ដង ។ ចំណែកសាច់ក្រដាសមានភាពផុយជាងក្រដាសប្រាក់ពិតប្រាកដ និងរូបភាពពេលត្រូវទឹកគ្រាន់តែអង្អែលពីលើក៏របកទឹកថ្នាំចេញអស់។ ចំណុចដែលធ្វើឱ្យងាយដឹងបំផុតនោះ គឺនៅលើក្រដាសប្រាក់ទាំង៩សន្លឹកនោះមានលេខដូចគា្នទាំងអស់ គឺច៤៩០៧៤៦១៦ ។
លោកយាយគ្រូបុរាណខ្មែរមា្នក់នោះឱ្យដឹងថា កាលពីថ្ងៃទី១៣ មិថុនា ស្ដ្រីជនជាតិវៀតណាមមា្នក់ឮគេហៅក្រៅថា«ម៉ែស៊ីវឡាង»មានទីលំនៅមិនពិតប្រាកដនាំកូនស្រីឈ្មោះស៊ីវ ឡាង ដែលរបួសគ្រេចកជើងមកឱ្យរូបគាត់ស្ដោះផ្លុំឱ្យ។ គេបានជូនប្រាក់ទ្រនឹបគ្រូឱ្យគាត់ចំនួន៥ម៉ឺនរៀលដែលក្នុងនោះ មានក្រដាស ប្រាក់៥ពាន់ចំនួន៩សន្លឹកសុទ្ធតែថ្មីៗ ក្រដាស២ពាន់២សន្លឹក និងក្រដាស៥០០ចំនួន២សន្លឹក។ ពេលបានប្រាក់នោះមកលោកយាយយកទៅដាក់ថា្វយគ្រូស្រាប់តែក្រដាស៥ពាន់១សន្លឹកដាច់ចេញពីគា្នជា២ចំណែក។
លោកយាយនឹកឆ្ងល់ថាលុយថ្មីសោះហេតុអីក៏ដាច់ផុយម៉្លេះ ប៉ុន្ដែមិនបានប្រាប់អ្នកណាទេ ហើយក៏យកលុយនោះទៅទុកទៅ ។ លុះដល់ថ្ងៃទី១៧ មិថុនា លោកយាយយកលុយនោះចេញមកបម្រុងយកទៅចូលបុណ្យផ្កាស្រាប់តែកូនក្មួយនឹកសង្ស័យ ព្រោះក្រដាសប្រាក់នៅថ្មីសោះហេតុអីក៏ជាយខាងៗពុកផុយរេចអស់ទៅហើយ។ ពេលយកមកពិនិត្យមើល ទើបដឹងថាជាលុយក្លែងក្លាយ។
ប្រភពដដែលបន្តថា លោកយាយយកលុយក្លែងក្លាយនោះចំនួន៣ម៉ឺនរៀលទៅជួបស្ដ្រីជាមា្ចស់វាវិញ ប៉ុន្ដែមិនបានជួប គឺជួបតែកូនស្រីឈ្មោះស៊ីវឡាង ។ កូនស្រីនោះបានដូរឱ្យលុយពិតប្រាកដមកគាត់វិញចំនួន៣ម៉ឺនរៀល ហើយប្រាប់ថាលុយ ក្លែងក្លាយទាំងនោះម្ដាយនាងលក់ស្រូវបានមកទេ។ ទោះជាយ៉ាងណាក្តីលោកយាយពេលត្រឡប់ដល់ផ្ទះវិញក៏រាយការណ៍ជូនសមត្ថកិច្ចពីរឿងលុយក្លែងក្លាយនោះ ។
ប្រជាពលរដ្ឋនៅតំបន់អ្នកលឿងនិយាយថា ក្រដាសប្រាក់ក្លែងក្លាយត្រូវគេប្រទះឃើញមានអ្នកលួចយកមកបន្លំចាយនៅតំបន់អ្នកលឿងត្រើយខាងកើតជាច្រើនលើកមកហើយក្នុងអំឡុងពេល២ទៅ៣ខែកន្លងមក។ ក្រដាសប្រាក់ទាំងនោះ មានទាំងក្រដាស៥ពាន់រៀល និងក្រដាស១ម៉ឺនរៀល ប៉ុន្ដែមិនមានអ្នកណាមា្នក់រាយការណ៍ ឬប្ដឹងសមត្ថកិច្ចទេ ព្រោះពេលចាប់បានអ្នកដែលយកលុយ ក្លែងក្លាយមកចាយនោះតែងតែឆ្លើយថា ខ្លួនមិនដឹង ហើយចាញ់បោកដែលគេយកមកបន្លំដែរ។
ក្រដាសប្រាក់ក្លែងក្លាយដែលគេយកមកបន្លំចាយត្រូវប្រជាពលរដ្ឋមួយចំនួននៅតំបន់អ្នកលឿងត្រើយខាងកើតមើលដឹង និងចាប់បានច្រើនលើកមកហើយ ប៉ុន្ដែក៏មានប្រជាពលរដ្ឋជាច្រើនដែរ ដែលត្រូវគេបន្លំបាន ដោយសារតែមិនចាប់អារម្មណ៍ និងមិនស្គាល់ក្រដាសប្រាក់ក្លែងក្លាយ។ រឿងលុយក្លែងក្លាយនេះប្រជាពលរដ្ឋនៅតំបន់អ្នកលឿងកំពុងតែមានការព្រួយបារម្ភជាខ្លាំង ព្រោះខ្លាចចាញ់បោកគេដែរ។
ពេលនេះលោកមេប៉ុស្ដិ៍រដ្ឋបាលឃុំព្រែកខ្សាយ«ខ»កំពុងចាត់កម្លាំងតាមស្រាវជ្រាវរកប្រភពដែលបញ្ចេញក្រដាសប្រាក់ទាំងនោះហើយ ដើម្បីចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ