ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​កើត​មាន​ច្រើន​ដោយសារ​មន្ត្រី​មូលដ្ឋាន​ដើរតួ​ហួស​បន្ទាត់​ក្រហម

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្ត ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែង​ថា រដ្ឋបាល​ខេត្ត បាន​ទទួល​បណ្តឹង​ច្រើន​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី ហើយ​បណ្តឹង​ខ្លះ​មាន​ភាព​ចាក់ស្រេះ…

ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្ត ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែង​ថា រដ្ឋបាល​ខេត្ត បាន​ទទួល​បណ្តឹង​ច្រើន​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី ហើយ​បណ្តឹង​ខ្លះ​មាន​ភាព​ចាក់ស្រេះ ដែល​កំពុង​បង្ក​ភាព​ស្មុគស្មាញ​ដល់​ក្រុមការងារ​ដោះស្រាយ ។ ករណី​នេះ ឯកឧត្តម​បាន​បន្ទោស​ថា បណ្តាល​មក​ពី​អាជ្ញាធរ​ភូមិ ឃុំ​-​សង្កាត់ មួយ​ចំនួន​ចេះ​តែ​នាំ​គ្នា​ចុះហត្ថលេខា​ដោយ​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់ និង​ដើរតួ​នាទី​ហួស​ពី​បន្ទាត់​ក្រហម​នៃ​ច្បាប់​ដែល​បាន​អនុញ្ញាត ។

ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​លើក​ឡើង​ដូចនេះ ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដី​ពី​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ ។ ឯកឧត្តម​បាន​លើក​ឡើង​ថា កន្លង​មក​សង្កេត​ឃើញ​ថា បញ្ហា​ដីធ្លី​កើត​មាន​ច្រើន ពិសេស​នៅ​តាម​បណ្តា​មូលដ្ឋាន ។ មេ​ភូមិ​មិនសូវ​ប៉ុន្មាន​ទេ តែ​ចំពោះ​មេឃុំ ចៅសង្កាត់​មួយ​ចំនួន បាន​ចេញ​ការ​បញ្ជាក់​លើ​ឯកសារ​ដីធ្លី​ពី​ការ​លក់​-​ទិញ ផ្ទេរកម្មសិទ្ធិ ហើយ​ការ​បញ្ជាក់​ខ្លះ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ថែម​ទៀត ។ ក្នុង​នោះ ឯកឧត្តម​ក៏​បាន​ទទួល​បាន​ឯកសារ និង​បណ្តឹង​ច្រើន​លើ​ករណី​នេះ តែ​ឯក​ឧត្តម​សុំ​មិន​បរិយាយ​នោះ​ទេ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា សិក្ខាសាលា​ដែល​រៀបចំ​ឡើង​នេះ គឺ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ពង្រីក​ចំណេះដឹង​និង​សមត្ថភាព​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​មេ​ភូមិ មេឃុំ ចៅសង្កាត់ ក្នុង​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ អំពី​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី ដោយ​ផ្តោត​ទៅ​លើ​ប្រធានបទ​ចំនួន​៣​សំខាន់​ៗ​គឺ កិច្ចការរដ្ឋបាល​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន កិច្ចការ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី និង​ការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្នាក់​ភូមិ ឃុំ សង្កាត់​។

ចំពោះ​ប្រធានបទ​ទី​១ និង​ទី​២ គឺជា​ការ​ផ្តល់​ចំណេះដឹង​និង​ធាតុ​ចូល​បន្ថែម​ជូន​ចំពោះ​អាជ្ញាធរ​ឃុំ សង្កាត់ និង​ភូមិ ដើម្បី​ប្រសិទ្ធភាព​នៃ​ការងារ ។ ឯ​ប្រធានបទ​ទី​៣ បញ្ជាក់​ប្រាប់​ទៅ​អាជ្ញាធរ​ឃុំ សង្កាត់ និង​ភូមិ​ថា ទ​ង្វើ​អសកម្ម ការ​ធ្វេសប្រហែស និង​ទ​ង្វើ​ខុសច្បាប់​អាចបណ្តាល​ឱ្យ​មានទណ្ឌ​កម្ម និង​ការ​ទទួលខុសត្រូវ​ច្រើន​ប្រភេទ ដូច​ជា​ព្រហ្មទណ្ឌ រដ្ឋប្បវេណី រដ្ឋបាល និង​ជា​ពិសេស​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ឯកឧត្តម​បន្ត​ថា បញ្ហា​ដីធ្លី​ជា​បញ្ហា​ធំ​មួយ​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​ទូ​ទាំង​ប្រទេស​។ យ៉ាងណាមិញ ក្នុង​ក្រប​ខណ្ឌ​ខេត្តកំពង់ស្ពឺ ក៏​បាន​និង​កំពុង​ជួប​ប្រទះ​ផង​ដែរ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​កាន់កាប់​ដី ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។

ដើម្បី​បញ្ចប់​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​នេះ​បន្ថែម មេ​ភូមិ មេឃុំ ចៅសង្កាត់ ត្រូវ​តែ​យកចិត្ត​ទុកដាក់​និង​ដឹង​ពី​តួនាទី​ខ្លួន កុំ​ធ្វើ​លើ​បន្ទាត់​ព្រំដែន ហើយ​កុំ​ចេះ​តែ​បញ្ជាក់​ឱ្យ​តែ​សុំ ។ ពេលខ្លះ ការ​បញ្ជាក់​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មេឃុំ ចៅសង្កាត់ បាន​ដើរតួ​នាទី​បញ្ជាក់​ជំនួស​អភិបាលខេត្ត អភិបាលក្រុង ស្រុក និង​ជួនកាល​បញ្ជាក់​ជំនួស​មន្ទីរ​អង្គភាព​ជំនាញ​ទៅ​ទៀត ។ ដូច្នេះ​ភូមិ មេឃុំ ចៅសង្កាត់ ត្រូវ​តែ​មើល និង​ពិនិត្យ​ឱ្យ​ហ្មត់ចត់​លើ​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ