សង្គ្រាមអីុស្រាអែល-អីុរ៉ង់ ៖ ខណៈរុស្សុីជាសម្ព័ន្ធមិត្តអីុរ៉ង់ ហើយកំពុងរងទណ្ឌកម្មខ្លាំងក្លាបំផុត របស់ពួកលោកខាងលិច ដោយសារសង្គ្រាមនៅអ៊ុយក្រែន វិមានក្រឹមឡាំងចង់តាំងខ្លួនជាអាជ្ញាកណ្ដាលដើម្បីសន្តិភាពនៅមជ្ឈឹមបូព៌ា។ ប្រធានាធិបតីរុស្សុីលោកវ្ល៉ាឌីមៀរពូទីនប៉ងធ្វើអាជ្ញាកណ្ដាលរវាងអីុរ៉ង់ និងអីុស្រាអែល។
លោកពូទីនវាយតម្លៃកាលពីថ្ងៃទី១៩ មិថុនាថា ដំណោះស្រាយមួយដែលអាច ទទួលយកបានទាំងដោយអីុស្រាអែលនិងអីុរ៉ង់អាចរកឃើញ ដោយលោកអះអាងថាការវាយប្រហាររបស់អីុស្រាអែលគ្រាន់តែព ង្រឹង ការគាំទ្ររបស់ប្រជាជនអីុរ៉ង់ចំពោះរដ្ឋអំណាចប៉ុណ្ណោះ។
ពេលជួបជាមួយបណ្ដាអ្នកសារព័ត៌មានបរទេសនៅទីក្រុងសាំងប៉េទ័រស្បួរ ដែលសួរលោកពីច្រកចេញខាងការទូតនៃវិបត្តិ លោកពូទីនលើកឡើងថា នេះជាសំនួរដ៍ល្អ ហើយពិតណាស់គេត្រូវមានការប្រុងប្រយ័ត្ន ខ្លាំងមួយ តែតាមយោបល់ខ្ញុំនិយាយជារួមមក ដំណោះស្រាយមួយអាចរកឃើញ។ បច្ចុប្បន្នយើងសង្កេតឃើញថា នៅអីុរ៉ង់ក៏មានការពង្រឹងសាមគ្គីភាពរបស់សង្គមអីុរ៉ង់នៅជុំវិញបណ្ដាអ្នកនយោបាយប្រទេសនោះ។
ពេលសួរលោកពីយថាភាពនៃការធ្វើឃាតមេដឹកនាំកំពូលអីុរ៉ង់ លោកអាយ៉ាតុលាអាលីខាមេនីដោយអីុស្រាអែល លោកពូទីនបដិសេធមិនឆ្លើយ។ លោកថាមិនចង់ពិភាក្សាពីយថាភាពបែបនោះទេ។ ខ្ញុំពិតជាមិនចង់ឡើយ។
ចំពោះជំហររបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បណ្ដាសេចក្ដីថ្លែងការណ៍របស់លោក ជួនកាលបែរជាផ្ទុយគ្នាដោយថ្ងៃខ្លះលោកនិយាយបែបបង្រួបបង្រួម បន្ទាប់មកថ្លែងបែបគំរាម។ លោករហូតដល់ស្នើខ្លួនឯងកុំឲ្យសម្លាប់មេដឹកនាំកំពូលនៃបដិវត្តន៍អីុរ៉ង់លោកអាយ៉ាតុុលាអាលីខាមេនី ដោយវាយតម្លៃថានៅមានផ្លូវចរចាជាមួយអីុរ៉ង់ តែក្រោយមកលោកបែរជាលើកពីការតាមសម្លាប់មេដឹកនាំកំពូលអីុរ៉ង់នោះ ដូចផែនការរបស់អីុស្រាអែលទៅវិញ។ ចំណែកកងទ័ពអាមេរិកវិញរៀបចំរួចហើយយុទ្ធវិធីធ្វើអន្តរាគមន៍មួយក្នុងតំំបន់ រង់ចាំតែភ្លើងខៀវ៕
ចែករំលែកព័តមាននេះ