ខេត្តពោធិ៍សាត់ ៖ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែកមេត្តាធម៌ ក្រោមពាក្យស្លោក «ខ្មែរជួយខ្មែរ» នាព្រឹកថ្ងៃចន្ទ ទី២២ខែធ្នូឆ្នាំ២០២៥ ព្រះគ្រូ ខាត់ ខេមរា ព្រះគ្រូចៅអធិការវត្តហ្លួង និងតំណាងក្រុមហ៊ុន ធុងទឹក បាននាំយកនូវអំណោយជាស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តចាត់ចែងផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
ព្រះគ្រូចៅអធិការវត្តហ្លួង មានថេរដីកាថាថា ការនាំយកអំណោយមកប្រគល់ជូននាពេលនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបគ្រោះអាសន្ន និងការផ្លាស់ទីលំនៅ ភៀសសឹក។ នេះគឺជាទឹកចិត្តសប្បុរសធម៌បន្តិចបន្តួច ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការវត្តហ្លួង និងថវិកាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនធុងទឹក ដើម្បីបង្ហាញពីការរួមសុខរួមទុក្ខជាមួយបងប្អូនខ្មែរយើងក្នុងគ្រាលំបាក។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះគ្រូចៅអធិការវត្តហ្លួង ដែលតែងតែមានសទ្ធាជ្រះថ្លាក្នុងការជួយដល់សង្គម និងលោក សុខ ចំរើន ប្រធានក្រុមហ៊ុន ធុងទឹក អេចធូអូ ដែលបានចំណាយធនធានផ្ទាល់ខ្លួននាំយកអំណោយដ៏ថ្លៃថ្លារួមមាន អង្ករចំនួន ១តោន ស៊ីទែនទឹកចំណុះ២០០០លីត្រ ចំនួន២ ពាងទឹកជ័រ ចំនួន២០ពាង មុង និងអង្រឹង ចំនួន១០០ ព្រមទាំងថវិកាចំនួន ៨០ម៉ឺនរៀល មកប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នាពេលនេះ។
លោកស្នងការបានបញ្ជាក់ថា អំណោយទាំងអស់នេះនឹងត្រូវចាត់ចែងបញ្ជូនទៅឱ្យដល់ដៃបងប្អូនជនភៀសសឹកឱ្យបានឆាប់រហ័សបំផុត ដើម្បីធានាថាពួកគាត់មានស្បៀងអាហារ និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងមានកម្លាំងចិត្តក្នុងការជម្នះរាល់ការលំបាកនានា ។
សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពមួយបង្ហាញពី វប្បធម៌នៃការចែករំលែក និងភាពរឹងមាំនៃសាមគ្គីភាពរវាងស្ថាប័នសាសនា វិស័យឯកជន និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបម្រើ និងសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់៕


ចែករំលែកព័តមាននេះ