ទីក្រុងម៉ូស្គូ៖ ស្លាប់ឧត្ដមសេនីយ៍យោធារបស់រុស្ស៊ីម្នាក់ទៀតហើយនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដែលគេបង្កប់នៅក្នុងរថយន្តរបស់គាត់។ បន្ទាប់ពីផ្ទុះគ្រាប់បែកភ្លាម គាត់នៅមានជីវិតរស់នៅនៅឡើយទេ។ ប៉ុន្តែក្រោយមក ដោយសាររបួសធ្ងន់ធ្ងរពេក គាត់ក៏ស្លាប់ទៅ។ នៅលើដងខ្លួនសាកសពរបស់គាត់ គេឃើញសុទ្ធតែអំបែងគ្រាប់បែក។ ហេតុការណ៍នេះកើតឡើងនៅទីក្រុងម៉ូស្គូភាគខាងត្បូង។ នេះបើយោងតាមការអះអាងរបស់គណៈកម្មការស៊ើបអង្កេតរុស្ស៊ី។

ហេតុការណ៍ផ្ទុះគ្រាប់បែកនេះកើតឡើងនៅលើវិថីយ៉ាសឹននេវ៉ាយ៉ា (Yasennevaya)។ គ្រាន់តែគាត់ឡើងជិះរថយន្តម៉ាកកៀ សូរេនតូ (Kia Sorento) បានតែបន្តិចប៉ុណ្ណោះ គ្រាប់បែកក៏ផ្ទុះឡើងតែម្ដង។ រថយន្តរបស់គាត់ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាគ្រាប់បែកនោះត្រូវគេបង្កប់ពីក្រោមរថយន្ត ហេតុនេះហើយ នៅពេលគាត់កាច់សោបញ្ឆេះម៉ាស៊ីនភ្លាម គ្រាប់បែកក៏ផ្ទុះឡើងយ៉ាងពេញទំហឹងតែម្ដង។

គណៈកម្មការស៊ើបអង្កេតកំណត់មុខសញ្ញាថានេះជាអំពើមនុស្សឃាត។ ក្នុងចំណោមនោះ គេក៏បានដាក់ការសង្ស័យថាអាចជាស្នាដៃរបស់ភ្នាក់ងារសម្ងាត់អ៊ុយក្រែន។ ឧត្ដមសេនីយ៍ឯកហ្វានីល សាវ៉ារូស (Fanil Sarvarov) កើតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៦៩ និងមានបទពិសោធបម្រើនៅក្នុងកងទ័ពរុស្ស៊ីរាប់សិបឆ្នាំមកហើយ។ គាត់ធ្លាប់រៀននៅសាលានាយទាហានជាន់ខ្ពស់ផ្នែកបើករថក្រោះបញ្ចប់ការសិក្សាឆ្នាំ១៩៩០, ធ្លាប់រៀននៅបណ្ឌិត្យសភាយោធាបញ្ចប់ការសិក្សាឆ្នាំ១៩៩៩ និងបណ្ឌិត្យសភាអគ្គសេនាធិការដ្ឋានបញ្ចប់ការសិក្សាឆ្នាំ២០០៨។

នៅក្នុងអាជីពរបស់គាត់ លោកសាវ៉ារ៉ូសធ្លាប់ចូលរួមនៅក្នុងប្រតិបត្តិការសឹកនៅតំបន់កូកាស់ខាងជើង។ ក្នុងនោះមានយុទ្ធនាការនៅអូសេទី (Ossetia) និងសង្គ្រាមរវាងរុស្ស៊ី និងពួកឆេចឆឹន (Chechen)។ ក្រោយមក លោកចុះបេសកកម្មនៅស៊ីរីចាប់ពីឆ្នាំ២០១៥-២០១៦។ មកទល់នឹងពេលទទួលមរណភាពនោះ លោកកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលដែលជាមុខតំណែងជាន់ខ្ពស់ខាងចាត់តាំងកងទ័ពចេញប្រតិបត្តិការសឹក។ នេះបើយោងតាមប្រភពពីអាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ