សង្គ្រាមអីុស្រាអែល-អីុរ៉ង ៖ ខណៈភាពតានតឹងនៅតែកើនខ្លាំងរវាងអីុស្រាអែលនិងអីុរ៉ង់ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំហាក់ដូចជានៅរារែក មិនច្បាស់ពីការធ្វើអន្តរាគមន៍យោធារបស់កងទ័ពអាមេរិកជួយអីុស្រាអែល។ ពេលអ្នកកាសែតសួរលោកពីរឿងនោះ កាលពីថ្ងៃទី១៨មិថុនានៅសេតវិមានលោកត្រាំថ្លែងថា អាចធ្វើតែក៏មិនអាចធ្វើ។
លោកបន្តថាគ្មាននរណាម្នាក់អាចដឹងថាតើខ្ញុំនឹងធ្វើអ្វីឡើយ។ ខ្ញុំមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ ពេលមានពាក្យចចាមអារ៉ាមកាន់តែច្រើនលើលទ្ធភាពនៃការហក់ចូលដោយផ្ទាល់របស់អាមេរិកក្នុងសង្គ្រាមប្រឆាំងអីុរ៉ង់ លោកត្រាំបានរំឭកថា ខ្ញុំមិនចង់មានសង្គ្រាមដោយបើកចំហមួយទេ។ ខ្ញុំមិនស្វែងរកការប្រយុទ្ធឡើយ។ ទន្ទឹមនឹងនេះលោកក៏ឲ្យដឹងដែរថាការប៉ះទង្គិចគ្នាអាចនៅចៀសវាង បាន។
លោកបន្តថាក្រុងតេហេរ៉ង់អាចស្វែងរកភ្ជាប់ការចរចាខាងការទូតមួយជាមួយក្រុងវ៉ាសិុនតោន។ មែនហើយយើងបានប្រាស្រ័យទាក់ទងគ្នា តែខ្ញុំបានប្រាប់ថាវាយឺតពេលទៅហើយក្នុងការពិភាក្សាគ្នា។ មានការខុសគ្នាខ្លាំងសម្រាប់ពេលនេះនិងកាលពី១សប្ដាហ៍មុន។ លោករហូតដល់អះអាងថាអីុរ៉ង់ហាក់ចង់ស្នើមកបំពេញទស្សនកិច្ចមួយនៅសេតវិមានទៀតផង៕
ចែករំលែកព័តមាននេះ