ខេត្តសៀមរាប ៖ ផ្លូវតុលាការ ជាផ្លូវ១ខ្សែទៅដល់សង្កាត់ជ្រាវ មានប្រវែង២គីឡូម៉ែត្រទទឹង៩ម៉ែត្រ ចាក់កៅស៊ូទទឹង៨ម៉ែត្រ ដែលខូចខាតដោយទឹកជំនន់លិចផ្លូវ ពេលនេះត្រូវបានសង្គ្រោះឡើងវិញដោយអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដោយចាប់ផ្តើមដាក់គ្រឿងចក្រឈូសឆាយនិងកិនថ្ម កាលពីថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២៥កន្លងមក ។
ផ្លូវមួយខ្សែនេះមានប្រវែង២គីឡូម៉ែត្រ ចេញពីផ្លូវបេតុងសម្តេច ជា ស៊ីម ឆ្លងកាត់តាមផ្លូវតុលាការទៅដល់មុខប៉ុស្តិ៍សង្កាត់ជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ។
បើតាមប្រភពពីមន្ត្រីរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដោយមានការយក
ចិត្តទុកដាក់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងអ្នកឧកញ៉ា សៀង ណាំ តំណាង
រាស្ត្រមណ្ឌលសៀមរាប បានឱ្យក្រុមហ៊ុនធ្វើផ្លូវរបស់លោក អុំ ពៅ ធ្វើផ្លូវនេះឡើងវិញ ព្រោះការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាកដោយសារផ្លូវខូចជាច្រើនឆ្នាំ ដោយសារទឹកលិចព្រោះគ្មានប្រព័ន្ធលូ ។
គ្រឿងចក្រជាច្រើនគ្រឿង ពេលនេះបាននិងកំពុងធ្វើផ្លូវ ដើម្បីសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ដែរ ។
ផ្លូវ១ខ្សែនេះជាផ្លូវមួយដែលប្រជាពលរដ្ឋធ្វើដំណើរញឹកញាប់ ទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន និងប្រើប្រាស់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃទាំងការដឹកជញ្ជូនទំនិញ ការធ្វើដំណើរទៅធ្វើការងារនិងកិច្ចការផ្សេងៗទៀត ។ ប៉ុន្តែស្ថានភាពផ្លូវបានខូចខាតជាយូរមកហើយ ជាពិសេសក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យការធ្វើដំណើរលំបាក និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរថែមទៀតផង ។
ដោយសារការយកចិត្តទុកដាក់របស់អាជ្ញាធរ និងការគាំទ្រពីតំណាងសាស្ត្រ ទើបគ្រឿង
ចក្រជាច្រើនគ្រឿងត្រូវបានប្រើប្រាស់ក្នុងការជួសជុល និងស្តារឡើងវិញផ្លូវមួយខ្សែនេះ ។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ ក៏ដូចជាអ្នកដែលធ្វើដំណើរតាមផ្លូវមួយខ្សែនេះ បានបង្ហាញនូវក្ដីរីករាយនិងអំណរយ៉ាងខ្លាំង ចំពោះការចូលមកជួយដោះស្រាយបញ្ហាផ្លូវមួយខ្សែនេះ របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសអ្នកឧកញ៉ា សៀង ណាំ ដែលបានជួយជួសជុលនាំឱ្យការធ្វើដំណើរទៅមកកាន់តែងាយស្រួល ។
ការជួសជុលផ្លូវនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដែល
មានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរ ជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ថែមទាំងអាចជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់រូបភាពទូទៅរបស់ទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។
គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺខាងអាជ្ញាធរខេត្តធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី
ការជួសជុលផ្លូវដែលខូចនេះទៅជាផ្លូវចាក់បេតុងនៅក្នុងឆ្នាំ២០២៦ឆាប់ៗនេះផងដែរ ។ ប៉ុន្តែ ក៏ត្រូវបានអ្នកឧកញ៉ា សៀង ណាំ រៀបចំដាក់ក្រុមហ៊ុនមកធ្វើផ្លូវមួយខ្សែនេះ តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់សព្វថ្ងៃបានសម្រេចជិត ៥០%ហើយ ៕









ចែករំលែកព័តមាននេះ