ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបិទមិនឱ្យនាំចូលបន្លែផ្លែឈើពីថៃ ពេល​នេះ បន្លែផ្លែឈើថៃក្លាយជាទំនិញលួចលាក់​

2 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ចាប់​បន្លែ​-​ផ្លែ​ឈើ​១​រទេះ ដែល​លួច​នាំ​ចូល​ពី​ថៃ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ចាប់​បន្លែ​-​ផ្លែ​ឈើ​១​រទេះ ដែល​លួច​នាំ​ចូល​ពី​ថៃ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ងួ​ន កុសល ប្រធាន​ស្នាក់​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ក្រោយ​មានការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​ជំនាញ​បាន​ឃាត់​ទំនិញ​បន្លែ​-​ផ្លែ​ឈើ​ជា​បន្តបន្ទាប់​ពី​កម្មករ​អូស​រទេះ បាន​លូច​លាក់​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មាន​ប្រមាណ​១​រទេះ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​មន្ត្រី​គយ​និង​រដ្ឋាករ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឃាត់​ទំនិញ​បន្លែ​-​ផ្លែ​ឈើ​ចំនួន​១​រទេះ មាន​ផ្លែ​ទុរេន មង្ឃុត សាវម៉ាវ សណ្តែកកួរ និង​បន្លែ​ជា​ច្រើន​មុខ​ទៀត ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​គយ និង​ដ្ឋា​ករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​សុំ​គោលការណ៍​ពី​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដើម្បី​យក​ទៅ​បំផ្លាញ​ចោល ។

លោក ងួ​ន កុសល បាន​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ ត្រូវ​បញ្ឈប់​សកម្មភាព​ការ​នាំ​ចូល​ទំនិញ​បន្លែ -​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ ដើម្បី​លើក​ស្ទួយ​កសិផល​ក្នុងស្រុក​ឱ្យ​មាន​ទីផ្សារ ដូច​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ការ​ហាម​មិន​ឱ្យ​មានការ​នាំ​ចូល​បន្លែ​-​ផ្លែ​ឈើ​ចូល​ពី​ថៃ​នេះ ក៏​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ប្រឆាំង​ទៅ​នឹង​ភាព​ទំនើង​របស់​ថៃ ដែល​បាន​បិទ​ព្រំដែន​ជា​ឯកតោភាគី រំលោភ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​ថៃ ។ រាជរដ្ឋាភិបាល​បាន​បង្ហាញ​ថា បើ​ភាគី​ទាហាន​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​ឱ្យ​មាន​ប្រក្រតី​ឡើង​វិញ​នោះ មិន​មាន​រនាំង​ហាម​បន្លែ​-​ផ្លែ​ឈើ​ពី​ថៃ​នោះ​ទេ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា កម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់គ្រាន់ ដើម្បី​ធានា​ដល់​តម្រូវការ​សន្តិសុខ​ស្បៀង ហើយ​រាល់​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ​សុទ្ធតែ​អាច​ជំនួស​បាន​ទាំងស្រុង​ដោយ​ផលិតផល​ក្នុងស្រុក ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម ។

ឯកឧត្តម ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង នៅ​លើ​បណ្តាញ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា «​ស្រប​ពេល​ដែល​មានការ​បិទ​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ​ពី​ប្រទេស​ថៃ ក្រសួងកសិកម្ម​សូម​បញ្ជាក់​ថា កម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់គ្រាន់ ដើម្បី​ធានា​ដល់​តម្រូវការ​សន្តិសុខ​ស្បៀង ហើយ​រាល់​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ និង​ធាតុ​ចូល​កសិកម្ម​នានា សុទ្ធតែ​អាច​ជំនួស​បាន​ទាំងស្រុង​ដោយ​ផលិតកម្ម​ក្នុងស្រុក និង​ប្រភព​នាំ​ចូល​ដទៃ​ទៀត​បាន​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បាន​អះអាង​ថា ក្រសួង​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី ធានា​និរន្ត​ភាព​នៃ​ដំណើរការ​ផលិតកម្ម​កសិកម្ម និង​រក្សា​ឱ្យ​បាន​នូវ​ស្ថិរភាព នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងកសិកម្ម បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ច្រកព្រំដែន​ចំនួន​៧​ជាមួយ​ថៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដឹក​បន្លែ និង​ផ្លែ​ឈើ​ចូល​កម្ពុជា​នោះ​ទេ ល្គិ​ក​ណា​ករណី​ទាហាន​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ដូច​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ