ទីក្រុងឌុយបៃ៖ ថ្ងៃនេះ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនព្រមានធ្ងន់ៗថាបើសិនអាមេរិកហ៊ានចូលខ្លួនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល ពេលនោះសង្គ្រាមទ្រង់ទ្រាយធំនឹងផ្ទុះឡើងជាមិនខាន។ មានន័យថារាល់ថ្ងៃនេះបាញ់ត្រឹមមីស៊ីលដាក់គ្នាទៅវិញទៅមក។ ប៉ុន្តែបើសង្គ្រាមផ្ទុះឡើងពេញបន្ទុកអាចឈានដល់ប្រើយន្តហោះទម្លាក់គ្រាប់បែក ឬទ័ពជើងគោកថែមទៀត។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំប្រកាសឱ្យអ៊ីរ៉ង់ទម្លាក់អាវុធចុះចាញ់ និងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។
ការព្រមានរបស់អ៊ីរ៉ង់ និងក្រុមហាម៉ាស់ក៏ធ្វើឡើងបន្ទាប់ពីអាមេរិកបារម្ភខ្លាំងអំពីការប៉ះពាល់ផលប្រយោជន៍របស់ខ្លួននៅមជ្ឈិមបូព៌ា។ អាមេរិកចាប់ផ្ដើមពង្រឹងកម្លាំង និងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅទីនោះ។ ចំណាត់ការនេះមិនមែនឥតហេតុផលទេព្រោះស្ថានទូតអាមេរិកនៅតែឡាវីវទើបតែទទួលរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។ ថ្ងៃនេះ ស្ថានទូតអាមេរិកនៅយេរូសាឡឹមប្រកាសបិទទ្វាររហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។
អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមេនី បង្ហោះសារនៅលើបណ្ដាញសង្គមថាសង្គ្រាមចាប់ផ្ដើមហើយ ហើយអ៊ីរ៉ង់នឹងមិនបន្ធូរដៃជាដាច់ខាត។ កាលពីយប់មិញ យន្តហោះចម្បាំងអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកទៅលើទីតាំងដែលសង្ស័យថាមាននុយក្លេអ៊ែរ។ ចំណែកអ៊ីរ៉ង់បាញ់មីស៊ីលជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល។ ប៉ុន្តែមិនបណ្ដាលឱ្យមានមនុស្សស្លាប់ ឬរបួសទេព្រោះអ៊ីស្រាអែលដឹងមុន និងបានជម្លៀសមនុស្សចេញអស់រលីង។
នៅពេលសង្គ្រាមបន្តឆាបឆេះយ៉ាងក្ដៅគគុកដូច្នេះ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ព្រមានថាបើអាមេរិកចូលរួមនៅក្នុងសង្គ្រាមនេះ (មានន័យថាព្រួតគ្នាវាយអ៊ីរ៉ង់) ពេលនោះ សង្គ្រាមនឹងផ្ទុះឡើងយ៉ាងពេញទំហឹង ហើយជាសង្គ្រាមប្រយុទ្ធគ្នាយកស្លាប់រស់តែម្ដង។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ព្រមានដូចខាងលើនេះនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍អាល់ចាស៊ីរ៉ា (Al Jazeera) ដោយមិនបរិយាយលម្អិតពេកទេ។
គេដឹងថាទាហានអាមេរិកាំងរាប់ពាន់នាក់កំពុងឈរជើងនៅប្រទេសជិតៗនោះ។ ដូច្នេះ មីស៊ិលរបស់អ៊ីរ៉ង់អាចបាញ់ដល់។ ឥឡូវនេះ អាមេរិក និងអ៊ីរ៉ង់ចូលលក្ខណៈកម្លាគ្នាទៅវិញទៅមក។ អាមេរិកព្រមានថាបើអ៊ីរ៉ង់ហ៊ានប៉ះពាល់ផលប្រយោជន៍របស់ខ្លួន ខ្លួននឹងសងសឹកវិញ។ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់ទៀតថ្លែងថារដ្ឋាភិបាលរបស់លោកនឹងបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ប្រើប្រាស់ក្នុងន័យសន្តិភាព។ នេះជាការឆ្លើយតបទៅលោកត្រាំដែលទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង។
អ៊ីស្រាអែលអះអាងថាខ្លួនវាយទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បាញ់មីស៊ីលជាច្រើនគ្រាប់។ ប៉ុន្តែអ៊ីស្រាអែលអាចបាញ់ទម្លាក់បានដប់គ្រាប់។ អង្គការសហប្រជាជាតិថ្លែងថាអ៊ីស្រាអែលវាយប្រហារទីតាំងចម្រាញ់អ៊ុយរ៉ាញ៉ូមនៅរដ្ឋធានីតេអេរ៉ង់ និងទីតាំងក្បែរៗនោះ។ ក្រុមសិទ្ធិមនុស្សអះអាងថាសង្គ្រាមរយៈពេល៦ថ្ងៃកន្លងទៅនេះបានសម្លាប់មនុស្ស៥៨៥នាក់។ ក្នុងនោះ ជនស៊ីវិល២៣៩នាក់។ មនុស្សជាង១៣០០នាក់ក៏រងរបួសនៅក្នុងហេតុការណ៍នេះផងដែរ។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូង អ៊ីរ៉ង់បាញ់មីស៊ីល៤រយគ្រាប់ និងបញ្ជូនដ្រូនរាប់រយគ្រឿងទៅវាយប្រហារអ៊ីស្រាអែលបណ្ដាលឱ្យស្លាប់មនុស្ស២៤នាក់ និងរបួសរាប់រយនាក់។ គេសង្កេតឃើញថាអ៊ីរ៉ង់បាញ់មីស៊ីលកាន់តែតិចទៅៗមិនដឹងមកពីមូលហេតុអ្វីទេ។ ប្រភពខ្លះថាទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ខូចខាតអស់ជាច្រើនដោយសារការវាយប្រហាររបស់អ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ