រាជធានីភ្នំពេញ ៖ បុរសម្នាក់ជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ លុះពិនិត្យរួចបានជិះម៉ូតូ១គ្រឿងឌុបគ្នាឆ្លងផ្លូវ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូ១គ្រឿងផ្សេងទៀតក្នុងល្បឿនលឿនដូចហោះ វ៉ាជែងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៅដល់បុកពេញទំហឹង បណ្ដាលឲ្យបុរសជាប្ដីរូបនោះស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រពន្ធរបួសដោយឡែកភាគីម្ខាងទៀតរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅតាមមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង) ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលស្លាប់ខាងលើនោះឈ្មោះ ស្រិន ថន អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ចំណែកប្រពន្ធគាត់រងរបួស អ្នកទាំង២ មានទីលំនៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពួកគាត់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FJ-7007 ។
ដោយឡែកភាគីម្ខាងទៀតមាន២នាក់ដែរ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LN-0396 បានរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។ ក្នុងនោះទី១,ឈ្មោះ គឹម ណាភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី២,ឈ្មោះដា រា ភេទប្រុស រអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះឈ្មោះ ស្រិន ថន បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែតឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះនៅគ្លីនិកមួយកន្លែង ស្ថិតនៅក្នុងផ្សារកាណាសុីធី ។ លុះពិនិត្យរួចបានឌុបប្រពន្ធចេញពីទីនោះឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែ យុវជន២នាក់ខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ក្នុងក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត វ៉ារថយន្តមិនចាំម៉ាក១គ្រឿងទៅដល់បុកពេញទំហឹង ។ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូស៊ុយហ្ស៊ុយគីលែតនោះខ្ទាតបោកផ្ទប់ខឿនពុះចែកទ្រូងផ្លូវ ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រពន្ធរងរបួស ចំណែកយុវជនដែលជិះម៉ូតូហុងដាឌ្រីមសេ១២៥ របួសធ្ងន់ម្នាក់និងស្រាលម្នាក់ រីឯម៉ូតូរងការខូចខាតទាំង២គ្រឿង ។
ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនិងនាំ យកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ ៕








ចែករំលែកព័តមាននេះ