រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានព្រមានទម្លាយសំឡេងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃទាំងស្រុងដែលមានរហូតដល់ជាង១៧នាទីបើថៃចង់បាន។

សម្តេចតេជោ ហ៊ុន សែនបានសរសេលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥ថា៖
កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា៖« សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្ត្រីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្ត្រៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់»។
ការបែកធ្លាយសំឡេងចំពោះការសន្ទនានេះត្រូវបានសម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា៖
នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។
សម្តេចតេជោបានគូសបញ្ជាក់ថាបន្ថែមថា៖ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧ៈ០៦នាទី។
បើតាមសារសំឡេងដែលបែកធ្លាយនោះភាគីថៃចង់ឲ្យកម្ពុជាបើកច្រកព្រំដែនដូចដើម ប៉ុន្តែសម្តេចតេជោបានបញ្ជាក់ថាមិនអាចធ្វើបានទេ ព្រោះភាគីថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះថៃត្រូវតែបើកមុន ទើបកម្ពុជាបើកតាមក្រោយ។
តាមអ្នកបកប្រែកឲ្យសម្តេចតេជោក្នុងសំឡេងសន្ទនានោះដែរនាយករដ្ឋមន្ត្រីថៃបានលើកឡើងថាប្រជាពលរដ្ឋមានការខឹងនឹងខ្លួនដែលបិទព្រំដែនជាមួយកម្ពុជា ខណៈការបិទនេះមេយោធាថៃអ្នកបញ្ជាឲ្យបិទហើយមិនបានផ្តល់ព័ត៌មានឲ្យខ្លួនដឹងជាមុន៕
ចែករំលែកព័តមាននេះ