ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​ជា​ច្រើន​នាក់​សម្រុក​ចូលមក​ប្រទេស​​វិញ ខណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ក្រសួង​ការងារ​រង់ចាំ​ចុះ​ឈ្មោះ​ឱ្យ​ចូល​ធ្វើ​ការងារ​នៅ​ក្នុងស្រុក

12 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជា​ពលករ ក្មេង​ចាស់ ប្រុស ស្រី ជា​ច្រើន​នាក់…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជា​ពលករ ក្មេង​ចាស់ ប្រុស ស្រី ជា​ច្រើន​នាក់ ដែល​មានស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប​ជាដើម បាន​នាំ​គ្នា​សម្រុក​ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោយ​ពេល​ដែល​មានការ​ចម្រូងចម្រាស់​គ្នា រវាង​ប្រទេស​ថៃ​ជាមួយនឹង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​រឿង​ប្រាសាទ ដើម្បី​ចូល​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​មូលដ្ឋាន​តាម​ខេត្ត​រៀង​ៗ​ខ្លួន ដោយ​មាន​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ខាង​ក្រសួង​ការងារ ឈរ​រង់ចាំ​ទទួល​ស្វាគមន៍ ពួក​គាត់​យ៉ាង​កក់ក្តៅ ហើយ​ណែនាំ​ការងារ​ឱ្យធ្វើ​តែ​ម្តង​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ សុខ ម៉ុ​ន អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ទៅ​ស៊ីឈ្នួល​ធ្វើ​ចំការ​ដំណាំ​ឱ្យ​ថៅកែ​ថៃ​ម្នាក់ នៅ​ខេត្ត​ចន្ទ​ថា​ក់បូ​រី ប្រទេស​ថៃ អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​នាំ​ប្រពន្ធ និង​កូន​ៗ ទៅ​រស់នៅ​ទីនោះ​។ តែ​ក្នុង​១​ខែ​ៗ មិន​សល់​ថវិកា​ច្រើន​ប៉ុន្មាន​នោះ​ទេ បន្ទាប់​ពី​បើក​ប្រាក់ខែ​មក ត្រូវ​ចំណាយ​ទៅ​លើ​ទិញ​ម្ហូបអាហារ និង​ផ្ញើ​ទៅ​សង​ជំពាក់​បំណុល​គេ​នៅ​ឯ​ស្រុក​កំណើត​។ លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​មាន​បញ្ហា​ជម្លោះ​គ្នា​រវាង​ប្រទេស​ថៃ​ជាមួយនឹង​ប្រទេស​កម្ពុជា ស្រាប់តែ​ថៅកែ​ចំការ​ខាងលើ បាន​បញ្ឈប់​មិន​ឱ្យ​បន្ត​ធ្វើការ​ទីនោះ​ទៀត ដោយ​ឱ្យ​រៀបចំ​ឥ​វ៉ា​ន់​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​គិត​ថា​នៅ​ក្នុង​ប្រទេស​ខ្មែរ ក៏​មិន​អត់​ការងារ​ធ្វើ​ដែរ ដោយនៅ​ពេល​នេះ លោក​ពិតជា​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​មាន​អភិបាលខេត្ត​ប៉ៃលិន និង​ខាង​ក្រ សួង​ការងារ​រង់ចាំ​ទទួល​ឱ្យ​ចុះ​ឈ្មោះ​ធ្វើ​ការងារ​នៅ​ស្រុក​ខ្មែរ​វិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃក្រោយ​គ្រួសារ​របស់​លោក​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ស៊ីឈ្នួល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ទៀត​ឡើយ ដោយ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នៅ​ក្នុងស្រុក​របស់​ខ្លួន​ប្រសើរ​ជាង ព្រោះ​អាច​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​ញាតិ​មិត្ត​នៅ​ក្បែរ​ៗ​គ្នា ពេល​មាន​អាសន្នអន្ធក្រ​អ្វីមួយ​កើតឡើង គឺ​អាច​ជួយ​គ្នា​ទាន់​ពេលវេលា​។

ចំណែក​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រុញ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ ចុះ​ទៅ​តាម​គោលដៅ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ព្រំដែន​ប្រទេស​ថៃ ដោយ​សហការ​ជាមួយនឹង​អភិបាលខេត្ត​នីមួយ​ៗ រង់ចាំ​ទទួល​ពលករ និង​ណែនាំ​ការងារ​ជូន​ដល់​ពួក​គាត់​ធ្វើ ខណៈ​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​វិញ ជា​ពិសេស​ទទួល​បានការ​ណែនាំ​ការងារ​សំណាក់​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​ខេត្ត​ផ្សេង​ៗ​ផ្ទាល់​តែ​ម្តង​។

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ពលករ​នៅ​ក្រៅប្រទេស​មួយ​ចំនួន ជា​ពិសេស​ប្រទេស​ថៃ ធ្លាប់​ចាញ់​ការ​ញុះញង់​ពួក​ជ្រុលនិយម សូម​ឱ្យ​បែរមក​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​វិញ ព្រោះ​សម្តេច​នាយក​រដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ពលករ​ទាំងអស់​គ្រប់​ៗ​គ្នា​។

សូម​បញ្ជាក់​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក៏​ដូច​ជា​ច្រក​ទ្វារ​ផ្សេង​ៗ​ទៀត​ដែរ នៅ​មាន​ភាព​តានតឹង ដោយ​មិន​អនុញ្ញាត​ឱ្យ​នាំ​យក​បន្លែ ឬ​ផ្លែ​ឈើ​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ឡើយ​។ ចំណែកឯ​ភ្ញៀវ​ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ចេញចូល​ឆ្លង​ដែន​នៅ​វេលា​ម៉ោង ៩ និង​០០​នាទី​ព្រឹក និង​បិទ​ច្រក​ទ្វារ​ទៅ​វិញ​នៅ​វេលា​ម៉ោង​៤ និង​០០​នាទី​រសៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ