ខេត្ដព្រះវិហារ៖ ឯកឧត្តមអភិបាលខេត្ដព្រះវិហារ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសនេសាទនានា ដើម្បីបង្កើនផលត្រី និងរក្សាសន្តិសុខស្បៀង។
ការថ្លែងនេះរបស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ដព្រះវិហារ ក្នុងពិធីលែងកូនត្រី និងត្រីមេពូជប្រមាណជាង ១០០ គីឡូក្រាម ស្មើនឹងប្រមាណជាង ៣៥.០០០ក្បាល ចូលទៅក្នុងស្រះធម្មជាតិ ដើម្បីបង្កើនធនធានជលផលឡើងវិញ និងដើម្បីអបអរសាទរ «ទិវាមច្ឆជាតិ ០១កក្កដា» ឆ្នាំ២០២៥។
បើតាមមន្ទីរព័ត៌មានខេត្ដព្រះវិហារ បានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្ដព្រះវិហារ បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ហើយនិងប្រជាពលរដ្ឋយកចិត្តទុកដាក់ និងចូលរួមអនុវត្តន៍នូវវិធានការ ដូចជាត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតបន្ថែមទៀត ចំពោះការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយគ្រឿងផ្ទុះ ជាពិសេសការចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង ឬនៅតំបន់ត្រីពងជាដើម និងបន្តចូលរួមបំផុសចលនាលែងត្រីនេះ នៅគ្រប់កន្លែង តាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណីលែងត្រី បង្កើន ស្មារតីអភិរក្សជលផល ក៏ដូចជាការបង្កើនផលត្រី សំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ដ ក៏បានណែនាំដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារមេពូជត្រី និងកូនត្រី ដែលលែងក្នុងឱកាសនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់កូនចៅយើងជំនាន់ ក្រោយៗទៀត។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធទិវាមច្ឆជាតិនេះឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋាន ចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ទន្ទឹមនឹងនេះ ថ្ងៃទី០១ ខែកក្កដានេះ ក៏ជាថ្ងៃក្នុងរយៈពេលបិទនេសាទទូទាំងប្រទេសផងដែរ ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីឱ្យពពួកមច្ឆា មេត្រីបានពងកូនបន្តពូជ សម្រាប់ឆ្នាំក្រោយៗទៀត៕

ចែករំលែកព័តមាននេះ