ទីក្រុងកៀវ៖ ថ្ងៃនេះ រុស្ស៊ីវាយប្រហារចំមន្ទីរសម្ភពធ្វើឱ្យអ្នកជំងឺ និងអ្នកដែលសម្រាកនៅទីនោះរត់ចែកជើងគ្នាប្រសាច។ ការវាយប្រហារដោយដ្រូនទៅលើទីក្រុងខាគីវនោះបានធ្វើឱ្យមណ្ឌលសម្ភពខូចខាត បែកកញ្ចក់បង្អួច និងរាយអំបែងមុតស្រួចពេញគ្រែអ្នកជំងឺ។ សាច់ញាតិរបស់ស្ត្រីដែលមានកូនខ្ចីត្រូវប្រញាប់រូតរះទៅមើលកូនង៉ែត និងជួយបាំងឱ្យផុតពីគ្រោះថ្នាក់។
ស្ត្រីជាម្ដាយបីនាក់ និងកូនង៉ែតទើបតែប្រសូត្រមកថ្មីៗបីនាក់រងការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ។ ឥឡូវនេះ កំពុងទទួលបានការមើលថែទាំដោយយកចិត្តទុកដាក់។ ស្ត្រីម្នាក់ឈ្មោះអូឡិចសាន់ដឺ ឡាវ៉ារីនេនកូ (Oleksandra Lavrynenko) ទើបតែសម្រាលកូនខ្ចី និងកំពុងសម្រាកនៅមន្ទីរសម្ភពនោះ។ អ្នកស្រីប្រាប់ថានៅសុខៗស្រាប់តែឮមានសំឡេងផ្ទុះក្ឌូង។ អ្នកស្រី និងស្វាមីក៏ស្ទុះទៅចាប់កូនង៉ែត។ មិនយូរប៉ុន្មានមានគ្រាប់កាំភ្លើងធ្លាក់ត្រូវចំអគារកំពុងសម្រាកនោះធ្វើឱ្យបែកកញ្ចក់បង្អួចខ្ចាយ។
ពួកគេប្រញាប់ចាប់កូនង៉ែតទើបតែកើតបានមួយថ្ងៃចុះទៅជម្រកក្រោមដី។ ទិដ្ឋភាពនៅពេលនោះគួរឱ្យព្រឺសម្បុរណាស់។ នៅក្នុងអគារនេះឃើញតែអំបែងកញ្ចក់មុតស្រួចរាយប៉ាយពាសពេញកម្រាលឥដ្ឋ និងគ្រែគេង។ អ្នកជំងឺ និងបុគ្គលិកពេទ្យត្រៀមជម្លៀសខ្លួនចេញពីទីនោះជាបន្ទាន់។ វេជ្ជបណ្ឌិតម្នាក់ឈ្មោះអូឡិចសាន់ដឺ ខុនឌ្រីយ៉ាត់ស្គី (Oleksandr Kondriatskyi) ប្រាប់ថាការវាយប្រហារលើកនេះធ្វើឱ្យខូចខាតចំហៀងអគារដែលជាកន្លែងទុកដាក់គ្រឿងបរិក្ខារ និងបន្ទប់វះកាត់។
គាត់និយាយបន្តទៀតថាគ្រប់គ្នា ទាំងបុគ្គលិកពេទ្យ និងស្ត្រីសម្រាលកូន សុទ្ធតែប៉ះទង្គិចចិត្តធ្ងន់ធ្ងរដោយសារការវាយប្រហារលើកនេះ។ ស្ត្រីខ្លះទើបតែសម្រាលកូនបានពីរបីថ្ងៃ ហើយស្ត្រីខ្លះសម្រាលដោយវះកាត់ទៅទៀត។ គួរកត់សម្គាល់ថាចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូងកាលពីឆ្នាំ២០២២ ខាគីវជាកន្លែងរងការវាយប្រហារខ្លាំងជាងកន្លែងណាៗទាំងអស់ដោយសារទីនេះស្ថិតនៅកៀកនឹងព្រំដែន និងជាទីក្រុងធំលំដាប់ទី២របស់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ