ខេត្តព្រះវិហារ៖ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពគូលែន បានជួយសង្គ្រោះស្ត្រីម្នាក់ដែលឈឺពោះសម្រាលកូននៅលើគោយន្ត តាមបណ្តោយផ្លូវដាច់ស្រយាលមួយកន្លែង។
បើតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានបញ្ជាក់ថា ករណីនេះបានកើតឡើងបន្ទាប់ពីលោកប្រធានមណ្ឌលសុខភាពគូលែន បានទទួលទូរស័ព្ទពីក្រុមប្រឹក្សាឃុំគូលែនជើង រាយការណ៍ថា មានប្អូនស្រីម្នាក់ឈ្មោះ ពៅ សារឿន ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កំពុងឈឺពោះសម្រាលកូននៅលើគោយន្ត ពេលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងតំបន់ដាច់ស្រយាល។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកប្រធានមណ្ឌលសុខភាព បានចាត់ឱ្យមន្ត្រីឆ្មបម្នាក់ រួមជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ ចេញទៅជួយអន្តរាគមន៍ជាបន្ទាន់។ ក្រុមការងារសង្គ្រោះ បានទៅដល់ទីតាំងកើតហេតុទាន់ពេលវេលា ហើយបានជួយសម្រាលកូននៅលើគោយន្តនោះតែម្តង។
ម្តាយ និងទារកដែលជាកូនប្រុសទី២ របស់គាត់ មានទម្ងន់ ៣,២ គីឡូក្រាម មានសុខភាពល្អទាំងពីរនាក់។ បន្ទាប់ពីសម្រាលរួច ក្រុមគ្រូពេទ្យក៏បានបញ្ជូនពួកគាត់ទាំងពីរនាក់ មកសម្រាកនៅមណ្ឌលសុខភាពគូលែន ដើម្បីតាមដានសុខភាពបន្ត និងធានាបាននូវសុវត្ថិភាពពេញលេញ៕
ចែករំលែកព័តមាននេះ