ប្រទេសហ្សឺណែវ, ស្វ៊ីស៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មជាមួយប្រព័ន្ធ Lisbon និងអង្គការ WIPO ដើម្បីលើកកម្ពស់ផលិតផលជាតិ ពិសេសផលិតផលមានសក្តានុពល GI ដើម្បីចុះបញ្ជីការពារនៅក្នុងប្រព័ន្ធ Lisbon ទៅកាន់ឆាកអន្តរជាតិ និងជាផ្នែកមួយនៃការចូលរួមសម្រេចបាននូវការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។
ការថ្លែងនេះរបស់ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសបានអញ្ជើញចូលរួមក្នុងឱកាសប្រារពខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ។
បើតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងពីមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសដំបូងគេដែលបានចូលជាសមាជិកនៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រកាលពីឆ្នាំ២០១៨ និងជាប្រទេសដំបូងគេដែលទទួលបានការការពារជាអន្តរជាតិ តាមរយៈការចុះបញ្ជី «ម្រេចកំពត» ដែលជាផលិតផលជាតិមានអត្តសញ្ញាណវប្បធម៌ និងមរតកប្រវត្តិសាស្ត្រ ក៏ដូចជាការអភិវឌ្ឍរបស់សហគមន៍កសិករកម្ពុជានៅក្នុងខេត្តកំពត ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងដែរថា សព្វថ្ងៃនេះ កម្ពុជាបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ ឬ GI ជាតិសរុបបានចំនួន ៦ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី សូត្រតាកែវ និងអង្ករក្រអូបព្រះវិហារ។ ដោយឡែកផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីក្រោមប្រព័ន្ធ Lisbon មានដូចជា ម្រេចកំពត និងអំបិលកំពត-កែប ដោយបានទទួលសិទ្ធិការពារជាអន្តរជាតិតាមរយៈអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ ព្រមទាំងបានជួយពង្រឹងសមត្ថភាពដឹកនាំម៉ាក ការបន្ថែមតម្លៃ និងទំនុកចិត្តសម្រាប់អ្នលប្រើប្រាស់ផងដែរ។
សូមជម្រាបជូនថា ក្នុងឱកាសនៃការប្រារពខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសនេះ កម្ពុជាក៏បានចូលរួមរៀបចំដាក់តាំងបង្ហាញ និងអញ្ជើញភ្ញៀវចូលទស្សនានិងសាកល្បងផលិតផល GI របស់កម្ពុជា រួមមាន៖ ម្រេចកំពត អំបិលកំពត-កែប និងផលិតផលមួយចំនួនទៀត ផងដែរ៕
ចែករំលែកព័តមាននេះ