ខេត្តតាកែវ ៖ យ៉ាងហោចណាស់មានមនុស្សប្រុស-ស្រីចំនួន២៣នាក់រងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដោយរថយន្តដឹកអ្នកដំណើរមួយគ្រឿងបែកកង់ក្រោយ ហើយរេចង្កូតក្រឡាប់ធ្លាក់ថ្នល់ តែមិនបណ្តាលឱ្យមាននរណាម្នាក់បាត់បង់អាយុជីវិតឡើយ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី៤ មិថុនា វេលាម៉ោង៩ និង២០នាទីព្រឹកនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១ និងលេខ៩២ ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ។
លោកអនុសេនីយ៍ឯក ឃី វណ្ណា អធិការរងនគរបាលស្រុកត្រាំកក់ឱ្យដឹងថា ជនរងគ្រោះដែលជិះនៅក្នុងរថយន្តសុទ្ធតែជាកម្មករ កម្មការិនី រោងចក្រកាត់ដេរនៅភ្នំពេញដែលវិលត្រឡប់ពីស្រុកកំណើត បន្ទាប់ពីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ចំពោះអ្នករងរបួសទាំង២៣នាក់នោះមានធ្ងន់៩នាក់ និងស្រាល១៤នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ លោកអធិការរងស្រុកបានបន្តថា ជនរងគ្រោះទាំងអស់ជិះរថយន្តទួរីស ម៉ាកហ៊ីយ៉ាន់ដាយ ដឹកអ្នកដំណើរ ពណ៌ស ចេញពីភូមិត្រពាំងរបើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ដោយធ្វើដំណើរពីលិចទៅកើតតាមផ្លូវជាតិលេខ៣ សំដៅទៅកន្លែងស្នាក់នៅឯរាជធានីភ្នំពេញវិញ ។ ពេលកំពុងធ្វើដំណើររថយន្តបានបែកកង់ក្រោយខាងឆ្វេង ហើយអ្នកបើកបរបាត់បង់ម្ចាស់ការក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់រថយន្តបោកជាប់ដើមអំពិលទឹកខាងត្បូងថ្នល់ ឯអ្នកជិះក្នុងរថយន្តរងរបួសដេករដូករណែលពេញផ្លូវ ។
អ្នករងរបួសធ្ងន់ទាំង៩នាក់មាន ១-ឈ្មោះឡឹប ចន្ធូ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ២-ឈ្មោះណាក់ អឿន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ៣-ឈ្មោះកង គឹមហេន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំវត្តគយ ស្រុកឈូក ៤-ឈ្មោះសាន់ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិត្រពាំងរបើក ឃុំត្រពាំងបី ស្រុកឈូក ៥-ឈ្មោះមុំ ស្រី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ៦-ឈ្មោះយន មុំ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងរបើក ឃុំត្រពាំងបី ស្រុកឈូក ៧-ឈ្មោះភាព ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ៨-ឈ្មោះឡា ប្រុស ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក និង៩-ឈ្មោះណែម ភ័ស ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ។
សាក្សីនៅក្បែរកន្លែងកើតហេតុ និយាយថា គេឃើញរថយន្តទួរីសមួយគ្រឿងនេះដឹកមនុស្សប្រហែលជាង៣០នាក់ បើកបោះពួយយ៉ាងលឿនពីលិចទៅកើត លុះដល់ចំណុចខាងលើ រថយន្តបែកកង់ក្រោយខាងឆ្វេងបណ្តាលឱ្យ ក្រឡាប់ចាក់មនុស្សចោលពេញថ្នល់រងរបួសស្រែកទ្រហោយំគ្រប់គ្នា ។
ភ្លាមៗនោះប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំត្រាំកក់ដែលនៅក្បែរនោះ បានទាក់ទងហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបរត្រូវបានប៉ូលិសប៉ុស្តិ៍ឃាត់ខ្លួន និងត្រូវបានរថយន្តបំពាក់ស៊ីរ៉ែនរបស់ប៉ូលិសចរាចរខេត្តនាំយកអ្នកបើកបរនោះទៅបាត់ ដែលជាការឃាត់ខ្លួនឱ្យទទួលខុសត្រូវចំពោះការបង្កឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ ៕
ចែករំលែកព័តមាននេះ