រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងសង្ស័យជិះម៉ូតូកង់បីឥណ្ឌាវង្វេងផ្លូវ បណ្តាលឱ្យធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទឹកទន្លេ ផ្អើលប្រជាពលរដ្ឋរស់នៅក្បែរនោះនាំគ្នាជួយសង្គ្រោះ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ សីហា ឆ្នាំ២០២៥ មាត់ទន្លេ ផ្លូវ៣៥៧ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើកម៉ូតូកង់បីឥណ្ឌារបស់ខ្លួនធ្វើដំណើរតាមបណ្ដោយផ្លូវ៣៥៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ជិតកន្លែងកើតហេតុ ដែលជាផ្លូវទាល់មាត់ទន្លេ មានគេដាក់របាំងថ្មឃាំងនៅទីនោះ ដើម្បីការពារ ។ បន្ទាប់មក អ្នកបើកម៉ូតូបានឈប់ហើយចុះដើរទៅមើល រួចដើរត្រឡប់ទៅឡើងបញ្ឆេះម៉ូតូ ជិះទៅចូលផ្លូវមួយប្រឡោះកង់បី បណ្តាលឲ្យធ្លាក់ទាំងម៉ូតូកង់បីនិងមនុស្សចូលទឹកទន្លេលិចបាត់តែម្ដង ។
តាមប្រភពដដែលបន្តទៀតថា ដោយឃើញសភាពបែបនេះ ប្រជាពលរដ្ឋនៅក្បែរៗនោះបាននាំគ្នាចុះទៅជួយទាញយកបុរសជាអ្នកបើកម៉ូតូឡើងលើគោកវិញដោយមិនមានរបួសនោះទេ តែស្ថិតក្នុងស្ថានស្រវឹង និងបាននាំគ្នាជួយយកខ្សែដើម្បីអូសទាញយកម៉ូតូកង់បីមកលើគោកវិញ តែពលរដ្ឋអូសមិនរួចនោះទេ ក៍សម្រចយកខ្សែចងជាប់ទុកនៅមាត់ច្រាំងសិន ។
ករណីនេះផងដែរ បន្តិចក្រោយមកមានបងប្អូនខាងម៉ូតូកង់បីមកដល់ ក៍សម្រចយកបុរសជាអ្នកបើកម៉ូតូកង់បីត្រឡប់ទៅផ្ទះសិន លុះព្រឹកឡើងទើបរករថយន្តស្ទូចដើម្បីស្ទូចយកម៉ូតូកង់បីទៅជួសជុលដោយខ្លួនឯងវិញ ៕










ចែករំលែកព័តមាននេះ