រាជធានីភ្នំពេញ ៖ កម្មករសំណង់៣នាក់ឪពុកនិងកូនប្រុសបានជិះម៉ូតូ១គ្រឿងឌុបគ្នាទៅធ្វើការ ហើយបានវាក់ជាមួយរថយន្ត១គ្រឿងដឹកអេតចាយដឹកអេតចាយសំពីងសំពោង ដែលកំពុងបើកបរស្របគ្នារួចបត់ស្ដាំ ហើយម៉ូតូជាន់ហ្វ្រាំងមិនជាប់និងគេចចេញមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកអេតចាយនោះ ។បណ្ដាលឲ្យរេចង្កូតខ្ទាតទៅបុកជាមួយរថយន្តបែនដឹកដី១គ្រឿងទៀតហើយក៏ត្រូវរថយន្តបែននោះកិនកូនប្រុសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ចំណែកឪពុកនិងកូនប្រុសម្នាក់ទៀតរងរបួសស្រាល ហើយរថយន្តបែននោះបានបើកគេចបាត់ស្រមោល ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នគរបាលបានប្រាប់ឲ្យដឹងថា យុវជនដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះឃឿន សុខខៃ អាយុ២២ឆ្នាំ រីឯបុរសជាឪពុកនិងកូនប្រុសម្នាក់ទៀតរងរបួសស្រាល និងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។
ជនរងគ្រោះទាំង៣នាក់ឪពុកនិងកូននេះស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ពួកគាត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IY-3717 ។ ដោយឡែករថយន្តដឹកអេតចាយម៉ាកKIA ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2R-0769 បើកបរដោយបុរសម្នាក់ ដឹកអឹតចាយយ៉ាងសំពីងសំពោង ។ រីឯរថយន្តបែនដែលកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់នោះមិនត្រូវបានស្គាល់ម៉ាកនិងស្លាកលេខនោះឡើយ និងបានបើកគេចបាត់ដោយសុវត្ថិភាព ។

នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ឪពុកនិងកូនខាងលើនោះ បានជិះម៉ូតូឌុបគ្នាចេញពីកន្លែងស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើទៅធ្វើការនៅការដ្ឋានសំណង់១ទៀតស្ថិតនៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ខណៈនោះធ្វើដំណើរតាមផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចទៅកើត ស្របគ្នាជាមួយរថយន្តដឹកអេតចាយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តដឹកអេតចាយ បានបត់ស្ដាំ ទាំងប្រថុចញ៉ុច ជាហេតុធ្វើឲ្យជនរងគ្រោះវាក់គេចក៏មិនទាន់ ហើយជាន់ហ្វ្រាំងឈប់ក៏មិនទាន់ ក៏បានជ្រុលទៅបុកពីក្រោយពេញទំហឹង ។

នគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះម៉ូតូបានរេចង្កូតជ្រុលទៅជាមួយរថយន្តបែន១គ្រឿងមិនចាំម៉ាកនិងមិនចាំស្លាកលេខ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិចក្នុងល្បឿនលឿន បណ្ដាលឲ្យដួលយុវជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយបុរសជាឪពុកនិងកូនប្រុសម្នាក់ទៀតខ្ទាតផុតពីកង់រថយន្តរងរបួសស្រាល ។
បន្ទាប់មករថយន្តបែនខាងលើបើកគេចបាត់ស្រមោល ចំណែករថយន្តដឹកអេតចាយ ត្រូវបាននគរបាលប៉ុស្តិ៍រលួសនិងប្រជាពលរដ្ឋឃាត់បាន ក្រោយមកនគរបាលការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បានចុះទៅធ្វើការវាស់វែងនិងពិនិត្យនៅកន្លែងកើតហេតុ រួចនាំយកម៉ូតូជនរងគ្រោះនិងរថយន្តដឹកអេតចាយទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ព្រមទាំងប្រគល់សពយុវជនរងគ្រោះទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ