រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ១គ្រឿង បានបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្ត ១គ្រឿងទៀតម៉ាកតូយ៉ូតាព្រូសយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ខ្លួនឯង ៣ត្រលប់ផ្ងារជើងទ្រមេឃ ខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាលប៉ុណ្ណោះ ចំណែករថយន្តតូយ៉ូតាព្រូស បានរងការខូចខាតខ្ទេចពីក្រោយចំហៀងខាងឆ្វេង ហើយស្ត្រីដែលជាអ្នកបើបរម្នាក់ បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីជាតិតេជោសន្តិភាព ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ីជីងពីង ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តតូយ៉ូតាហាយឡែនឌ័រ ១គ្រឿងនោះ ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AQ-2552 ចំណែករថយន្តម៉ាកតូយ៉ូតាព្រូសពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2CB-3648 ហើយអ្នកបើកបររថយន្តទាំង២គ្រឿងនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុរថយន្តម៉ាកហាយឡែនឌ័រខាងលើ បានបើកបរធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនតាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកតូយ៉ូតាព្រូសដែលកំពុងបើកបរស្របគ្នាពេញទំហឹង និងជ្រុលធ្លាក់ផ្លូវទាំង២គ្រឿងតែម្ដង ។
ប្រជាពលរដ្ឋដដែលបាននិយាយបន្តថា ខណៈនោះរថយន្តហាយឡែនឌ័រនោះបានក្រឡាប់៣ត្រលប់ផ្ងារជើងឡើងលើទ្រមេឃរងការខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែអ្នកបរនិងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាលប៉ុណ្ណោះ ។ បន្ទាប់មកបាននាំគ្នាលូនចេញក្រៅតាមកញ្ចក់ទ្វាររថយន្តដោយសុវត្ថិភាព ដោយឡែករថយន្តតូយ៉ូតាព្រូស បានរងការខូចខាតខ្ទេចពីក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ ហើយបណ្ដាលឲ្យស្ត្រីដែលជាអ្នកបើបរ បានរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីជាតិតេជោសន្តិភាព ។
ក្រោយពេលកើតហេតុនគរបាល ប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលខណ្ឌកំបូល បានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕






ចែករំលែកព័តមាននេះ