ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិត​​ និង​ដាក់​លក់​​ណែម​​បាត់​ដំបង​​គួរ​ឱ្យ​គយ​គន់​​ជួយ​ដល់​សេដ្ឋ​កិច្ច​​គ្រួសារ​ពលរដ្ឋ​មួយចំនួន

11 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ ៖ ​ ណែម គឺ​ជា​​អា​ហារ​​មួយ​ប្រភេទ​ធ្វើ​អំពី​សាច់​ត្រី​ឆៅ លាយ​ជា​មួយ​គ្រឿងផ្សំជាច្រើនមុខទៀតមានរស់ជាតិប្រៃ ជូរ ហឹរ ដែលប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវ​ជន យុវនារីនិយមចូលចិត្តបរិភោគដើម្បីបំបាត់​ការជូរមាត់សំរន់​ការ​ឃ្លាន និង​ញ៉ាំ​លេង​ជំនួស​ការ​អផ្សុក ដោយសារតែវាមានរស់ជាតិហឹរខ្លាំង ហើយធ្វើអោយអ្នកទទួលទានណែមច្រើនហូរញើសបញ្ចេញ​

រាជ​​ធានី​ភ្នំពេញ ៖ ​ ណែម គឺ​ជា​​អា​ហារ​​មួយ​ប្រភេទ​ធ្វើ​អំពី​សាច់​ត្រី​ឆៅ លាយ​ជា​មួយ​គ្រឿងផ្សំជាច្រើនមុខទៀតមានរស់ជាតិប្រៃ ជូរ ហឹរ ដែលប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវ​ជន យុវនារីនិយមចូលចិត្តបរិភោគដើម្បីបំបាត់​ការជូរមាត់សំរន់​ការ​ឃ្លាន និង​ញ៉ាំ​លេង​ជំនួស​ការ​អផ្សុក ដោយសារតែវាមានរស់ជាតិហឹរខ្លាំង ហើយធ្វើអោយអ្នកទទួលទានណែមច្រើនហូរញើសបញ្ចេញ​ជាតិ​ពុលមកក្រៅ ។

បើ​និយាយ​ពី​ណែម ប្រជា​ពល​រដ្ឋ​ភាគច្រើន​សំដៅដល់ណែមដែលផលិតនៅខេត្តបាត់ដំបង ទោះបីជាអ្នកទទួលទានណែម ដែល​ផលិតនៅ​ក្នុងខេត្តស្ទឹងត្រែងមួយចំនួនអះអាងថា មានរស​ជាតិឆ្ងាញ់ជាងណែមដែលផលិតនៅខេត្តបាត់ដំបងយ៉ាងណាក្តី ។
បើលោកអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ​៥ចេញផុតពីទីប្រជុំជនក្នុងរាជធានីភ្នំពេញបន្តិច ចាប់ពីសង្កាត់ព្រែកព្នៅ ក្នុង​ខណ្ឌ​ប្ញស្សីកែវ រហូត​ដល់ស្ពានព្រែកក្តាម ក្នុងស្រុកពញាឭ ខេត្ត​កណ្តាល លោកអ្នកនឹងឃើញប្រជាពលរដ្ឋខ្មែរ​និងខ្មែរអ៊ិស្លាម ព្យួរ​ណែម​ដាក់លក់លាយឡំ​ជាមួយ​​អាហារដដទៃទៀត នៅតាមចិញ្ចើមផ្លូវ​អមសងខាងផ្លូវជាតិលេខ៥ ដែលណែមទំាង​នេះ​នំា​មក​ពីខេត្តបាត់ដំបង ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅតាមអមសងខាងផ្លូវជាតិ​លេខ​៥ចាប់ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រហូត​ដល់​ទឹក​ដីខេត្តបាត់ដំបង ក៏គេសង្កេតឃើញមាន​ការ​ដាក់​លក់ណែមលាយឡំជាមួយផ្លែឈើ និងអា​ហារ​ជាច្រើនមុខទៀត ដែល​នំាមកពី​ខេត្ត​​បាត់​ដំបង​នេះដូចគ្នា ។

ជួបជាមួយអាជីករលក់ណែមនៅអមផ្លូវជាតិលេខ៥ជិតរង្វង់មូលព្រាបសក្នុងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង អ្នកស្រីហួយ​បាន​ប្រាប់​កោះសន្តិភាពឱ្យដឹងថា គាត់​ប្រកបរបរ​លក់​ណែមនេះរយៈពេល១០ឆ្នំា មក​ហើយ ហើយ​ណែមដែលអ្នក​ស្រីដាក់​លក់​នេះ គឺនំាមក​ពីឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង ។ ចំពោះ​ណែមគឺមានច្រើនប្រភេទ ដូចជា​ណែម​រុំស្លឹកចេក​រុំស្លឹក​កន្ទួត ​និង​ណែមធម្មតា​ហើយ​មានណែមវែង និងខ្លី ។ ក្នុងសម្តីមួយៗ និង​ទឹក​មុខរួសរាយរាក់ទាក់ អ្នកស្រីហួយ បាន​ប្រាប់​បន្តថា ណែម​ដែល​ផលិតនៅក្នុង​ខេត្ត​បាត់ដំបង​មានរស់ជាតិឈ្ងុយឆ្ងាញ់ហើយមានគុណ​ភាព​ល្អមិនមានដាក់ថ្នំាគីមី ឬក៏ម្សៅមីដូច​ពាក្យ​ចចាម​អារាមនោះទេ គឺណែមនេះផលិត​ចេញ​ពីសាច់ត្រីសុទ្ធសាធ ហើយត្រីដែលយក​មក​ផលិតជាណែមនេះ គឺនាំមកពីបឹងទន្លេ
សាប ។

ទោះជាយ៉ាងណា អ្នកស្រីហួយ បញ្ជាក់​ដែរថា ត្រីដែលយកមកធ្វើណែមនេះភាគ​ច្រើនជាប្រភេទត្រីរ៉ស់មានរស់ជាតិស្វិតឆ្ងាញ់​ពិសា។មិនខុសគ្នាប៉ុន្មានពីការលើកឡើងរបស់អ្នក​ស្រីហួយនោះទេ សម្រាប់អ្នកស្រីសាវឿនអាជី​វករលក់ណែមនៅអមផ្លូវ​ជាតិ​លេខ​៥​បានបញ្ចាក់​ប្រាប់ឲ្យដឹងដែរថា ណែមរបស់គាត់លក់​គឺយក​មកពីម៉ូយដែលគាត់មានទំនុកចិត្ត និងមានគុណ​ភាពល្អ ។

អ្នកស្រីបញ្ជាក់ដោយធានាទៀតថា បើសិនអតិថិជនទិញយកទៅមានរស់ជាតិមិនឆ្ងាញ់ហើយផុយនោះ គាត់នឹងប្តូរជូនភ្លាម ហើយ​​ថា ថ្ងៃដែលគាត់លក់ដាច់ជាងគេ គឺថ្ងៃមានពីធី​បុណ្យ​​ផ្សេងៗ​ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ​ចូល​ឆ្នាំចិន ។ល។
អ្នក​ស្រីសាវឿន ប្រាប់បន្តថាក្នុង១០០ណែម ​គឺចំណេញពី២ទៅ៣​ពាន់រៀលហើយថា ក្នុង​មួយ​ថ្ងៃគាត់រកចំណូលពីការលក់​ណែម​នេះ​​បាន៣០​ម៉ឺនរៀល ឬក៏​ក្រោមនេះតិចតួច ។​

គាត់ក៏សំណូមពរដល់អតិថិជនជួយជាវនូវផលិតផលណែមនេះព្រោះមានគុណភាពល្អហើយមានរស់ជាតិឆ្ងាញ់​សំរាប់បង​ប្អូនដែលចូលចិត្តពិសា ។ដោយឡែកអ្នកស្រីផល្លីជាអ្នកធ្វើណែមផ្ទាល់ និងជាអ្នកលក់ផងនោះបានបញ្ជាក់​ប្រាប់​ពី​របៀប​ធ្វើ​ណែម​ថាណែមដែលគាត់ធ្វើគឺក្នុងមួយថ្ងៃ២០គីឡូក្រាមត្រី ឬច្រើនជាងនេះ​ប្រសិន​បើ​មាន​គេមកបញ្ជាទិញផ្ទាល់ ហើយត្រី​ដែល​គាត់ធ្វើគឺ​ជាប្រភេទត្រីរ៉ស់ ព្រោះត្រីរ៉ស់ មានរស់ជាតិ​ផ្អែម​តិចៗ សាច់ស្វិត និងឆ្ងាញ់ ។

ក្នុងវ័យប្រមាណ៣០ឆ្នាំ អ្នកស្រីផល្លី បាន​ប្រាប់់បន្តថា របៀបធ្វើគឺមុនដំបួង​លាងត្រី​អោយ​ស្អាត រួចហើយចម្រោះអោយស្រស់ទឹក បន្ទាប់មកយកវាទៅកិននឹងម៉ូទ័រ ហើយយក​ទៅកិនលាយជាមួយគ្រឿង ហើយយកវាចេញ​ជាគ្រាប់ បន្ទាប់មកចងទុក​រយះពេល​៣ថ្ងៃអាច​ទទួល​ទានបាន ។ ចំពោះត្រីដែលគាត់យកមក​ធ្វើក្នុង១០គីឡូក្រាមត្រី គឺបានណែមប្រមាណ ១០០០ពាន់គ្រាប់ ។​អ្នក​ស្រី​បន្ថែមថា បើ​អតិថិ​ជនជាវយកទៅពិសាមិនទាន់អស់ គឺ​អាចយក​ទៅក្លាសេ្សទុកមិនខូចគុណភាពនោះទេ ។

ជួបជាមួយអ្នកផលិតណែមក្នុងភូមិខ្ពប ស្រុកឯកភ្នំផងដែរ លោកហម ថា បានប្រាប់ឲ្យ​ដឹងពីរបៀបធ្វើណែមដែរថា មុនដំបូងគេ​យក​ត្រីមក​ហូតយកឆ្អឹង ឬបកសំបក រួចហើយយក​ទៅលាងទឹកដាក់ទុកឲ្យស្រស់ទឹក ទើប​យក​ទៅ​កិនជាមួយគ្រឿងផ្សំ​ដែល​មាន​ដូចជាម្សៅស៊ុប ខ្ទឹម.ស រំដេង ម្ទេស ប៊ីចេង និងអំបិល ។

ទោះជាយ៉ាងណា ក្នុងវ័យជាង៣០ឆ្នាំ លោក​ហម ថា បានត្អូញត្អែរពីការលំបាក​ក្នុង​ការរកត្រីល្អៗមកធ្វើណែមដើម្បីឲ្យមាន​គុណ​ភាពនិងរស់ជាតិឆ្ងាញ់ ដែលត្រីទំាងនោះ​មាន​ដូចជាប្រភេទត្រីឆ្តោ ត្រីរ៉ស់ ត្រីផ្ទក់ និងត្រី​ឌៀប​នោះជាដើម ។ លោកបន្តថា សព្វ​ថ្ងៃ​លោក​ទិញ​ត្រីចិញ្ចឹមពីប្រទេសថៃយកមកធ្វើ ប៉ុន្តែ​គុណ​ភាពមិនចាញ់គ្នាប៉ុន្មានពីប្រភេទដែល​បាន​រៀប​រាប់ខាងលើនេះ​ទេ។

ស្ថិតក្នុងសំលៀកបំពាក់អាវដៃវែងខោ​ខ្មៅអង្គុយនៅការិយាល័យធ្វើការ ដែលមានឯក​សារជាច្រើនពីខាងមុខ តែមានរបៀបរៀប​ចំ​ទុកដាក់រៀបរយ លោកជាមេភូមិព្រែកខ្ពប បាន​ប្រាប់ឲ្យដឹងថា ប្រជាជនដែលនៅក្នុង​ភូមិ​របស់គាត់ គឺមានចំនួនសរុប២.៩០០​គ្រួសារ។ភាគច្រើនជាប្រជាកសិករហើយក្រៅពីនេះជាអ្នកធ្វើណែម។នៅក្នុងភូមិរបស់គាត់គឺមានប្រជាជនមួយចំនួនចំណាកស្រុកទៅក្រៅប្រទេសផង​ដែរ ដោយសារតែបងប្អូនទំាងនោះគិតថា​ ការ​ងារនៅក្នុងស្រុកគឺប្រាក់កំរ៉ៃមិនគ្រប់គ្រាន់ សម្រាប់​តម្រូវការក្នុងគ្រួសារ ។

ដូច្នេះហើយ​ទើប​ធ្វើអោយពួកគាត់ធ្វើចំណាកស្រុក​ទៅ​ប្រទេសជិតខាង ជាពិសេស​ប្រទេសថៃ ។ ចំពោះ​ប្រជាពលរដ្ឋមួយចំនួន​ដែលមិនធ្វើចំណាកស្រុក ហើយមិនមានមុខ​របរនោះ គឺពួកគាត់ស៊ីឈ្នួល​វេចខ្ចប់​ណែមនៅ​ក្នុង​ភូមិរបស់គាត់ ។លោកមេភូមិខ្ពប​បាន​​បញ្ជាក់​ប្រាប់​ឲ្យដឹង​ទៀតថា មុខរបរណែមនេះ ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋយើងមានការងារ​ធ្វើ​មាន​ប្រាក់​កម្រៃ​សមរម្យ ហើយមិនធ្វើចំណាក​ស្រុកទៅ​ធ្វើការនៅក្រៅប្រទេសទៀតទេ ។ ​លោក​មេភូមិ​ខ្ពបក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ​យើង ជួយជាវនូវផលិតផលណែមនេះ ព្រោះបើ​សិន​ជាយើងគាំទ្រនូវផលិតផលខ្មែរ​យើង​នឹងធ្វើ​អោយពួកគាត់មានការងារធ្វើច្រើន និងបាន​ប្រាក់​ម្រៃខ្ពស់ ហើយក៏មិនចាំបាច់ធ្វើចំណាក​ស្រុកទៅប្រទេសថៃនោះទៀតទេ ។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួន​បាន​លើកឡើងថា ដើម្បីឱ្យផលិតផលណែមនៅ​កម្ពុជាមានគុណភាពខ្ពស់និងរស់​ជាតិ​ឆ្ងាញ់ តាម​ស្តង់ដា និងអាចប្រកួតប្រជែងជាមួយណែម​ដែល​​នំាចូលពីប្រទេសជិតខាង​បាននោះ គប្បី​អាជ្ញាធរជំនាញ​ពាក់​ព័ន្ធ​ត្រូវចុះផ្សព្វផ្សាយអប់រំ​ណែនំាពីរបៀបធ្វើ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ ​ហើយក្រសួងកសិកម្មត្រូវរកមធ្យោបាយបែប​ណា ដើម្បី​ផ្គត់ផ្គង់​ត្រីក្នុងស្រុកឲ្យបានបរិបូណ៍ ចៀស​វាងអ្នកធ្វើណែម ទិញត្រីចិញ្ចឹមពី​ប្រទេស​ជិត​ខាងមកធ្វើ នាំឱ្យ​ប្រាក់កម្រៃ​​របូត​ទៅ​ដល់​ដៃ​ពលរដ្ឋ​គេ ហើយ​ប៉ះ​ពាល់​ដល់​រស​ជាតិ​ណែម ។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏ដូច​ជាក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ​មួយ​ចំនួនទៀត គប្បីសហការគ្នារកទី​ផ្សារ​ណែម​ទំាង​ក្នុងស្រុក និងក្រៅប្រទេស​ជូន​អ្នក​ផលិត​ណែម ៕