ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ និង​ការ​រស់​នៅ​របស់​ជន​ជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌល​គិរី

13 ឆ្នាំ មុន

ខេត្ត​​មណ្ឌល​គិរី ៖​​ ​ព្នង​ គឺ​អម្បូរ​ជន​ជាតិ​ខ្មែរ​​ដើម​ដែល​រស់​នៅ​តាម​តំបន់​ខ្ពង់​រាប​សម្បូរ​សត្វ​ព្រៃ​ ន​ិង​ព្រៃ​ឈើ​ ហើយ​ពុំ​សូវ​មាន​អ្នក​ដឹង​ពី​ស្ថាន​ភាព​​រស់​នៅ​របស់​ពួក​គាត់​ឡើយ ។

ស្ថាន​ភាព​រស់​នៅ​ពី​សម័យ​ដើម​ដ៏​យូរ​លង់​មក​នោះ​មិន​មាន​ការ​កត់​ត្រា​គ្រប់​គ្រាន​់​សម្រាប់​ការ​ស្រាវ​ជ្រាវ​ទេ តែ​ត្រឹម​សម័យ​អាណា​

ខេត្ត​​មណ្ឌល​គិរី ៖​​ ​ព្នង​ គឺ​អម្បូរ​ជន​ជាតិ​ខ្មែរ​​ដើម​ដែល​រស់​នៅ​តាម​តំបន់​ខ្ពង់​រាប​សម្បូរ​សត្វ​ព្រៃ​ ន​ិង​ព្រៃ​ឈើ​ ហើយ​ពុំ​សូវ​មាន​អ្នក​ដឹង​ពី​ស្ថាន​ភាព​​រស់​នៅ​របស់​ពួក​គាត់​ឡើយ ។

ស្ថាន​ភាព​រស់​នៅ​ពី​សម័យ​ដើម​ដ៏​យូរ​លង់​មក​នោះ​មិន​មាន​ការ​កត់​ត្រា​គ្រប់​គ្រាន​់​សម្រាប់​ការ​ស្រាវ​ជ្រាវ​ទេ តែ​ត្រឹម​សម័យ​អាណា​និគម​និយម​​បារាំង​ចូល​មក​កាន់​កាប់​ត្រួត​ត្រា​កម្ពុជា​បាន​បង្ហាញ​ថា ការ​រស់​នៅ​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​​តិច​ព្នង​ គឺ​មាន​រាយ​ប៉ាយ​ពេញ​ព្រៃ​ភ្នំ ប៉ុន្តែ​ជា​ការ​រស់​នៅ​ផ្តុំ​គ្នា​ជា​ក្រុម​តូច​ៗ​បួន​ដប់​គ្រួសារ ​​ខ្លះ​ទៀត​រស់​នៅ​តាម​ចម្ការ​ដាច់​ដោយ​ឡែក​ពី​ភូមិ​ ។ ការ​រស់​នៅ​បែប​នេះ​វា​អាស្រ័យ​លើ​ភូមិ​សាស្ត្រ​អំណោយ​ផល​ និង​ការ​និយម​ចូល​ចិត្ត​របស់​ពួក​គាត់​ គឺ​ឱ្យ​តែ​មាន​ប្រភព​ទឹក​នៅ​តា​ម​ដង​អូរ​ ជ្រលង​ភ្នំ​ ​ដង​ព្រែក​ ទន្លេ ត្រពាំង ជា​ដើម​ដែល​អាច​ធ្វើ​ឱ្យពួក​គាត់​ប្រកប​មុខ​របរ​ដ៏សំខាន់​ដូច​ជា​ធ្វើ​ស្រែ​ចម្ការ គឺ​ចាំ​បាច់​ត្រូវ​រស់​នៅ​ទី​នោះ ​ព្រោះ​ពួក​គាត់​ពឹង​ផ្អែក​លើ​ធម្ម​ជាតិ​ទាំង​ស្រុង​ ។

ជន​ជាតិ​ភាគ​តិច​ព្នង​នៅ​មាន​ជំនាញ​ពិសេស​មួយ​ទៀត​ គឺ​ចូល​ព្រៃ​ដើម្បី​បរ​បាញ់​សត្វ​ រក​ជ័រ បោក​វល្លិ កាប់​ផ្តៅ ឈើ ឫស្សី នេះ​បន្លែនិង​ផ្លែ​រុក្ខ​ជាតិ​​នានា ដើម្បី​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ។​ទោះ​បី​​យ៉ាង​ណា ជន​ជាតិ​ព្នង​ ​​ទាំង​នោះ​មួយ​ចំនួន​ធំ​មាន​​ចំណង់​ចំណូល​ចិត្ត​ធ្វើ​ស្រែ​ចម្ការ ដោយ​ការ​បុក​ដាំ​​តាម​ជ្រលង​ តាម​ចង្កេះ​ភ្នំ ហើយ​ទំហំ​ស្រែ​ចម្ការ​អាស្រ័យ​ទៅ​តាម​សមត្ថ​ភាព​កាប់​រាន​ឆ្ការ​បាន​ទី​ធ្លា​ប៉ុនណា​ធ្វើ​ប៉ុនហ្នឹង​ ។

ប្រសិន​បើ​មាន​បង​ប្អូន​កូន​ចៅ​ឈឺ​ថ្កាត់​ ពួក​គាត់​ភាគ​ច្រើន​ប្រើ​ឱសថ​ផ្សំ​ពី​ឫស​ឈើ សម្បក​ឈើ​ និង​ឆ្អឹង​សត្វ​ព្រៃ​ជា​ដើម បូក​ផ្សំ​ជា​មួយ​ការ​កាប់​ជ្រូក​ ឬ​ក្របី​ថ្វាយ​ស្រា​ជូន​អារក្សរក្សាព្រៃ​ភ្នំ​ដើម្បី​សុំ​ឱ្យ​បាន​ជា​សះ​ស្បើយ​ពី​រោគា ។ ​ចំពោះ​ការ​ស្លៀក​ពាក់​វិញ ជន​ជាតិ​ព្នង​ពុំ​មាន​សម្លៀក​បំ​ពាក់​ត្រឹម​ត្រូវ​ទេ ដោយ​គ្រាន់​តែ​​ពាក់​ប៉ឹង​បិទ​បាំង​កេរ្តិ៍​ខ្មាស​បន្តិច​តែ​ប៉ុណ្ណោះ តែ​មក​ដល់​សម័យ​បច្ចុប្បន្ន​ពួក​គាត់​មាន​សម្លៀក​បំ​ពាក់​ស្អាត​​បាត​ដូច​ខ្មែរ​កណ្តាល​ដែរ ។

យោង​តាម​ឯកសារ​របស់​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈខេត្ត​មណ្ឌល​គិរី​បាន​បញ្ជា​ក់​ថា នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៥៧​ ដោយ​មាន​ការ​ឈ្វេង​យល់​ពី​ព្រះ​ករុណា​ជា​អ​ម្ចាស់​​​ទ្រង់​ទត​​​ឃើញ​វិសាល​​ភាព​ទឹក​ដី​ក្រចេះ មាន​ទំ​ហំ​ធំ​ធេង​លំ​បាក​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​បាល ទើប​ទ្រង់​ព្រះ​តម្រិះ​  ​បែ​ង​ចែក​ទឹក​ដី​មួយ​ភាគ​ធំ​នេះ​ទៅ​ជា​ខេត្ត​មួ​យ​ទៀត​ គឺ​ខេត្ត​មណ្ឌល​គិរី គិត​​ចាប់​ពី​ស្រុក​ឆ្លូង​លើ​រហូត​ដល់​ស្រុក​កោះ​ញែក​ទល់​នឹង​ព្រំ​ប្រទល់​​ទន្លេ​ស្រែពក​ ស្រុក​លំផាត់ ​ខេត្ត​រតនគិរី​ ឯ​ស្រុក​ឆ្លូង​ពី​ដើម​ក៏​ដូរ​ឈ្មោះ​ថា ស្រុក​អូររាំង។​ ក្រោយ​ពី​បាន​ចេញ​សេចក្តី​ប្រកាស​ឈ្មោះ​ខេត្ត​មណ្ឌល​គិរី ទើប​បែង​ចែក​ជា​ស្រុក​កែវ​សីមា បន្ថែម​ទៀត​ ដោយ​យក​ឈ្មោះ​តាម​ភ្នំ​កែវ​សីមា ធ្វើ​ជា​គោល​កណ្តាល​ស្រុក​ ហើយ​តែង​តាំង​ចៅហ្វាយ​ស្រុក ចៅ​ហ្វាយ​ខេត្ត​ថ្មី​មក​គ្រប់​គ្រង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ ដើម្បី​ជួយ​ដឹក​នាំ​បង​ប្អូន​ខ្មែរ​លើ​ ឬ​ខ្មែរ​ភ្នំ ​ឱ្យ​បាន​រីក​ចម្រើន​ជឿ​ន​លឿន​ ។ ការ​រស់​នៅ​ជំនាន់​នោះ​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​ព្នង​យើង​ក្នុង​មួយ​ភូមិ​ៗ​មាន​ចំនួន​ដប់​ទៅ​ដប់​ប្រាំ​គ្រួសារ មាន​មនុស្ស​រស់​នៅ​ក្រោម​១០០​នាក់​ប៉ុណ្ណោះ ។

សព្វ​ថ្ងៃ​នេះ​ ដោយ​មាន​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ពី​សំណាក់​​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​បង​ប្អូន​ទូ​ទាំង​ប្រទេស​​ធូរ​ធារ។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បង​ប្អូន​ខ្មែរ​លើ​ដែល​ធ្លាប់​ជួប​ប្រទះ​តែ​ភាព​លំ​បាកនោះ​ ​ពេលនេះ​ពួក​គាត់​ក៏​មាន​ជីវភាព​រស់​នៅ​សម​រម្យ​​នឹក​ស្មាន​មិន​ដល់​ឡើយ​ ៕