រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថា វិស័យអាកាសចរណ៍ស៊ីវិលត្រូវបានចាត់ទុកថា «ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច» តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ។

យោងសារាចរស្តីពីការរៀបចំប្រារព្ធទិវាអាកាសចរណ៍ស៊ីវិល៧ ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថាជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែកបង្កើនចំណូលថវិកាជាតិ» ។

សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីបានរំលឹកថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវគោលនយោបាយបើកចំហជើងមេឃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
សម្ដេចធិបតីបានបន្ថែមថា ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោកដោយរំពឹងទុកថា ព្រះរាជាណាចក្រកម្ពុជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិនិងអន្តរជាតិចំនួន២៥លាននាក់ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន២០៥ ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ចែករំលែកព័តមាននេះ