ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមឱ្យដឹងថា កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើការត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ឆបោកតាមអនឡាញ) ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមប្រតិបត្តិការទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។ តាមព័ត៌មានបឋមនេះ មិនទាន់ឱ្យដឹងថា មានការឃាត់ខ្លួនជនសង្ស័យប៉ុន្មាននាក់នៅឡើយទេ ដោយបានត្រឹមដឹងថា សមត្ថកិច្ចបានឆ្មក់បង្ក្រាបដល់ក្នុងបន្ទប់ ដែលមានសម្ភារៈអេឡិចត្រូនិកដូចជា កុំព្យូទ័រ និងសម្ភារៈបម្រើការតាមអនឡាញច្រើនទៀត ។
យោងតាមប្រសាសន៍ប្រមុខដឹកនាំក្រសួងមហាផ្ទៃបានឱ្យដឹងមុននេះ រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជាបានបណ្ដេញចេញនូវជនបរទេសពាក់ព័ន្ធបទល្មើសល្បែងអនឡាញជាង ១៥ ០០០នាក់រួចទៅហើយ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។

ថ្លែងបើកសិក្ខាសាលា ស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នាទីស្ដីការក្រសួង
មហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជាក៏បានបណ្ដេញចេញនូវបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ២១ ០០០នាក់ ក្នុងមួយអាណត្តិ ។
ដោយឡែក ក្នុងនីតិកាលទី៧នេះ គិតត្រឹមជាង២ឆ្នាំ នៃដើមអាណត្តិទី៧នេះ យើងបានបណ្ដេញចេញប្រមាណជាង ១៥ ០០០នាក់រួចទៅហើយ» ។ ប្រមុខក្រសួងមហាផ្ទៃបន្ដថា ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការងារបទល្មើសអនឡាញ ។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃកម្ពុជា ក៏បានលើកឡើងថា កិច្ចការងារបង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជាម្នាក់ឯងទទួលខុសត្រូវនោះទេ ដូច្នេះប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានស្នើដល់បណ្ដាប្រទេសនានាស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរួមបង្ក្រាបបទល្មើសអនឡាញ ៕
ចែករំលែកព័តមាននេះ