ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភាព​ថ្លៃថ្នូរ​របស់​កងកម្លាំង​ថៃ​នៅឯណា? លោក ស សុខា ចោទសួរ​ដោយ​ចំ​ៗក្រោយ​ករណី​ប្រមា.ថ​ប្រមុខរដ្ឋ​ស្ដីទី​កម្ពុជា

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក នា​យប់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក នា​យប់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥​នេះ​ថា ៖ ថៃ ជា​ប្រទេស​ដែល​មាន​ព្រះមហាក្សត្រ និង​មាន​ប្រពៃណី​ទំនៀមទម្លាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ហ្នឹង​គេ​ដែរ​! ជា​ប្រទេស​មួយ​មិន​ធ្លាប់ ស្ថិត​ក្រោម​អាណានិគម​បរទេស​! ជា​ប្រទេស​ស្ថាបនិក​មួយ​របស់​អាស៊ាន និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​ដែរ ។ ប៉ុន្តែ​បច្ចុប្បន្ន ថៃ​បាន​ក្លាយទៅជា​រដ្ឋ​មួយ​ដែល​គ្មាន​ភាព​ខ្មាស​អៀន បាត់​អស់​ភាព​ថ្លៃថ្នូរ និង​ក្លាយជា​រដ្ឋ​មួយ ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​ជាតិ គ្មាន​ក្បាល គ្មាន​កន្ទុយ ។

លោក ស សុខា បាន​បញ្ជាក់​បន្ត​ថា មិនមែន​ជា​រឿង​ថ្មីថ្មោង​នោះ​ទេ ប៉ុន្តែ​លើក​នេះ សកម្មភាព​ប្រមាថ​របស់​ជនជាតិ​ថៃ​ខ្លះ មក​លើស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា ដ៏​មានគុណ​មួយ​រូប​របស់​ប្រជាជន​ខ្មែរ បាន​ប្រព្រឹត្ត​ឡើង​ដោយ​កងកម្លាំង​ថៃ តែ​ម្ដង ។ ការ​យក​រូបថត​សម្ដេច​តេ​ជោ ធ្វើ​ជា​ផ្ទាំង​ស៊ី​ប​នៃ​ល្បែង​បាញ់​យក​រង្វាន់ ទោះបី សម្ដេច​តេ​ជោ ទទូច​សុំ​ពលរដ្ឋ​កុំ​ប្រព្រឹត្ត​តប​នឹង​ទ​ង្វើ​ដ៏​អន់​ថយ​នោះ​ទៅ​ថៃ​វិញ ក៏​ដោយ តែ​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ យើង​មាន​ភាព​ចាំបាច់ ដើម្បី​ថ្កោលទោស​លើ​អំពើ​របស់​ពួក​គេ ។

ជាដំបូង យើង​ត្រូវ​តែ​ចង្អុល​ឱ្យ​ចំ​មុខតែ​ម្ដង​ចំពោះ​ទ​ង្វើ​របស់​មេដឹកនាំ​ថៃ គ្រប់​ឈុត គ្រប់​បក្ស ព្រមទាំង​ភាព​ព្រងើយកន្តើយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ថៃ ជា​ពិសេស​ក្រសួងមហាផ្ទៃ​ថៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថៃ អាជ្ញាធរ រដ្ឋបាល​ដែនដី​ថៃ និង​អង្គភាព​នគរបាល​ថៃ គ្រប់​មូលដ្ឋាន ។ ពីព្រោះ​ពួក​គេ បាន​សន្មត​ថា ជា​រឿង​សាមញ្ញ និង​ពុំ​បាន​ចាត់វិធានការ​អ្វី​សោះ ចំពោះ​សកម្មភាព​ប្រមាថ​មេដឹកនាំ​ខ្មែរ ជា​ចំហ​ម្ដង​ហើយ​ម្ដងទៀត​របស់​ពលរដ្ឋ​ថៃ​។ នេះ​គឺជា​ភាព​អន់​ថយ​នៃ​ប្រព័ន្ធ​ច្បាប់​ថៃ ។

ភាព​កម្សោយ​នៃ​ច្បាប់​ថៃ និង​ការ​ព្រងើយកន្តើយ​មិន​អនុវត្ត​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ក៏​ជា​ការ​បង្ហាញ​ទៅ​កាន់​ពិភពលោក​ដែរ​ថា ថៃ​មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​រញ៉េរញ៉ៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រទេស​មួយ ដែល​និយម​សាទរ​ចំពោះ​ទ​ង្វើ​អ​សីលធម៌ បន្ថែម​លើ​ភាព​ជា​ប្រទេស​មួយ ដែល​និយម​យក​ឥទ្ធិពល​នៃ​ភាព​មានបាន​របស់​ខ្លួន ទៅ​បំពាន​រដ្ឋ​ក្បែរ​ខាង​។បើ​ទោះជា​ស្រុក​ថៃ កំពុង​រញ៉េរញ៉ៃ ក៏​គួរ​ឆ្លៀត​ឆ្លើយ ហើយ​បើ​មិន​ឆ្លើយ ក៏​សូម​ចេះ​ស្វ័​យ​ពិចារណា​ផង​ចុះ ។

១. បច្ចុប្បន្ន សម្ដេច​តេ​ជោ ជា​ប្រមុខរដ្ឋ​ស្ដីទី ដែល​ទទួល​ការ​ប្រទាន​សិទ្ធិ​ពី​ព្រះមហាក្សត្រ​។ ប្រទេស​ថៃ ក៏​មាន​ព្រះមហាក្សត្រ ហើយ​ទ្រង់​ក៏​ជា​ប្រមុខរដ្ឋ​ដែរ ។ បើ​មាន​ពលរដ្ឋ​ខ្មែរ ធ្វើ​ទ​ង្វើ​ថោកទាប​បែប​នោះ លើ​ព្រះមហាក្សត្រ​ថៃ តើ​ជនជាតិ​ថៃ មាន​អារម្មណ៍​បែប​ណា?

២. អាជ្ញាធរ​ថៃ បើ​មាន​ជនជាតិ​ថៃ យក​រូប​ព្រះមហាក្សត្រ​ថៃ មក​ធ្វើ​សកម្មភាព​ប្រមាថ​បែប​នោះ តើ​អស់លោក នឹង​នៅ​ស្ងៀម ដូច​ករណី​ពលរដ្ឋ​ថៃ កំពុង​ប្រមាថ​ប្រមុខរដ្ឋ​ស្ដីទី​ខ្មែរ​ឬ​យ៉ាងណា? ដោយឡែក​មេដឹកនាំ​ថៃ ទាំង​អ្នក​របូត​តំណែង និង​ទាំង​អ្នក​កំពុង​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល​៤​ខែ ប្រសិនបើ​មាន​ជនជាតិ​ថៃ ឬ​រហូត​ដល់​ពលរដ្ឋ​ខ្មែរ ធ្វើ​សកម្មភាព​ប្រមាថ​លើ​រូប​អស់លោក តើ​អស់លោក យល់​យ៉ាងណា​ដែរ?

៣. អង្គភាព​គ្រប់គ្រង​កងកម្លាំង​ថៃ​! តើ​តម្លៃ​នៃ​អង្គភាព​របស់​អ្នក​នៅឯណា? ឯណា​ទៅ​ភាព​ថ្លៃថ្នូរ និង​វិន័យ​ដ៏​ល្អ​របស់​កងកម្លាំង​ថៃ? ចំណែក​សាមីជន​ប្រព្រឹត្ត​ទ​ង្វើ​នោះ​វិញ តើ​ឪពុក​ម្ដាយ និង​សាលារៀន​របស់​អ្នក ធ្លាប់​បាន​អប់រំ​អំពី​សីលធម៌ និង​ភាព​ជា​មនុស្ស​ថ្លៃថ្នូរ​ដែរ​ទេ?

៤. តើ​ពលរដ្ឋ​ខ្មែរ គ្មាន​លទ្ធភាព​ប្រព្រឹត្ត​ទ​ង្វើ​ដ៏​អន់​ថយ​ដូច​ជនជាតិ​ថៃ​នោះ​ទេ​ឬ​យ៉ាងណា?ត្រង់នេះ ខ្ញុំ​ជួយ​ផ្ដល់​ចម្លើយ​ខ្លី​ជូន​ថា មែនទែន​ទៅ យើង​អាច​ធ្វើ​បាន​ទេតើ​! ប៉ុន្តែ​យើង​ដឹង​ថា​វា​ជា​អំពើ​ថោកទាប ។ ខ្មែរ​មាន​ភាព​ថ្លៃថ្នូរ ហើយ​ខ្មែរ គោរព​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​! ពិសេស​នោះ គឺ​ខ្មែរ​មិន​ចង់ឱ្យ​ពលរដ្ឋ​ថៃ ឈឺចាប់​ដូច​ខ្លួន​! ។

ក្នុង​នាម​ពលរដ្ឋ​ខ្មែរ យើង​គោរព​តាម​ដំបូន្មាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​គោលការណ៍​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​របស់​យើង ។ យើង​នឹង​បន្ត​រួបរួមសាមគ្គី​គ្នា ហើយ​ពង្រឹងស្មារតី​ជាតិ​នេះ​ឱ្យ​កាន់តែ​រឹង​មាំ និង​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​។

យើង​អាណិត​ថៃ ដែល​មិន​ខំ​ផ្សះផ្សា​ជាតិ ដែល​បែកបាក់ បែរជា​មក​បង្កាត់ភ្លើង បង្កជម្លោះ​បំពាន​ទឹកដី និង​ប្រមាថ​មេដឹកនាំ​ខ្មែរ​។ យ៉ាងណា​ក៏​ដោយ យើង​រង់ចាំ​បន្ត​ធ្វើ​រឿង​ល្អ​ៗ​ជាមួយ​មេដឹកនាំ និង​ប្រជាជន​ថៃ ដែល​ជា​ថៃ​មាន​ភាព​ថ្លៃថ្នូរ និង​ជា​ថៃ ដែល​ខិតខំ​ការពារ​កិត្តិយស​ជាតិ​ខ្លួន ទន្ទឹម​គ្នា​នឹង​គោរព​ភាព​ថ្លៃថ្នូរ​របស់​ប្រទេស និង​ជនជាតិ​ដទៃ​ទៀត ក្នុង​នាម​មនុស្សជាតិ​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ