ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ទៅ​ថៃ​! គ្មាន​ប្រទេស​ណា​អាច​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ទឹកដី​កម្ពុជា​បាន​ឡើយ ទោះជា​ថៃ​ប្រើ​ច្បាប់​ព្រៃ​ក៏​ដោយ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ គឺជា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ឱសានវាទ ដែល​សៀម​ព្រមាន​ប្រើ​ច្បាប់​ព្រៃ​ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ទឹកដី​ខ្មែរ ។ តើ​សៀម…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ គឺជា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ឱសានវាទ ដែល​សៀម​ព្រមាន​ប្រើ​ច្បាប់​ព្រៃ​ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ទឹកដី​ខ្មែរ ។ តើ​សៀម អាច​ប្រើ​ច្បាប់​ព្រៃរបស់​ខ្លួន ដើម្បី​ដេញ ឬ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ និង​ព្រៃ​ចាន់ បាន​ទេ? រឿងរ៉ាវ​ក្តៅ​គគុក​ដែល​ថៃ​ព្រមាន​ថា នឹង​ប្រើ​ច្បាប់​ព្រៃ​លើ​ទឹកដី​ខ្មែរ គឺជា​រឿង​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ពលរដ្ឋ​ខ្មែរ​ចេញពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ​ខេត្តបន្ទាយមានជ័យ គឺ​រស់នៅ​យូរយារ​ណាស់​មក​ហើយ លើ​ទឹកដី​របស់​ខ្មែរ ។

ដូច្នេះ បញ្ហា​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ក្នុង​ឃុំ​អូរ​បី​ជាន់ ដែល​ភាគី​ថៃ អះអាង​ទាមទារ​ដោយ​ឥត​អៀនខ្មាស់​ពិភពលោក​ថា ទីតាំង​នោះ គឺ​ស្ថិត​នៅ​លើ​ទឹកដី​របស់​ខ្លួន ដោយ​សម្អាង​លើ​ផែនទី ដែល​គូរ​ដោយ​ឯកតោភាគី ជា​រឿង​ដែល​ថៃ​បំភ្លៃ​ប្រវត្តិសាស្ត្រ ។

ជុំវិញ​រឿងរ៉ាវ​ថៃ​ព្រមាន​អនុវត្ត​ច្បាប់​ព្រៃ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញពី​ទឹកដី​ខ្មែរ​នេះ​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា​នេះ លោក​បណ្ឌិត យ៉ង ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​៥ ចំណុច​ទៅ​កាន់​ភាគី​ថៃ ។

លោក​បណ្ឌិត យ៉ង ពៅ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​លោក​បណ្ឌិត ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​ខ្ញុំ សូម​គូសបញ្ជាក់​ទៅ​ជនជាតិ​ថៃ​ទាំងឡាយ ៖

ទី​១- ប្រជាជន​ថៃ​ត្រូវ​តែ​ស្វែង​យល់ បើ​ទោះជា​រដ្ឋាភិបាល​របស់​អ្នក​ធ្វើ​ជា​ភ្លើ​ក៏​ដោយ អ្នក​មិន​ត្រូវ​នាំ​ប្រទេស​ភ្លើ​ទាំង​នគរ​នោះ​ទេ ។ ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ប្រទេស​ណាមួយ អាច​មក​បណ្ដេញ​ពលរដ្ឋ​កម្ពុជា ចេញពី​ទឹកដី​កម្ពុជា​បាន​នោះ​ទេ ហើយ​ក៏​គ្មាន​ថ្នាក់ដឹកនាំ​កម្ពុជា​ណា​ម្នាក់​អាច​ធ្វើ​តាម​ឱសានវាទ​រដ្ឋ​បរទេស​មក​បណ្ដេញ​ប្រជាជន​ខ្លួនឯង​ទៅ​កើត​ដែរ ។

ទី​២- រដ្ឋាភិបាល អា​នុ​ទី​ន ឆាន​វី​រាក់​គុល កំពុង​តែ ល​ប្រលែង​លេង​នឹង​ភ្លើង​ការទូត ជាមួយនឹង​លោក ត្រាំ នូវ​ឥរិយាបថ​ច្រឡោងខាម និង​ព្រហើន ។

ទី​៣- អា​នុ​ទី​ន ឆាន​វី​រាក់​គុល បាន​ដាក់​លក្ខខណ្ឌ​នានា​ឱ្យ​កម្ពុជា​ធ្វើ​តាម​ខ្លួន ហាក់​បង្ហាញ​ថា ថៃ​ជា​ម្ចាស់​លើ​កម្ពុជា ។ នេះ​ជា​ក្តី​សុបិន ដែល​ថៃ​តែង​វង្វេង​ដោយ​ខ្លួនឯង ក្នុង​ខណៈ​ថៃ​ខ្លួនឯង បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​ជា​អន្តរជាតិ ច្បាប់​អន្តរជាតិ រួម​ទាំង​ជាន់ឈ្លី​ធម្មនុញ្ញ​អាស៊ាន​ផង​ដែរ​។

ទី​៤- អា​នុ​ទី​ន ឆាន​វី​រាក់​គុល បាន​ផ្ញើ​សារភូត​លោក​ត្រាំ​ថា ថៃ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចរចា​ប្រសិនបើ​កម្ពុជា​ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ព្រំដែន​, ដោះ​សម្អាត​មីន​, បង្ក្រាប​អ្នក​ឆបោក​តាម​អ៊ីនធឺណិត និង​ជម្លៀស​ពលរដ្ឋ​នៅ​ព្រំដែន​ដែល​ថៃ​អះអាង​ថា​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​។ គ្មាន​អ្នក​នរណា​ម្នាក់ កុំ​ថា​ឡើយ​ដល់​ទៅ​លោក ដូ​ណា​ល់​ត្រាំ អាច​នឹង​ជឿ​នោះ​ទេ​។

ទី​៥- កម្ពុជា ឈរ​លើ​ភាព​ត្រឹមត្រូវ ទាំង​ច្បាប់​អន្តរជាតិ ទាំង​ការទូត ទាំង​លើ​ភាព​ជាក់ស្ដែង និង​បើកចំហ ដោយ​ដឹក​ដៃ​គ្នា​(​កម្ពុជា​-​ថៃ​) ទៅ​ICJ ឬ​UNSC ចៀសវាង​ឆ្លើយ​សាចទឹក​ដាក់​គ្នា​។

លោក​បណ្ឌិត យ៉ង ពៅ បន្ថែម​ថា «​ជា​ទស្សនៈ​ខ្ញុំ​យល់​ថា ទស្សនៈ​កម្ពុជា ចំពោះ​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ​ជា​អន្តរការី មិនមែន​ជា​ការ​ធ្វើ​អន្តរាគមន៍ ឬ​ការ​លូកដៃ ដូច​ថៃ ខ្លាចរអារ​នោះ​ទេ ព្រោះ​ខ្ញុំ​យល់​ថា ចរចា​ទ្វេភាគី​កម្ពុជា​-​ថៃ អស់​រយៈពេល​យូរ​មក​ហើយ​លទ្ធផល​នៅ​តែ​មាន​ជម្លោះ​ដដែល ។

ម្យ៉ាងទៀត ជម្លោះ​កម្ពុជា​-​ថៃ ជា​ជម្លោះ​រវាង​រដ្ឋ និង​រដ្ឋ មិនមែន​ជម្លោះផ្ទៃក្នុង​របស់​រដ្ឋ​មួយ​នោះ​ទេ ដូច្នេះ​ការ​ដែល​មាន​អន្តរការី មិនមែន​ជា​ការ​លូកដៃ​នោះ​ទេ ។ ថៃ ចេះ​តែ​យល់​ច្រឡំ ឬ​ធ្វើ​ជា​ច្រឡំ?

ជា​ចុងបញ្ចប់ លោក​បណ្ឌិត យ៉ង ពៅ បាន​បញ្ជាក់​ថា «​គ្មាន​សោះឡើយ ការ​ដេញ​ប្រជាជន​កម្ពុជា ចេញពី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ