ខេត្តស្ទឹងត្រែង ៖ បញ្ហានៃការចិញ្ចឹមសត្វគោ-ក្របីដោយខ្វះការទទួលខុសត្រូវ និងព្រលែងពាសវាលពាសកាល ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បំផ្លាញដំណាំប្រជាពលរដ្ឋ និងសួនសាធារណៈ កំពុងក្លាយជាប្រធានបទក្តៅដែលកើតមាន មិនថា នៅតាមបណ្តាខេត្តនោះទេ សូម្បីតែនៅរាជធានីភ្នំពេញកន្លងមកក៏ធ្លាប់មានករណីប្រលែងសត្វនៅតាមទីសាធារណៈដែរ ។

ជាក់ស្តែងកន្លងមក ការព្រលែងសត្វគោ-ក្របីដោយគ្មានការគ្រប់គ្រង គឺទុកឱ្យពួកវាដើរពាសពេញទីសាធារណៈ រួមមានផ្លូវថ្នល់ និងទីប្រជុំជន ។ ទង្វើនេះបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើដំណើរដូចជា គ្រោះថ្នាក់ចរាចរណ៍ជាដើម ។ អ្វីដែលកាន់តែអាក្រក់នោះ គឺនៅពេលមានឧបទ្ទវហេតុកើតឡើង ហើយគេព្យាយាមរកម្ចាស់សត្វ ដើម្បីទាមទារសំណង ឬរកអ្នកទទួលខុសត្រូវ គឺមិនមាននរណាម្នាក់ចេញមុខមកដោះស្រាយនោះទេ ។

ដើម្បីដោះស្រាយបញ្ហានេះ ដោយម៉ឺងម៉ាត់ លោក ស សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានប្រកាស នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីជូនដំណឹងធ្វើកិច្ចសន្យា និងក្រើនរំលឹកជាច្រើនលើកច្រើនសារ លោកបានសម្រេចអនុវត្តវិធានការតឹងរ៉ឹង ។

អភិបាលខេត្តបានបញ្ជាក់ថា ៖ «ខ្ញុំសម្រេចប្រមូលយកសត្វគោ-ក្របី ដែលម្ចាស់ព្រលែងចោល ដោយគ្មានសណ្តាប់ធ្នាប់ទាំងនោះ ផ្តល់ទៅអង្គភាពកងទ័ព ដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត»។

លោកបានបន្ថែមថា ការបញ្ជូននេះ គឺជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ ហើយប្រសិនបើនៅតែបន្តឃើញមានភាពគ្មានសណ្តាប់ធ្នាប់ក្នុងការចិញ្ចឹមសត្វនេះទៀត វិធានការនេះនឹងនៅតែបន្តអនុវត្ត រហូតដល់ស្ថានភាពល្អប្រសើរ ។
លោក ស សុពុត្រា ក៏បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តថា ៖ «យើងខ្ញុំនឹងមិនដកថយ ហើយក៏មិនទទួលការអន្តរាគមន៍ណាមួយដែរ»៕



ចែករំលែកព័តមាននេះ