ខេត្តស្វាយរៀង ៖ លោកតាអាយុ៦៧ឆ្នាំ ធ្លាក់ពីលើចុងត្នោត ទទួលអំណោយពីសប្បុរសជន កាលពីថ្ងៃទី៧ ឧសភា វេលាម៉ោង៣រសៀល តាមរយៈលោកវ៉ាន់ ប៊ុនធឿន តំណាងកាសែតកោះសន្តិភាព ។ ថវិកាសប្បុរសធម៌ចំនួន២០ម៉ឺនរៀល គឺបានទទួលពីលោកតែ សុខឡេង និងភរិយា ព្រមទាំងបុត្រ បានជូនដល់លោកតាកឹម ចក់ នៅក្នុងមន្ទីរពេទ្យខេត្ត ។
លោកតាកឹម ចក់ ដែលរងគ្រោះ បានស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតឱ្យគេ ហើយខណៈពេលកំពុងចុះក៏រអិលរបូតដៃពីកត្នោតធ្លាក់មកដីកម្ពស់ជិត១០ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ និងសន្លប់ ហើយត្រូវអ្នកភូមិប្រញាប់ប្រញាល់ដឹកតាមរថយន្តទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។
លោកតារូបនោះរបួសស្រាំឆ្អឹងជំនីរ គ្រេចចង្កេះ ប៉ះពាល់ឆ្អឹងមួយចំហៀងខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ លោកតាមានចិត្តត្រេកអរយ៉ាងខ្លាំងដោយសប្បុរសជនមានចិត្តធម៌មេត្តា ជួយឧបត្ថម្ភដល់រូបគាត់ ។ លោកតាលើកដៃប្រណម្យសំពះដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជូនពរដល់សប្បុរសជនឱ្យរកទទួលទានមានបាន កុំឱ្យស្គាល់ពាក្យថាក្រ និងជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ