ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ ADB និង​​រដ្ឋា​ភិបាល​​ជប៉ុនជួយ​​ដល់​សហគមន៍​ក្រីក្រ​​នៅភាគ​កណ្តាលកម្ពុជា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ប្រទេស​កម្ពុជា​ (៥ មេសា ២០១១) ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រដ្ឋា​ភិបាល​​ជប៉ុន​ នឹងជួយ​ដល់​សហគមន៍​ក្រីក្រ​រស់​នៅ​​​តាម​ទីជនបទនៅភាគ​​កណ្តាល​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​នូវអាជីវកម្ម​តូចៗ​​ប្រកប​ដោយ​​​និរន្តរភាព ដែលអាច​ទាញ​ប្រយោជន៍​កែលម្អ​​បណ្តាញ​ផ្លូវ​ថ្នល់​យ៉ាង​​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស ។ លោក​បណ្ឌិត ​​ថោង ខុន រដ្ឋ​មន្ត្រី​​​​ក្រសួង​​ទេសចរណ៍​​ តំណាង​ឱ្យរាជរដ្ឋា​ភិបាល​​កម្ពុជា

​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា​ (៥ មេសា ២០១១) ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រដ្ឋា​ភិបាល​​ជប៉ុន​ នឹងជួយ​ដល់​សហគមន៍​ក្រីក្រ​រស់​នៅ​​​តាម​ទីជនបទនៅភាគ​​កណ្តាល​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​នូវអាជីវកម្ម​តូចៗ​​ប្រកប​ដោយ​​​និរន្តរភាព ដែលអាច​ទាញ​ប្រយោជន៍​កែលម្អ​​បណ្តាញ​ផ្លូវ​ថ្នល់​យ៉ាង​​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស ។ លោក​បណ្ឌិត ​​ថោង ខុន រដ្ឋ​មន្ត្រី​​​​ក្រសួង​​ទេសចរណ៍​​ តំណាង​ឱ្យរាជរដ្ឋា​ភិបាល​​កម្ពុជា និង​​លោក​ Putu Kamayana ​នាយក​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ប្រចាំប្រទេស​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​ព្រម​ព្រៀង​​សម្រាប់​គម្រោង ​«បង្កើនលទ្ធភាព​ទទួល​​បានទីផ្សារ​សម្រាប់​​ប្រជាពលរដ្ឋ​ក្រីក្រ​ ​​នៅភាគ​កណ្តាល​របស់​ប្រទេស​​កម្ពុជា​» ។ លោក​​ Hideaki Matsuo លេខា​ទីមួយ​​ និងជា​ប្រធាន​​ផ្នែក​សេដ្ឋ​កិច្ច​ និង​ជំនួយ​​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​​ស្ថានទូត​ជប៉ុន​ប្រចាំ​​នៅ​ប្រទេស​កម្ពុជា ​ក៏​បាន​ចូលរួម​ក្នុង​ពិធីចុះ​ហត្ថ​លេខា​​​នេះ​ផងដែរ ។

គម្រោង​ ក្នុងទឹក​ប្រាក់​១,៩​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក ដែល​ជាជំនួយ​ឥតសំណង​​ពីមូល​និធិ​ជប៉ុន​​​សម្រាប់​ការកាត់​បន្ថយភាពក្រីក្រ​ និងត្រួត​ពិនិត្យ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី នឹង​ផ្តល់​​ការបណ្តុះបណ្តាល​​​ជំនាញ​ ក៏ដូចជា​ការគាំទ្រ​​ដល់ការ​ផលិត និង​ការ​ផ្សព្វ​ផ្សាយ​​ទីផ្សារ​សម្រាប់​​ផលិត​ផល​សិប្បកម្ម និងអាហារ​ក្នុង​មូល​ដ្ឋាន។​ គម្រោង​នេះ​មាន​គោល​បំណង​ផ្តល់​ផល​ចំណេញ​​​ដល់​ប្រជាពលរដ្ឋ​​ប្រមាណ​១២.០០០​​គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​១១ ​ដែល​មាន​ទីតាំង​ជិត​ប្រាសាទ​សំបូរព្រៃគុក កសាង​នៅ​សតវត្សទី​៧ ដែល​ត្រូវ​​បាន​ត្រៀម​បម្រុង​ដើម្បី​ក្លាយ​ជាតំបន់​​​បេតិកភណ្ឌ​ពិភព​លោក ។ គំនិត​ផ្តួច​ផ្តើម​​នេះ​កំពុង​ត្រូវ​បាន​​អនុវត្ត​ស្របគ្នា​ជាមួយ​នឹងគម្រោង​​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មួយ​ទៀត ដែល​កំពុង​កែលម្អ​​ផ្លូវ​ជនបទ​ប្រវែង​ជាង​៥០០​គីឡូម៉ែត្រ​ ក្នុង​នោះ​​មាន​ផ្លូវ​ភ្ជាប់​​​ពីតំបន់​ប្រាសាទ​នេះ ជាមួយ​នឹង​​​ផ្លូវ​ជាតិ​ភាគ​ខាង​ជើង និងខាង​ត្បូង​​​របស់​ប្រទេស ។​

លោក​Putu Kamayana នាយកធនាគារ​​អភិវឌ្ឍន៍អាស៊ី​ប្រចាំកម្ពុជា មាន​​ប្រសាសន៍​ថា​ «​លក្ខណៈ​ពិសេស​​សំខាន់​​មួយ​របស់គម្រោង​​នេះ គឺ​វានឹង​ផ្តល់ជាគំរូ​មួយ​ពីរបៀប​ដែល​សហគមន៍​​​ក្រីក្ររស់​នៅ​​​តាម​​បណ្តោយ​ផ្លូវ​ជន​បទ​ដែល​ទើប​​​កែលម្អ​ថ្មី អាច​បង្កើត​អាជីវកម្មតូចៗ​ ដែល​បង្ហាញ​​​ថា​ការ​តភ្ជាប់​បណ្តាញ​បាននាំមកនូវ​កំណើន​​ផលចំណេញ» ។

​បន្ថែម​ពីលើ​ការ​បណ្តុះបណ្តាល​​​ប្រជាពលរដ្ឋ ១.៥០០​នាក់ ដើម្បី​អាចរក​ការងារ​ធ្វើ​បាន​នៅតាម​សហគ្រាស​​ខ្នាតតូច​និង​ខ្នាតតូច​បំផុត ទីផ្សារ​លក់​ផលិតផល​សិប្បកម្ម និងផលិតផល​នានា​​ ដែល​ផលិត​ក្នុង​មូល​ដ្ឋាន​ នឹងត្រូវ​បង្កើត​ឡើង​​នៅជិត​ប្រាសាទ​សំបូរព្រៃគុក​ ហើយ​មជ្ឈ​មណ្ឌល​​​ផ្សព្វផ្សាយ​​ និងតាំងពិព័រណ៍​​ នឹងត្រូវ​បង្កើត​​ឡើង​នៅក្នុង​ខេត្ត​សៀមរាប​ និង​រាជធានី​ភ្នំពេញ ដើម្បី​តាំងបង្ហាញ​​ផលិតផល​​តាម​តំបន់​ នៅតាម​ទីផ្សារ​ក្នុង​ស្រុក និងសម្រាប់​​ភ្ញៀវ​​ទេស​ចរ​បរទេស ។ ​សេវា​គាំទ្រ​អាជីវកម្ម​នឹងត្រូវ​បាន​​ផ្តល់​ ហើយ​ធនាគារ​សន្សំតាម​ភូមិ នឹង​ត្រូវ​បាន​​​ពង្រឹង​ដើម្បី​ផ្តល់​លទ្ធ​ភាព​ឱ្យ​ប្រជាពលរដ្ឋ​​ក្រីក្រ​អាចទទួល​បាន​កម្ចី​តូចៗ ។ គម្រោង​​នេះ​មាន​គោល​បំណង​ធានា​ឱ្យ​​ស្ត្រី​អាច​ចូលរួម​​បាន​ពេញ​លេញ​នៅក្នុងគ្រប់​សកម្មភាព​ទាំងអស់ ដោយ​សារ​គេរំពឹង​ថា​​មាន​អ្នកទទួល​ផល​យ៉ាង​ហោច​ណាស់​៦០%​គឺជាស្ត្រី​។ គម្រោង​​ក៏បំពេញ​​បន្ថែម​សកម្មភាព​​​ផ្សេងៗ​​​ទៀត​ដែល​កំពុង​គាំទ្រ​​​ដោយ​សាកល​វិទ្យា​ល័យ​​ Waseda នៅ​​សំបូរ​ព្រៃគុក ។

រដ្ឋា​ភិបាល​​ និងអ្នក​​ទទួល​​ផល​ពីគម្រោង​​ នឹង​ចូល​រួម​​បដិភាគ​គិត​ជា​សមមូល​ប្រមាណ​ ១៨៤.២០០​ដុល្លារ សម្រាប់​​ការចំណាយ​សរុប​របស់គម្រោង​​ចំនួន​២.០៩៣.០៤០​ដុល្លារ​ ។ ក្រសួង​​ទេសចរណ៍ គឺជាទីភ្នាក់​ងារ​ប្រតិបត្តិ​​ សម្រាប់​គម្រោង​នេះ​ដែល​នឹង​អនុវត្ត​ពី​ឆ្នាំ​២០១១ ដល់​២០១៤ ។ មូលនិធិ​ជប៉ុន​សម្រាប់​​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​ គឺជា​កម្មវិធី​​ផ្តល់​​ជំនួយឥត​សំណងគ្មាន​​​លក្ខខណ្ឌ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន និងធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០០០​ ។ ពីការ​ចូលរួម​​​វិភាគ​​ទាន​ដំបូង​​ចំនួន​​៩០លាន​ដុល្លារ មូលនិធិ​នេះ​បាន​កើនឡើង​ដល់​​៤៤៥​លាន​ដុល្លារ ។ មូលនិធិ​នេះ​ផ្តល់​​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ជាងគេនៅក្នុង​សង្គម អាចបង្កើន​សមត្ថភាព​ជួយខ្លួន​ឯង​​ និងបង្កើតចំណូល ។

ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​មាន​ការិយា​ល័យ​​​នៅក្នុង​ទីក្រុង​ម៉ានីល ប្តេជ្ញា​​​ចិត្ត​​កាត់​បន្ថយ​​ ភាពក្រីក្រ​​នៅអាស៊ី និង​ប៉ាស៊ីហ្វិក តាម​រយៈ​​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​តាម​បែប​ចូលរួម​ កំណើន​​ដែល​ធានា​និរន្តរភាព​​​បរិស្ថាន​ និង​សមា​ហរណ​កម្ម​ថ្នាក់​​តំបន់ ។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​​១៩៦៦​ ធនាគារ​​អភិវឌ្ឍន៍អាស៊ី​​ជាកម្ម​សិទ្ធិ​របស់​​សមាជិក​ចំនួន​​៦៧​ប្រទេស​ ដែលក្នុង​​​នោះ​មាន​៤៨​ប្រទេស​មកពីតំបន់ ។ នៅឆ្នាំ​​២០១០​ ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​បាន​អនុម័ត​​ការផ្តល់​​ហិរញ្ញប្បទាន និង​សហហិរញ្ញប្បទាន​​សរុប​ចំនួន​​១៧,៥១​ពាន់​លាន​​ដុល្លារ​អាមេរិក ៕