ខេត្តកំពង់ចាម ៖ ស្ត្រីឈ្មោះណយ សាម អាយុ៤៤ឆ្នាំ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ មានកូនពីរនាក់នៅក្នុងបន្ទុក ហើយថែមទាំងមានជីវភាពក្រីក្រ ព្រមទាំងកើតជំងឺមហារីកដោះខាងឆ្វេងទៀតផង ហើយសព្វថ្ងៃនេះ គ្មានថវិកាដើម្បីទៅព្យាបាលជំងឺនោះទេ មានតែដង្ហើយហៅតាមរយៈសប្បុរសជនគ្រប់ទិសទីឲ្យជួយ។
ស្ត្រីមេម៉ាយឈ្មោះណយ សាម បានរៀបរាប់ប្រាប់ទាំងអូលដើមក នារសៀលថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៣ នេះថា ក្នុងគ្រាដែលគាត់នៅក្រមុំ បានរកប្រាក់សន្សំធ្វើផ្ទះឈើបានមួយគ្រាន់នៅនឹងគេគឺជញ្ជាំងបាំងស័ង្កសីដំបូលក៏ប្រក់ស័ង្កសី។ គាត់មានកូនពីរនាក់ ក្នុងនោះកូនបងឈ្មោះរ៉េត សុខឃាង អាយុ១២ឆ្នាំរៀនថ្នាក់ទី៥ និងកូនពៅឈ្មោះរ៉េត គាង អាយុ៨ឆ្នាំរៀនថ្នាក់ទី៣ ចំពោះកូនពៅពេលទៅរៀនបានបងស្រីឈ្មោះណយ សាយ អាយុ៥៤ឆ្នាំ ឌុបទៅសាលាទាំងទៅទាំងមក។
ស្ត្រីមេម៉ាយរូបនេះបានរំលឹកថា គាត់បានរៀបការជាមួយបុរសម្នាក់ឈ្មោះដេកា ដែលមានអាយុ
ស្មើនិងគាត់ដែរ ។ តែជាមនុស្សមិនចេះរកស៊ីទំនុកបម្រុងដល់គ្រួសារទេ គឺពឹងផ្អែកមកលើប្រពន្ធជាអ្នកដោះស្រាយទៅវិញ ។ ក្រោយមក ពួកគាត់បានលែងលះគ្នា ហើយប្ដីតាមដំណឹងឮថា មានប្រពន្ធទៀតព្រមទាំងមានកូនផងដែរ ។
ចំពោះចំណងដៃអាពាហ៍ពិពាហ៍បានបន្សល់ទុកកូនប្រុសចំនួន២នាក់ ចាប់តាំងពីថ្ងៃលែងលះគ្នាមកដល់សព្វថ្ងៃនេះ ប្ដីមិនដែលបានមកសួរសុខទុក្ខកូន និងប្រពន្ធម្ដងណាឡើយ។ ជីវិតត្រូវតែតស៊ូគាត់បានធ្វើជាកម្មការិនីរោងចក្រកាត់ដេរមួយក្នុងស្រុកជើងព្រៃបានជាងមួយឆ្នាំនិងបានសន្សំលុយទិញកង់មួយគ្រឿងឲ្យកូនបងសម្រាប់ជិះទៅរៀនរាល់ថ្ងៃ។ តែដោយសុខភាពគាត់មិនអំណោយផលក៏បានឈប់ធ្វើការពីរោងចក្រ ហើយកូនប្អូនវិញគឺមិនមានកង់ជិះទៅរៀននឹងគេទេ។
ស្ថិតនៅក្នុងជីវភាពដែលមានការលំបាក ត្រូវបានអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភទំនុកបម្រុងមានអង្ករជាហូរហែ សម្រាប់ដាំបាយទទួលទាន ។ មួយរយៈចុងក្រោយនេះ ប្រហែលជា៤ទៅ៥ខែមិនដឹងជាយ៉ាងម៉េចដោះខាងឆ្វេងឡើងរឹង ក្រោយមកស្រាប់តែធំឡើងៗ ដំបៅហូរឈាមធ្វើឲ្យគាត់សម្រាន្តមិនលក់ ។
មានពេលមួយគាត់បានទៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីពិនិត្យមើលអាការៈជំងឺ តែមិនមានអ្នកកំដរដោយបងស្រីមានសុខភាពខ្សោយ មិនអាចមើលថែទាំបាននោះឡើយ ។ ពេលដែលជំងឺមហារីកដោះយារយីលើរាងកាយ រួមទាំងកើតជំងឺឈាមសឈីស៊ីឈាមក្រហមទៀត ដែលធ្វើឲ្យសុខភាពរបស់គាត់ចេះតែដាបទៅៗដេកមិនលក់ហ្នឹងក្តៅក្នុងខ្លួន ហើយចេះតែទ្រាំទៅ ។
តាមពិត គាត់ចង់ព្យាបាលជំងឺនេះណាស់ តែមិនមានអ្នកកំដរពេលដែលទៅដេកពេទ្យ។ ជាមួយនោះ បងស្រីក៏សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយសង្គ្រោះជីវិតគាត់ឲ្យផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះកូនបង គឺមានកង់ជិះទៅរៀនរាល់ថ្ងៃចំណែកកូនៗវិញមិនមានកង់ជិះទៅសាលានោះទេ តែបានបងស្រីក្រមុំចាស់ជូនទៅសាលារាល់ថ្ងៃដោយមានកង់កញ្ចាស់មួយគ្រឿង ។
លោកកែវ ហុកគ្រី មេឃុំសូទិព្វមានប្រសាសន៍ដឹងតាមទូរស័ព្ទថា ចំពោះគ្រួសារណយ សាម គឺអាជ្ញាធរបានធ្វើប័ណ្ណក្រីក្រជូន និងបានទទួលប្រាក់បៀវត្សឧបត្ថម្ភប្រចាំខែទៀតផង។ កន្លងទៅគ្រួសារនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ជួយទំនប់បម្រុងជួយអង្ករជាហូរហែ
ហើយមួយរយៈចុងក្រោយ ពេលដែលក្រុមយុវជនយកអង្ករទៅជូនគ្រួសារដែលមានជីវភាពខ្វះខាតនេះក៏ទទួលដំណឹងថា មានជំងឺមហារីកដោះ។
ចំពោះកូនប្រុសពៅរបស់ស្ត្រីរូបនេះ ដែលមិនមានកង់ជិះទៅរៀន អាជ្ញាធរនិងប្រឹងប្រែងរកសប្បុរសជនជួយឧបត្ថម្ភកង់មួយគ្រឿងឲ្យទៅគ្នាទៀតផង។
ចែករំលែកព័តមាននេះ