ទីក្រុងប៉េកាំង ៖ ទិន្នន័យផ្លូវការដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានបន្តធ្លាក់ចុះថែមទៀតនៅក្នុងខែសីហា ដែលបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីផលប៉ះពាល់អូសបន្លាយពីការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសយក្សនៅអាស៊ីមួយនេះ។
តាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកទៅលើទិន្នន័យពីការិយាល័យស្ថិតិជាតិចិនបានឱ្យដឹងថា តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,១% នៅក្នុងខែសីហា ស្មើនឹងកម្រិតធ្លាក់ចុះ កាលពីខែកក្កដា និងខែមិថុនា។ បើគិតជាប្រចាំឆ្នាំ តម្លៃបានធ្លាក់ចុះ ៣% ដែលប្រសើរជាងបើធៀបនឹងការធ្លាក់ចុះ ៣,២% ក្នុងខែកក្កដា ហើយក៏ជាការធ្លាក់ចុះយឺតបំផុតប្រចាំឆ្នាំនេះផងដែរ។
កម្សោយនៃតម្លៃដែលនៅតែបន្តកើតមាននេះ បានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន នឹងនៅតែជាបន្ទុកដល់សេដ្ឋកិច្ច ដោយរឹតត្បិតការប្រើប្រាស់ក្នុងស្រុក និងដាក់សម្ពាធទៅលើចំណូលរដ្ឋបាលមូលដ្ឋាន រហូតទាល់តែវិធានការជំរុញសេដ្ឋកិច្ចខ្លាំងក្លារបស់រដ្ឋាភិបាលទទួលបានផ្លែផ្កា ដើម្បីស្តារវិស័យមួយនេះឡើងវិញ។
ស្ថានភាពតម្លៃមានភាពខុសៗគ្នានៅទូទាំងប្រទេស។ តួយ៉ាង នៅទីក្រុងធំៗបានបង្ហាញសញ្ញាស្ថិរភាព ខណៈទីផ្សារនៅទីក្រុងតូចៗបន្តជួបការលំបាក។ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងលំដាប់ទី១ បានកើនឡើង ០,១% នៅក្នុងខែសីហាធៀបនឹងខែកក្កដា ខណៈដែលទីក្រុងលំដាប់ទី២ និងទី ៣ បានជួបប្រទះការធ្លាក់ចុះ។ ទន្ទឹមនឹងគ្នានោះ តម្លៃផ្ទះលក់បន្តនៅក្នុងទីក្រុងលំដាប់ទី១ ក៏បានបង្ហាញពីភាពប្រសើរឡើងផងដែរ ដោយកើនឡើងបន្តិចក្នុងខែសីហា។
រដ្ឋាភិបាលចិនបានដាក់ចេញវិធានការបន្តបន្ទាប់ កាលពីខែមុន ដើម្បីណែនាំអ្នកអភិវឌ្ឍន៍អចលនទ្រព្យឱ្យបញ្ឈប់ការលក់ផ្ទះមុនសាងសង់រួច ដែលបង្កឱ្យមានការតវ៉ាពីអ្នកទិញផ្ទះ នៅពេលការសាងសង់ផ្ទះជាប់គាំង ស្របពេលមានវិបត្តិសេដ្ឋកិច្ច។ លើសពីនេះ និយតករហិរញ្ញវត្ថុ ក៏បានពន្យាររយៈពេលសម្រាប់កម្ចីទិញផ្ទះពី ៣០ ឆ្នាំ ទៅ ៤០ ឆ្នាំ ផងដែរ ។ វិធានការទាំងនេះមានគោលបំណងបង្កើនជំនឿចិត្តអ្នកទិញផ្ទះ និងបង្កើតគំរូផ្តល់មូលនិធិដែលមានហានិភ័យទាបសម្រាប់ការអភិវឌ្ឍអចលនទ្រព្យក្នុងរយៈពេលវែង។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមើលឃើញថា វិធានការទាំងនេះ មិនអាចជួយជំរុញតម្រូវការលំនៅឋានឱ្យមានភាពល្អប្រសើរឡើងវិញក្នុងរយៈពេលខ្លីបាននោះទេ៕


ចែករំលែកព័តមាននេះ