លោកគ្រូពេទ្យម្នាក់ជាប់ទៅយាមវេនយប់ ត្រូវលោកចោរចូលលួចមាន់ព្រៃមួយគូលើកយកទាំងទ្រុងទៅបាត់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មាន់ព្រៃមួយគូដែលលោកគ្រូពេទ្យម្នាក់ទិញយកទៅចិញ្ចឹមគ្រាន់លំអមើលនៅក្នុងផ្ទះ ត្រូវលោកចោរពីរនាក់ចូលលួចយ៉ាងគគ្លើន លើកយកទៅបាត់ទាំងទ្រុង នៅវេលាម៉ោងជាង៥ព្រលប់ថ្ងៃទី១៣ កញ្ញា ស្ថិតក្នុងភូមិថ្លុកសង្កែ ឃុំសិរីមានជ័័យ ស្រុកសំពៅលូន តែម្ចាស់ផ្ទះអាះអាងថា គាត់ធ្លាប់ស្គាល់ភិនភាគក្រុមចោរនោះ ក៏នៅក្នុងមូលដ្ឋាន ។

លោក ហ៊ុយ វាសនា អាយុ៣៧ឆ្នាំ ជាគ្រូពេទ្យប្រចាំស្រុកសំពៅលូន បានបង្ហោះរូបភាពវីដេអូដែលបង្ហាញពីសកម្មភាព «ចោរពីរនាក់លបចូលលួចលើកទ្រុងដាក់មានព្រៃ» ដែលថតជាប់ជោយកាមេរ៉ាសុវត្ថិភាពរបស់គាត់ ក្រោយពេលគាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាល ។
លោកគ្រូពេទ្យ ហ៊ុយ វាសនា បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា នៅយប់កើតហេតុនោះ លោកមិនបាននៅផ្ទះទេ គឺជាប់យាមវេនយប់នៅមន្ទីរពេទ្យ ។ ហើយគាត់ក៏មិនបានមើលកាមេរ៉ាសុវត្ថិភាពក្នុងទូរស័ព្ទដៃដែរ ព្រោះជាប់រវល់ ។ លុះព្រឹកឡើង ពេលលោកត្រឡប់មកដល់ផ្ទះក៏បាត់ទ្រុងដាក់មាន់ព្រៃមួយគូនោះ ហើយពេលមើលកាមេរ៉ាសុវត្ថិភាពក៏ឃើញសកម្មភាពចោរពីរនាក់លបចូលក្នុងរបងផ្ទះគាត់ដើរចូលទៅលើកយកមាន់ព្រៃគាត់ទាំងទ្រុងតែម្ដង ។

កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីភាពគគ្លើនរបស់ជនដៃដល់ចំនួន០២បានដើរចូលលបៗ សំដៅទៅកាន់ទីកន្លែង ដែលជនរងគ្រោះដាល់ទ្រុងមាន់ព្រៃ ។ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ លោកចោរចិត្តស្លុយទាំងពីរនាក់នោះ បាននាំគ្នាសែងទ្រុងចិញ្ចឹមមាន់ព្រៃរបស់លោកគ្រូពេទ្យយកទៅបាត់យ៉ាងស្រួល ។
លោកគ្រូពេទ្យ ហ៊ុយ វាសនា បានបញ្ជាក់ថា សត្វមាន់ព្រៃមួយគូមានញី មានឈ្មោល។ គាត់ទើបទិញពីគេយកមកចិញ្ចឹមគ្រាន់លំអផ្ទះ តែឥឡូវត្រូវចោរលួចលើកទាំងទ្រុងយកទៅបាត់ ។ បើតាមលោកគ្រូពេទ្យរូបនេះ បានបញ្ជាក់ដែរថា បើតាមលោកពិនិត្យពីភិនភាគជនសង្ស័យ លោកធ្លាប់ស្គាល់ គឺជាមុខសញ្ញាធ្លាប់ប្រព្រឹត្តអំពើចោរកម្មជាញឹកញាប់នៅក្នុងមូលដ្ឋាន ។

កន្លងទៅ ក្រុមចោរទាំងនោះធ្លាប់ធ្វើចំណាកស្រុកទៅធ្វើការនៅឆ្ងាយៗ តែឥឡូវក្រុមនេះបានត្រឡប់មកវិញធ្វើចោរលួចដដែល ដែលបង្កក្ដីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ។
យ៉ាងណា លោកបានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចរួចហើយ ។ ប៉ុន្តែលោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន បានប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មាននេះពីមន្ត្រីប៉ុស្ដិ៍រដ្ឋបាលនៅឡើយទេ ៕


ចែករំលែកព័តមាននេះ