អាជ្ញាធរឃុំសែប និងស្រុកកំពង់ត្រឡាច បំផុសប្រជាពលរដ្ឋចូលរួមដាំដើមក្ងោកជាជួរ ដើម្បីសោភ័ណភាពផ្លូវជាតិលេខ៥
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សកម្មភាពដាំដើមឈើលម្អផ្លូវជាតិលេខ៥នេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អាជ្ញាធរដែនដីភូមិឃុំស្រុក រួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង។ ដើមក្ងោកជាច្រើនដើម ត្រូវបានដាំដុះជាជួរយ៉ាងមានរបៀបរៀបរយតាមបណ្តោយផ្លូវជាតិលេខ ៥ ដែលជានិមិត្តរូបនៃភាពស្រស់បំព្រង និងការត្រៀមទទួលស្វាគមន៍អ្នកដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង។
អនុវត្តតាមផែនការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក ដែលជាផែនការ គឺរដ្ឋបាលស្រុក ត្រូវរៀបចំថ្នាលបណ្តុះកូនឈើនៅសាលាស្រុក ឲ្យបានយ៉ាងតិចបំផុត ចំនួន ៦.០០០ដើម ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ត្រូវរៀបចំថ្នាលបណ្តុះកូនឈើនៅតាមសាលារៀនទូទាំងស្រុកឲ្យបានយ៉ាងតិចបំផុត ចំនួន ១៤.០០០ដើម និងរដ្ឋបាលឃុំ ត្រូវរៀបចំថ្នាលបណ្តុះកូនឈើនៅសាលាឃុំ ឲ្យបានយ៉ាងតិចបំផុត ចំនួន ៣.០០០ដើម។ សរុបជាផែនការ ក្នុងស្រុកកំពង់ត្រឡាច លទ្ធផលកូនឈើដែលបានបណ្តុះក្នុងថ្នាល មានប្រមាណ ៥០.០០០ដើម ដែលកូនឈើទាំងនោះភាគច្រើនជាដើមក្ងោក លឿងរាជ ច្រេស ម៉ូយ ធ្នង់…ជាដើម សម្រាប់ដាំលម្អតាមដងផ្លូវជាតិ និងផ្លូវនានាក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាច។
ដោយឡែកសម្រាប់ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយ លោក ប៉ែន ចាន់ដារិទ្ធប្រធានក្រុមការងារចុះមូលដ្ឋានឃុំ លោក សាយប៊ុនថេង អភិបាលរងស្រុកទទួលបន្ទុកចុះជួយឃុំ និងលោក ហោ សារិទ្ធិ មេឃុំសែប បានណែនាំអាជ្ញាធរឃុំដោយបានបំផុសប្រជាពលរដ្ឋឲ្យនាំគ្នាដាំដើមក្ងោកជាជួរដើម្បីលើកសម្រស់ផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ឃុំតាជេស ស្រុកកំពង់ត្រឡាច រហូតដល់ព្រំប្រទល់ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពីការដាំដុះរួច លោក ប៉ែន ចាន់ដារិទ្ធប្រធានក្រុមការងារចុះមូលដ្ឋានឃុំ បានសំណូមពរឲ្យលោក សាយប៊ុនថេង អភិបាលរងស្រុកទទួលបន្ទុកចុះជួយឃុំ លោក ហោ សារិទ្ធិ មេឃុំសែប និងអាជ្ញាធរភូមិ-ឃុំ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិ ចូលរួមថែរក្សា និងស្រោចទឹកដើមឈើទាំងនោះ ដើម្បីធានាថាដើមក្ងោកទាំងអស់អាចលូតលាស់មាំមួន និងផ្ដល់ជាកេរដំណែលបៃតងតាមបណ្តោយផ្លូវជាតិលេខ ៥ ៕




ចែករំលែកព័តមាននេះ