វាសនាផ្លាស់ប្តូរត្រឹមមួយប៉ព្រិចភ្នែក! មិនត្រឹមតែចៅ វ៉ាន សែនវ៉ា ទេ សម្តេចតេជោ ស្រោចស្រង់ទាំងក្តីស្រមៃបងស្រីឱ្យចូលមហាវិទ្យាល័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពីយុវជនធ្លាប់ប្រឡងធ្លាក់បាក់ឌុប ក្លាយជាម្ចាស់និទ្ទេស A ដ៏ត្រចះត្រចង់! ការតស៊ូមិនចុះចាញ់របស់យុវជន វ៉ាន សែនវ៉ា មិនត្រឹមតែបើកទ្វារអនាគតសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក្លាយជាចំណុចរបត់ដ៏ធំធេងសម្រាប់គ្រួសារទាំងមូល ខណៈសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យចូលជួបផ្ទាល់ ដើម្បីតម្រង់ទិសការសិក្សា និងផ្តល់ក្តីសង្ឃឹមថ្មីដល់បងស្រីរបស់គេ ដែលជាប់បាក់ឌុបតាំងពីឆ្នាំ២០២៥ ប៉ុន្តែខ្វះខាតលទ្ធភាពរៀនបន្ត។

ជាក់ស្តែងនៅព្រឹកថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា សម្តេចបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីទទួលជួបសំណេះសំណាលជាមួយចៅ វ៉ាន សែនវ៉ា រួមជាមួយឪពុកម្តាយ និងបងស្រីទាំង ៣នាក់ ។
សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរៀបចំតម្រង់ទិសឱ្យចៅ វ៉ាន សែនវ៉ា បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ក៏នៅមានបងស្រីរបស់គេម្នាក់ទៀត ដែលត្រូវចូលរៀនមហាវិទ្យាល័យផងដែរ បន្ទាប់ពីរូបនាងបានប្រឡងជាប់បាក់ឌុប កាលពីឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែគ្មានលទ្ធភាពបន្តការសិក្សាដោយសារកត្តាជីវភាព ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ បានក្លាយជាពន្លឺនៃក្តីសង្ឃឹមយ៉ាងធំធេងក្នុងការស្រោចស្រង់ក្តីស្រមៃកូនកសិករឱ្យមានអនាគតរុងរឿង ។

គួររំលឹកផងដែរថា យុវជន វ៉ាន សែនវ៉ា អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសាងប្រវត្តិសាស្ត្រផ្ទាល់ខ្លួនយ៉ាងអស្ចារ្យ តាមរយៈការដណ្តើមបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សម័យប្រឡងឆ្នាំនេះ បន្ទាប់ពីរូបគេធ្លាប់បានភ្លក់រសជាតិនៃការបរាជ័យធ្លាក់បាក់ឌុបកាលពីឆ្នាំមុន ។

ដំណើរជីវិត និងការតស៊ូព្យាយាមមិនបោះបង់របស់យុវជនរូបនេះ បានក្លាយជាគំរូ និងជាប្រភពលើកទឹកចិត្តយ៉ាងខ្លាំងដល់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈការប្រែក្លាយខ្លួនពី «បេក្ខជនប្រឡងធ្លាក់» ឱ្យក្លាយជា «ម្ចាស់និទ្ទេស A» យ៉ាងពេញមោទនភាព។

លទ្ធផលដ៏គាប់ប្រសើរនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ការបរាជ័យកាលពីម្សិលមិញ គ្រាន់តែជាមេរៀន និងជាឈ្នាន់រុញច្រានឆ្ពោះទៅរកជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃនេះប៉ុណ្ណោះ ឱ្យតែយើងមានការតាំងចិត្តមោះមុត និងការខិតខំប្រឹងប្រែងឥតឈប់ឈរ៕




ចែករំលែកព័តមាននេះ