ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប្រាក់ សុខុន ៖ កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នា និងបែងចែកធនធានតំបន់សមុទ្រត្រួតស៊ីគ្នាដោយសមធម៌ជាមួយថៃ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​គណៈកម្មកា​ផ្សះផ្សា​ស្តី​ពី​នីតិ​សមុទ្រ ប្រមុខ​ការទូត​កម្ពុជា បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ថៃ​សម្រាប់​ការ​អភិវឌ្ឍ​រួម​គ្នា និង​ការ​បែងចែក​ធនធាន​នៅ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ដោយ​សមធម៌​រវាង​រដ្ឋ​ទាំង​ពីរ ។

ថ្លែងការណ៍​បើក​កិច្ចប្រជុំ​លើក​ទី​១ របស់​គណៈកម្មការ​ផ្សះផ្សា ក្រោម​អនុសញ្ញា​អង្ក​ការ​សហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS)​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ប្រទេស​សិង្ហ​បុរី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​លើក​ឡើង​អំពី​គោលបំណង​របស់​កម្ពុជា ក្នុង​ដំណើរការ​ផ្សះផ្សា​ថា គោលបំណង​ចម្បង​បំផុត​របស់​យើង គឺ​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​មួយ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​រួមចំណែក​ដល់​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព​រួម​នៅ​ក្នុង​តំបន់ ។

ប្រមុខ​ការទូត​បាន​អះអាង​ថា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ កម្ពុជា​មាន​បំណង​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​ប្រទេស​ថៃ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​គណៈកម្មការ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ដើម្បី​កំណត់ព្រំដែន​សមុទ្រ​តែ​មួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ។ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ ជា​ជម្រើស​ផ្សេង​ទៀត​កម្ពុជា​ត្រៀមខ្លួន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ថៃ សម្រាប់​ការ​អភិវឌ្ឍ​រួម​គ្នា និង​ការ​បែងចែក​ធនធាន​ដោយ​សមធម៌​រវាង​រដ្ឋ​ទាំង​ពីរ ក្នុងអំឡុងពេល​រង់ចាំ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​ស្តី​ពី​ព្រំដែន​សមុទ្រ ។

ជាមួយ​គ្នា​នោះ​ដែរ ប្រមុខ​ការទូត​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​ករណី​មិន​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ ទាំង​លើ​ព្រំដែន​សមុទ្រ និង​ទាំង​លើ​ការ​អភិវឌ្ឍ​រួម​គ្នា កម្ពុជា​សូម​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​របាយការណ៍​ផ្តល់​អនុសាសន៍​ដល់​ភាគី​ទាំង​ពីរ ដើម្បី​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ចរចា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ទាំងនេះ​នៅ​ពេល​ក្រោយ ដោយ​អនុលោម​តាម​កាតព្វកិច្ច​របស់​ភាគី​ទាំង​ពីរ​ក្រោម​អនុសញ្ញា UNCLOS ។

ឯកឧត្តម​ថា ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពិចារណា​ដោយ​ហ្មត់ចត់​លើ​គ្រប់ ។ ជម្រើស​នៃ​ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​ខ្លួន​មាន​ស្រប​តាម​ច្បាប់​អន្តរជាតិ ។ ឈរ​លើ​មូលដ្ឋាន​នៃ ការ​ប្តេជ្ញា​ចិត្ត​គោរព​គោលការណ៍​នីតិរដ្ឋ និង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី កម្ពុជា​បាន​សម្រេច​យក ជម្រើស​ផ្តួចផ្តើម​នីតិវិធី​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​កម្ពុជា​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​នេះ នាយក​រដ្ឋមន្ត្រី​របស់ខ្ញុំ គឺ​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សុន្ទរកថា​ពិសេស​មួយ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​មាន​ប្រសាសន៍​ថា​៖«​កម្ពុជា​ក៏​ដូច​ជា​ថៃ នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ចីរភាព ក្រោម​ការ​ណែនាំ​របស់​អ្នកជំនាញ​ផ្សះផ្សា​អន្តរជាតិ​ដោយ​ស្រប​តាម​ច្បាប់​អន្តរជាតិ​។ ដំណោះស្រាយ​ដោយ​សន្តិវិធី​នឹង​ផ្តល់​ផលប្រយោជន៍​រួម​ដល់​ប្រទេស​ទាំង​ពីរ ហើយនឹង​រួម​ដំណោះស្រាយ​នេះ នឹង​ចំណែក​ផង​ដែរ​ដល់​ការ​កសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ។ ការពារ​អធិបតេយ្យ ពង្រឹង​ទំនុកចិត្ត ទាញ​យក​ផលប្រយោជន៍​ពី​ធនធាន​ថាមពល គាំទ្រ​ដល់​ការ​អភិវឌ្ឍ និង​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ មិនមែន​សម្រាប់​តែ​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ នៃ​ប្រទេស​កម្ពុជា​និង​ថៃ​ទៀត​ផង​» ។

ឯកឧត្តម​បាន​បន្ថែម​ថា កម្ពុជា​បាន​ជ្រើសរើស​យក​ជម្រើស​នេះ ដើម្បី​ស្វែងរក​ផ្លូវ​សន្តិភាព​ទៅ​មុខ​ស្រប​តាម​ច្បាប់​អន្តរជាតិ ។ កម្ពុជា​មើលឃើញ​ដំណើរការ​ផ្សះផ្សា​នេះ​ថា ជា​មធ្យោបាយ​មួយ​សម្រាប់​ស្តារ​ទំនុកចិត្ត​ឡើង​វិញ ហើយ​ពុំ​មែន​ជា​ទម្រង់​នៃ​ការ​បង្កើន​ភាព​តានតឹង​នោះ​ឡើយ ។ កម្ពុជា​សង្ឃឹម​ដោយ​ស្មោះ​ថា ប្រទេស​ថៃ ចូលរួម​ដំណើរការ​ផ្សះផ្សា​ក្នុង​ស្មារតី​ស្ថាបនា ហើយ​ស្រប​ពេល​គ្នា​នេះ​ដែរ​នឹង​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​រក​ការ​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី តាម​រយៈ​ការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់​ទាំងអស់ ជា​ពិសេស​សេចក្តីថ្លែងការណ៍​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥៕