ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ូទី​វា.យ​ប្រ.ហារ​អារ៉ាប៊ី​សា​អូឌីត​ជា​ថ្មី និង​ផ្ដាំ​ទៅ​​​អាមេរិក​​ថា​កុំ​លូក​ដៃ​នៅ​ក្នុង​ជម្លោះ​នេះ​ឱ្យ​សោះ​

2 នាទី មុន

ទី​ក្រុង​រីយ៉ាត៖ ក្រុម​ហ៊ូទី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ីរ៉ង់​បាន​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​លើ​មូល​ដ្ឋាន​​នានា​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ​ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​បន្ត​​វាយលុក​​​ចូល​កាន់​តែ​ជ្រៅ​​​ទៅ​ក្នុង​​តំបន់​មាត់​សមុទ្រ​ខាង​លិច​ប្រទេស​យេ​ម៉េន​ស្ថិត​នៅ​តាម​បណ្ដោយ​សមុទ្រ​ក្រហម​​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​យេម៉េន​។ ឥឡូវ​នេះ អារ៉ាប៊ី​សា​អូឌីត​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​លុក​យ៉ាង​ឆាប់​រហ័ស​នេះ​។

បណ្ដា​រដ្ឋ​ទាំង​ឡាយ​នៅ​ឈូង​សមុទ្រ​ពែក្ស​ផ្អាក​រាល់​ការ​ចរ​ចា​ទាំង​អស់​ជា​មួយ​អ៊ីរ៉ង់​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ថា​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​​ឡើង​ៗ​ ហើយ​អាច​នឹង​គំរាម​កំហែង​​​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ផ្គត់​ផ្គង់​ប្រេង​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​។ ក្រុម​ហ៊ូទី​បាន​បាញ់​មីស៊ីល​រាប់​សិប​គ្រាប់​ និង​បញ្ជូន​ដ្រូន​រាប់​សិប​គ្រឿង​វាយ​ប្រហារ​​បន្ទាយ​ទាហាន​នៅ​ខាមីស មូសាអ៊ីត (Khamis Mushait) នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ភាគ​ខាង​ត្បូង​។ គោល​ដៅសំខាន់​របស់​ពួក​គេ​គឺ​វាយ​ប្រហារ​ឃ្លាំង​ដាក់​យន្ត​ហោះ​ ប្រព័ន្ធ​រ៉ាដា ផ្លូវ​យន្ត​ហោះ​ចុះ​ចត​ និង​ឃ្លាំង​រំសេវ​ដើម្បី​ឆ្លើយ​តប​ទៅ​អារ៉ា​ប៊ី​សា​អូឌីត​ដែល​វាយ​ប្រហារ​ប្រទេស​យេម៉េន​។

សង្គ្រាម​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​យេម៉េន​គឺ​ជា​វិញ្ញាសា​ដ៏​ធំ​មួយ​សម្រាប់​លោក​ដូណាល់​ត្រាំ​។ អារ៉ាប៊ី​សា​អូឌីត​​​ចង់​ឱ្យ​អាមេរិក​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​​នេះ​ដោយ​ផ្ទាល់​ជា​ជាង​បាន​ត្រឹម​តែ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​តែ​មួយ​មុខ​។ ប៉ុន្តែ​​លោក​ដូណាល់​ត្រាំ​មិន​ទាន់​យល់​ព្រម​តាម​សំណើ​នេះ​ទេ​។ នេះ​បើ​យោ​ងតាម​ប្រភព​បី​នាក់​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​អាមេរិក​។ ​​កាល​ពីចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ លោក​ត្រាំ​មាន​ប្រសាសន៍​ថា​លោក​បាន​សន្ទនា​ជា​មួយ​រាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត​ ព្រះ​អង្គ​ម្ចាស់​ប៊ីន​សាល​ម៉ាន់​។ លោក​ថា​ក្រុម​ហ៊ូទី​ក៏​បាន​ទាក់​ទង​ទៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​ផង​ដែរ​ (តាម​រយៈ​ភាគី​ទីបី) ដើម្បី​ជំរុញ​​ឱ្យ​​អាមេរិក​កុំ​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​នេះ​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​អារ៉ាប៊ី​សាអូឌីត​ផ្សាយ​ថា​រាជ​ទាយាទ​ប៊ីន​សាល​ម៉ាន់​​ទើប​តែ​ជួប​មេ​បញ្ជា​ការ​កង​ទ័ពអាមេរិក​ប្រចាំ​តំបន់​មជ្ឈិម​បូព៌ា​ ឧត្ដម​នាវី​ប្រេត​ឃូប​ផឺ (Brad Cooper)​។

សូម​ជម្រាប​ថា​អារ៉ាប៊ី​សា​អូឌីត​ និង​អ៊ីរ៉ង់​គឺ​ជា​សត្រូវ​លាក់​មុខ​នឹង​គ្នា​ជា​យូរ​មក​ហើយ​។ នៅ​ក្នុង​បញ្ហា​ប្រទេស​យេម៉េន​ ​អារ៉ាប៊ី​សាអូ​ឌីត​គាំទ្រ​រដ្ឋាភិបាល​យេម៉េន​ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ប៉ុន្តែ​ជា​រដ្ឋាភិបាល​ដែល​មាន​កម្លាំង​ទ័ព​ទន់​ខ្សោយ​ដូច​ប្រទេស​លីបង់​ដែរ​។ ចំណែក​អ៊ីរ៉ង់​គាំទ្រ​ក្រុម​ហ៊ូទី​ដែល​ជា​ចលនា​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​យេម៉េន​។ ថ្វី​ដ្បិត​​រូប​ភាព​ជា​ឧទ្ទាម​ ប៉ុន្តែ​ពួក​គេ​មាន​កម្លាំង​ទ័ព​ខ្លាំង និង​វាយ​កាន់​កាប់​បាន​ទឹក​ដី​យេម៉េន​មួយ​ផ្នែក​ធំ​។ មែន​ទែន​ទៅ កង​ទ័ព​អារ៉ាប៊ី​សា​អូឌីត​ខ្លួន​ឯង​​ក៏​មិន​ខ្លាំង​​ប៉ុន្មាន​ដែរ​​​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ឈឺ​ឆ្អាល​នៅ​ក្នុង​រឿង​នេះ​។ អារ៉ាប៊ី​សាអូឌីត​មិន​ចង់​ឃើញ​រដ្ឋាភិបាល​យេម៉េន​ដួល​រលំ​នោះ​ទេ​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ឥទ្ធិ​ពល​របស់​អ៊ីរ៉ង់​កាន់​តែ​រីក​សាយ​ភាយ​នៅ​ក្នុង​តំបន់​​៕