ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ថ្លែង​ទៅ​កាន់​ពិភពលោក ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​​ថៃ

14 ម៉ោង មុន

ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ៖ ថ្លែង​ទៅ​កាន់​ពិភពលោក តាម​រយៈ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើក​ទី​៣ នៃ​អនុសញ្ញា​ស្តី​ពី​គ្រាប់បែក​ចង្កោម នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ប្រធាន​គណៈប្រតិភូ​កម្ពុជា បាន​ប្រកាស​ជំហរ​យ៉ាង​ច្បាស់​របស់​កម្ពុជា ក្នុង​ការ​ប្រឆាំង និង​ថ្កោលទោស​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ។

ឯកឧត្តម​គូសបញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ចំណាយពេល​ជាង​៣៣​ឆ្នាំ ក្នុង​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​បាន​រំដោះ​ផ្ទៃដី​ជាង ៣,៥០០​គីឡូ​ម៉ែត្រការ៉េ និង​កម្ទេច​ចោល​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​រាប់​លាន​គ្រាប់​។ ទោះជា​យ៉ាងណា កម្ពុជា​នៅ​មាន​ផ្ទៃដី​រាប់រយ​គីឡូ​ម៉ែត្រការ៉េ​ទៀត ដែល​នៅ​សេសសល់​ពី​សង្គ្រាម និង​ត្រូវ​បន្ត​ដោះស្រាយ ។
 
ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​បញ្ជាក់​ថា កម្ពុជា​មិន​បាន​រំពឹង​ថា នឹង​ត្រូវ​ចាប់ផ្តើម​ការងារ​នេះ​សារ​ជា​ថ្មី​ឡើយ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២៥ ក្នុង​បរិបទ​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ គ្រាប់បែក​ចង្កោម ត្រូវ​បាន​ប្រើប្រាស់​លើ​ទឹកដី និង​នៅ​តាម​សហគមន៍​របស់​កម្ពុជា ដែល​បាន​បង្កើត​តំបន់​រង​ផល​ប៉ះពាល់​ថ្មី​ជិត ៤,០០០​គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ​ជិត ៣,០០០​គីឡូ​ម៉ែត្រការ៉េ រង​ផល​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម ។
 
ការ​គំរាមកំហែង​ថ្មី​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បង្កើន​បន្ទុក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសម្អាត​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​របស់​កម្ពុជា​។ ប្រជាពលរដ្ឋ​ស៊ី​វិល ជា​ពិសេស​កសិករ ត្រូវ​បាន​សម្លាប់ និង​រង​របួស ខណៈ​ប្រជាពលរដ្ឋ​ជាង ២០,០០០​នាក់ នៅ​តែ​ត្រូវ​បាន​ផ្លាស់​ទីលំនៅ និង​មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​បាន ។
 
ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​សង្កត់ធ្ងន់​ថា “​កម្ពុជា​មិន​ទាន់​បញ្ចប់​ការ​បោសសម្អាត​មរតក​សង្គ្រាម​ពី​អតីតកាល​អស់​ផង បែរជា​ត្រូវ​ប្រឈម​នឹង​បន្ទុក​មនុស្សធម៌​ថ្មី​ជិត ៤,០០០​គីឡូ​ម៉ែត្រការ៉េ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​អាវុធ​ក្នុង​ឆ្នាំ​២០២៥ ដោយ​កង​កម្លាំងយោធា​ថៃ​។ បន្ទុក​ថ្មី​នេះ​កាន់តែ​បង្កើន​តម្រូវការ​ធនធាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​” ។
 
ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​យ៉ាង​ច្បាស់​ថា “​ទោះ​កម្ពុជា​មិនមែន​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​ស្តី​ពី​គ្រាប់បែក​ចង្កោម​នេះ​ក៏​ដោយ កម្ពុជា​គាំទ្រ​យ៉ាង​ពេញលេញ​ចំពោះ​គោលបំណង​របស់​អនុសញ្ញា និង​មិន​ដែល​ផលិត ឬ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ឡើយ​” ហើយ​បាន​ប្រកាស​ប្រឆាំង និង​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​”​។​ ​កម្ពុជា​ក៏​ត្រៀម​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការ​បោសសម្អាត ការ​អប់រំ​អំពី​ហានិភ័យ និង​ជំនួយ​ជន​រង​គ្រោះ ជាមួយ​ប្រទេស​នានា​ដែល​ត្រូវការ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការ​គំរាមកំហែង​ពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ដូចដែល​កម្ពុជា​បាន​ឆ្លងកាត់ ៕