ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប្រាក់ សុខុន ៖ ទំនាក់ទំនងកម្ពុជា-ថៃកំពុងជួបភាពលំបាក កម្ពុជាសង្ឃឹមថាគណៈកម្មការផ្សះផ្សានឹងជួយបើកទំព័រប្រវត្តិសាស្ត្រថ្មី

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចំពោះ​មុខ​គណៈកម្មការ​ផ្សះផ្សា​ស្តី​ពី​នីតិ​សមុទ្រ ឯកឧត្តម​ប្រាក់​សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ អន្តរជាតិ​តំណាង​ភាគី​កម្ពុជា បាន​គូសបញ្ជាក់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ​បាន និង​កំពុង​តែ​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក និង​ស្នើ​ឱ្យ​គណៈកម្មការ​ផ្សះផ្សា​អាច​ជួយ​ភាគី​ទាំង​ពីរ ក្នុង​ការ​បើក​ទំព័រ​ថ្មី​មួយ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ភាគី​ទាំង​ពីរ ។

ថ្លែងការណ៍​បើក​កិច្ចប្រជុំ​លើក​ទី​១ របស់​គណៈកម្មការ​ផ្សះផ្សា​ស្តី​ពី​នីតិ​សមុទ្រ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ប្រទេស​ស​ង្ហិ​បុរី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់​សុ​ខុន តំណាង​កម្ពុជា​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ចំពោះ​ច្បាប់​អន្តរជាតិ​ថា កម្ពុជា​គោរព​ច្បាប់​អន្តរជាតិ ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ស្ថាប័ន​នានា​ដែល​លើកកម្ពស់​គោលការណ៍​ទាំងនេះ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ក្នុង​បទ​ពិសោធន៍​ជាតិ​របស់​កម្ពុជា ។

ឯកឧត្តម​បញ្ជាក់​ថា ៖ ការ​ដែល​យើង​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​របស់​យើង​លើ​ស្ថាប័ន​អន្តរជាតិ ក្នុង​នាម​ជា​យន្តការ​ដោះស្រាយ​វិវាទ​ដ៏​ស្មុគស្មាញ​រវាង​រដ្ឋ​នានា​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា បទ​ពិសោធន៍​នេះ បាន​បង្ហាញ​ថា បញ្ហា​សំខាន់​បំផុត​សម្រាប់​ជាតិ​អាច​ដោះស្រាយ​បាន​តាម​សន្តិវិធី និង​តាម​យន្តការ​ពហុភាគី​ជា​ជាង​តាម​ការ​ប្រើប្រាស់​កម្លាំង ហើយ​ក្របខ័ណ្ឌ​អន្តរជាតិ​អាច​ផ្តល់​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​និង​ចីរកាល​សម្រាប់​ឱ្យ​រដ្ឋ​ជិតខាង​គ្នា​ដោះស្រាយ​ទំនាស់​របស់​ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ៖ ការ​ប្តេជ្ញា​ចិត្ត​ដូច​បាន​លើក​ឡើង​ខាង​ដើម គឺជា​កត្តា​កំណត់​អភិក្រម​របស់​កម្ពុជា ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​ព្រះរាជាណាចក្រ​ថៃ ។ ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ បាន និង​កំពុង​តែ​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក ។ កម្ពុជា​សង្ឃឹមថា គណៈកម្មការ​ផ្សះផ្សា​អាច​ជួយ​ភាគី​ទាំង​ពីរ ក្នុង​ការ​បើក​ទំព័រ​ថ្មី​មួយ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ភាគី​ទាំង​ពីរ ។

ឯកឧត្តម​លើក​ឡើង​ថា យើង​បាន​ទទួល​ការ​លើកទឹកចិត្ត​ពី​លទ្ធផល​នៃ​ការ​ផ្សះផ្សា​លើ​បញ្ហា​ដែនសមុទ្រ​ទី​ម័​រ រវាង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ និង​ប្រទេស​អូស្ត្រាលី ។ ដំណើរការ​ផ្សះផ្សា​នោះ​បាន​បង្ហាញ​ថា ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​អាច​ដោះស្រាយ​ភាព​ជាប់​គាំង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ជិតខាង និង​នាំ​ទៅ​រក​ដំណោះស្រាយ​ជា​ស្ថាពរ​តាម​រយៈ​សន្ធិសញ្ញា ។

ប្រមុខ​ការទូត​កម្ពុ​បាន​គូសបញ្ជាក់​ថា​៖ កម្ពុជា​មាន​ទំនុកចិត្ត​ថា គណៈកម្មការ​ផ្សះផ្សា​ជាមួយនឹង​សមាសភាព​ដ៏​ឧត្តុង្គឧត្តម​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ដល់​កម្ពុជា និង​ថៃ ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ស្រ​ដៀង​គ្នា​នេះ​ដែរ ពោល គឺ​លទ្ធផល​ដែល​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម​សម្រាប់​តំបន់​យើង ៕