ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកចូលចិត្តផឹកតែ កាហ្វេ កុំប្រញាប់ផឹកក្តៅពេក! អាចប្រឈមហានិភ័យជំងឺកាចមួយនេះ​

13 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាធំមួយលើមនុស្សពេញវ័យជិត ៩៨០,០០០ នាក់នៅចក្រភពអង់គ្លេស បានរកឃើញថា ការផឹកភេសជ្ជៈក្តៅខ្លាំង ដូចជា តែ និងកាហ្វេ អាចពាក់ព័ន្ធនឹងការកើនឡើងនៃហានិភ័យមហារីកបំពង់អាហារ។ អ្នកដែលផឹកភេសជ្ជៈក្នុងកម្រិត «ក្តៅ» មានហានិភ័យប្រហែល ១,៧ ដង បើប្រៀបធៀបនឹងអ្នកដែលផឹកក្នុងកម្រិត «កក់ក្តៅ» ខណៈអ្នកដែលចូលចិត្តផឹក «ក្តៅខ្លាំង» មានហានិភ័យប្រហែល ៣ ដង។

ការសិក្សានេះក៏បានរកឃើញថា បរិមាណភេសជ្ជៈក្តៅដែលផឹកក្នុងមួយថ្ងៃអាចមានតួនាទីផងដែរ។ អ្នកដែលផឹកភេសជ្ជៈក្តៅចាប់ពី ៦ កែវឡើងទៅក្នុងមួយថ្ងៃ មានហានិភ័យកើនឡើងប្រហែល ៧១% ចំពោះមហារីកបំពង់អាហារ​ បើប្រៀបធៀបនឹងអ្នកដែលផឹកតិចជាង ៦ កែវ។ ទោះជាយ៉ាងណា មិនបានរកឃើញទំនាក់ទំនងដូចគ្នាជាមួយមហារីកបំពង់អាហារប្រភេទផ្សេងនោះទេ។

អ្នកជំនាញពន្យល់ថា ភេសជ្ជៈដែលមានសីតុណ្ហភាពខ្ពស់ខ្លាំង អាចបង្កការរលាក ឬបំផ្លាញកោសិកាដែលស្រោបនៅខាងក្នុងបំពង់អាហារ ប្រសិនបើផឹកជាញឹកញាប់ក្នុងរយៈពេលយូរ។ ដូច្នេះ ហានិភ័យដែលការសិក្សាបានរកឃើញ គឺពាក់ព័ន្ធជាចម្បងនឹង​កម្តៅរបស់ភេសជ្ជៈ មិនមែនមានន័យថា តែ ឬកាហ្វេជាភេសជ្ជៈបង្កមហារីកដោយខ្លួនឯងឡើយ។

អង្គការស្រាវជ្រាវមហារីកអន្តរជាតិ (IARC) របស់អង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់ព្រមានថា ភេសជ្ជៈដែលមានសីតុណ្ហភាពលើសពី ៦៥ អង្សាសេ អាចជាកត្តាដែលអាចបង្កមហារីកនៅមនុស្ស និងអាចពាក់ព័ន្ធនឹងមហារីកបំពង់អាហារ។ ទោះយ៉ាងណា អ្នកជំនាញបញ្ជាក់ថា នៅត្រូវការការសិក្សាបន្ថែម ដើម្បីកំណត់ឱ្យបានច្បាស់ថា សីតុណ្ហភាពប៉ុន្មានដែលចាប់ផ្តើមបង្កើនហានិភ័យ។

សម្រាប់អ្នកដែលចូលចិត្តតែ ឬកាហ្វេ គន្លឹះងាយៗគឺ​កុំផឹកភ្លាមៗពេលកំពុងក្តៅខ្លាំង។ គួររង់ចាំឱ្យភេសជ្ជៈត្រជាក់ចុះបន្តិចសិន មុនពេលផឹក ជាពិសេសប្រសិនបើអ្នកមានទម្លាប់ផឹកភេសជ្ជៈក្តៅជារៀងរាល់ថ្ងៃ។ ក្រៅពីនេះ ការមិនជក់បារី និងការកាត់បន្ថយការផឹកស្រា ក៏ជាវិធីសំខាន់ក្នុងការកាត់បន្ថយហានិភ័យមហារីកបំពង់អាហារផងដែរ៕