ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​តម្លើង​អង់​តែ​ន​ទូរសព្ទ​ម្នាក់​ ធ្លាក់​ពីលើ​កម្ពស់​ជាង​៣០​ម៉ែត្រ ​បាត់បង់​ជីវិត

1 នាទី មុន

រាជធានី​ភ្នំពេញ ​៖ បុរស​ដែល​ជា​កម្មករ​តម្លើង​បង្គោល​អង់​តែ​ន​ទូរសព្ទ​ម្នាក់ ​បាន​ធ្លាក់​ពីលើ​អង់​តែ​ន ​ដែល​កំពុង​ដំណើរការ​មិន​ទាន់​រួចរាល់​តម្លើង​ កម្ពស់​ប្រមាណ​៣៥​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង​រន្ធត់ ។

ហេតុការណ៍​មួយ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀលថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​រូប​នោះ​ឈ្មោះ ​ខាន់ វុ​ទ្ធី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​តម្លើង​អង់​តែ​ទូរសព្ទ​ខាងលើ មានស្រុក​កំ​ណើ​ត​នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល​ ។

បុរស​ម្នាក់​ឈ្មោះ ហ៊​ង សេន អាយុ ២៨​ឆ្នាំ បាន​បំភ្លឺ​ប្រាប់​ឲ្យ​សមត្ថកិច្ច​ដឹង​ថា វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​កើតហេតុ រូប​គាត់​ និង​បុរស​រង​គ្រោះ​បាន​ឡើ​ង​ទៅ​លើ​បង្គោល​អង់​តែ​ន​ ដែល​កំពុង​ដំណើរការ​តម្លើង​កម្ពស់​ប្រមាណ​៣៥​ម៉ែ​ត្រ ដើ​ម្បី​តម្លើង​ដែក​បង្គោល​ត​ឡើង​ទៅ​លើ​ទៀត។ លុះ​រយៈពេល​ប្រមាណ​១០​នាទី​ក្រោយមក គឺ​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃខែឆ្នាំ​ដដែល ស្រាប់តែ​ឮ​សូរ​សំឡេង​វត្ថុ​អ្វីមួយ​ធ្លាក់​ជាមួយ​ជាមួយ​ដែក​នៅ​ខាងក្រោម។ ពេល​នោះ​គាត់​បាន​ក្រឡេក​មើល​មក​ក្រោម ក៏​បាន​ឃើញ​បុរស​រង​គ្រោះ​ឈ្មោះ​ខាន់ វុ​ទ្ធី ធ្លាក់​ទៅ​ដល់​ដី​បាត់​ទៅ​ហើ​យ រួច​ក៏​បាន​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​តែ​ម្ដង ។

ដោយឡែក​កម្មករ​ដទៃ​ទៀត​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​បាន​ឆាត​ផង ខ​ល​ផង​ទៅ​ប្រាប់​ក្រុម​គ្រួសារ​នៅ​ឯ​ផ្ទះ​ឲ្យ​ដើរ​ទារប្រាក់​ដែល​គេ​ជំពាក់​គាត់​ឲ្យ​អស់​ផង បន្ទាប់​មក​ ក៏​បាន​ឡើង​ទៅ​ធ្វើការ​នៅ​លើ​បង្គោល​អង់​តែ​ន​ទូរសព្ទ​ខាងលើ​នោះ ។ ខណៈនោះ​ដែរ ​ពុំ​មាន​នរណា​បាន​ចាប់អារម្មណ៍​ថា ​គាត់​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ដែរ ឬ​អត់​នោះ​ទេ ប៉ុន្តែ​អាច​ប្រហែលជា​អត់​ពាក់​ច្រើន​ជាង លុះដល់​ពេល​កើតហេតុ​ ស្រាប់តែ​ធ្លាក់​ពីលើ​បង្គោល​អង់​តែ​ន​នោះ​ទាំង​កំរោល បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង​រន្ធត់ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​អាជ្ញាធរ ​និង​សមត្ថកិច្ច​សង្កាត់​សាក់​សំពៅ និង​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ ពិនិត្យ​ជាក់ស្ដែង បន្ទាប់​មក​បាន​រាយការណ៍​បន្ត​ទៅ​កាន់​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​នីំ​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​សាកសព​បុរស​រង​គ្រោះ​នោះ​ផង​ដែរ ។

យោង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ ពិនិត្យ​សាកសព និង​ព័ត៌មាន​ប្រមូល​បាន ឯកឧត្តម​វេជ្ជបណ្ឌិត ជាង រ៉េ​ន​ គ្រូពេទ្យ​កោសល្យវិច័យ​ សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​ការិយាល័យ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​នីំ​ភ្នំពេញ បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ប៉ះទង្គិច​ក្បាល ​និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ ​(​ដោយ​ធ្លាក់​ពី​លើ​បង្គោល​អង់​តែ​ន​កម្ពស់​៣៥​ម៉ែត្រ​) ហើយ​ក្រោយ​ពេល​ពិនិត្យ​រួច ក៏​បាន​ប្រគល់​សាកសព​ជូន​ប្អូនប្រុស​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំ​ណើ​ត ៕