ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​កម្មករនិយោជិត​ស្នើ​កំណើន ១៥,៣​ដុល្លារ និង​អ្នក​ផ្សេង​ទៀត​ស្នើ ៤០,៦ ដុល្លារ ខណៈ​តំណាង​និយោជក​សុំ​រក្សា​តួលេខ ២១០​ដុល្លារ​ដដែល

1 នាទី មុន

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ចរចា កំណត់​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦​នេះ តំណាង​ភាគី​កម្មករនិយោជិត បាន​ស្នើ​នូវ​តួលេខ​កំណើន​របស់​ខ្លួន​ពីរ​ផ្សេង​ៗ​គ្នា ដែល​សហជីព​ភាគច្រើន ស្នើ​តួលេខ​កំណើន ១៥,៣ ដុល្លារ​អាម៉េរិក និង​មួយ​ចំនួន​ទៀត​ស្នើ​តួលេខ​កំណើន ៤០,៦​ដុល្លារ​អាម៉េរិក លើ​តួលេខ​បច្ចុប្បន្ន​ចំនួន ២១០​ដុល្លារ​អាម៉េរិក​។ ដោយឡែក តំណាង​ភាគី​និយោជក​វិញ បាន​ស្នើ​រក្សា​តួលេខ​បច្ចុប្បន្ន​ចំនួន ២១០​ដុល្លារ​អាម៉េរិក ពីព្រោះ​កន្លង​មកនេះ​តំណាង​ភាគី​និយោជក បាន​បន្ថែមចំនួន ២,៥​ដុល្លារ​អាម៉េរិក សម្រាប់​ជួយ​សម្រួល​បន្ទុក​លើ​ការ ចំណាយ​សោហ៊ុយ​ធ្វើ​ដំណើរ​រួច​ហើយ ​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​៤ ឆ្នាំ​ទី​២ លើក​ទី​២ នេះ ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​បន្ត​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៧ ​។

ឯកឧត្តម ហេង សួរ បន្ត​ថា​៖ «​ថ្ងៃនេះ​គឺជា​លទ្ធផល​ដែល​ត្រីភាគី បាន​គោល​ជំហរ​ជាបឋម​រៀង​ៗ​ខ្លួន បន្ត​មក​ភាគី​នីមួយ​ៗ​នឹង​ដកខ្លួន​ទៅ​ពិចារណា ដើម្បី​លើកយក​ការ​ពិភាក្សា​នេះ​ម្តងទៀត​នៅ​រសៀល​ថ្ងៃ​ទី ១៨ ក្នុង​ការ​ពិនិត្យ​នូវ​វឌ្ឍនភាព នៃ​គោល​ជំហរ​របស់​ភាគី​នីមួយ​ៗ​។ ក្នុង​ដំណើរការ​អង្គប្រជុំ​ព្រឹក​មិ​ញ​នេះ គឺ​ភាគី​នីមួយ​ៗ​ក៏​បាន​ពន្យល់​អំពី​ហេតុផល នៃ​ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល និង​ម្ខាង​ទៀត​ក៏​សុំ​រក្សា​ប្រាក់​ឈ្នួល​នៅ​ដដែល​ផង​ដែរ​។ អ​ញ្ចឹ​ង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា យើង​មិន​មើល​តែ​ទៅ​លើ​កម្មករនិយោជិត ដែល​នៅ​ក្នុង​ទីផ្សារ​ការងារ​ស្រាប់​ទេ យើង​ត្រូវ​គិត​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ នៅ​មាន​ភាព​ទាក់ទាញ ដើម្បី​ឱ្យ​មានការ​វិនិយោគ​បន្ថែម​។ មានការ​វិនិយោគ​បន្ថែម​ប្រាកដជា​មានការ​ងារ មានការ​ងារ​ប្រាកដជា​មាន​ចំណូល​បន្ថែម​» ។

ជាមួយ​គ្នា​នេះ​ផង​ដែរ តំណាង​សហជីព លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងជាតំណាងភាគីកម្មករនិយោជិត បានឱ្យ​ដឹង​ថា បងប្អូន​សហជីព​មានការ​គិត​ផ្សេង​ៗ​គ្នា មានការ​លើក​ឡើង​ខុស​គ្នា អ​ញ្ចឹ​ង​សម្រាប់​សហជីព​មក​ពី​ខាង​ខ្ញុំ បាន​លើកយក​តួលេខ​ចំនួន​ពីរ គឺ​២២៥​ដុល្លារ​អាម៉េរិក ហើយ​និង ២៥០​ដុល្លារ​អាម៉េរិក មាន​ន័យ​ថា ២២៥.៣​ដុល្លារ​អាម៉េរិក និង ២៥០.៦​ដុល្លារ​អាម៉េរិក ។ អ​ញ្ចឹ​ង​មាន​ន័យ​ថា សម្រាប់​ឆ្នាំ​នេះ​ទោះបីជា​យើង​ឃើញ​ថា តួលេខ​ពីរ​មែន​ក៏​ដោយ ក៏​ប៉ុន្តែ​សហជីព​យើង នឹង​ព្យាយាម​សម្របសម្រួល ដើម្បី​ពិនិត្យ​ទៅ​លើ​តួលេខ ណាមួយ​ផ្សេង​ទៀត សម្រាប់​ពិភាក្សា​គ្នា​បន្ត​ទៀត នៅ​ថ្ងៃ​ទី ១៨ ខែកញ្ញា រហូត​នឹង​អាច​បញ្ចប់​នៅ​ថ្ងៃ​៣០ ខែកញ្ញា ឆ្នាំ​២០២៦​នេះ​» ​។

គឹម ចាន់សំណាង បន្ថែម​ថា សម្រាប់​ភាគី​សហជីព​ក៏​គិត​ថា នឹង​ព្យាយាម ដើម្បី​សម្របសម្រួល​គ្នា ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា​សំឡេង​សហជីព​ក៏​មាន​មិនមែន​អត់​ទេ គឺ​យើង​មាន​សម្រាប់​ការ​សម្របសម្រួល​ឱ្យ​បងប្អូន​យើង យល់ពី​ភាព​ជាក់ស្ដែង​ថា​ស្ថានភាព​បច្ចុប្បន្ន ថា​វា​មាន​ផល​ប៉ះពាល់​អ្វីខ្លះ ។ គឺ​យើង​នឹង​ព្យាយាម​ដើម្បី​ពិនិត្យ​ទៅ​លើ​អ្វី ដែល​ជា​ការ​បង្ហាញ​របស់​លេខាធិការដ្ឋាន​ប្រាក់​ឈ្នួល ដែល​បង្ហាញ​កាលពី​ថ្ងៃ​ទី​១ ហើយ​ក៏​ដូច​ជា​ព្រឹក​មិ​ញ​នេះ គឺ​លេខាធិការដ្ឋាន​ក៏​ព្យាយាម​លើក ដើម្បី​បង្ហាញ​បញ្ជាក់​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​លក្ខណៈ​វិនិច្ឆ័យ​ទាំង ៧ ដែល​ចំណុច​នីមួយ​ៗ​យើង​ឃើញ​ថា​វា​មានការ​ប្រែប្រួល​ខ្លះ​ ។ អ​ញ្ចឹ​ង​ភាគី​សហជីព ក៏​ដូច​ជា​ភាគី​និយោជក​នឹង​ព្យាយាម ដើម្បី​សម្របសម្រួល​ក្រុម​រៀង​ៗ​ខ្លួន ដើម្បី​ឱ្យ​ឃើញ​ថា​លទ្ធផល នៃ​ការ​ទទួល​បាន​ថា​តើ​នៅ​ក្នុង​កម្រិត​ណា ៕ អត្ថបទ​សហការ